ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រី​កសិកម្ម បញ្ជា​មន្ត្រី​ជំនាញ​ទៅ​ស្រាវជ្រាវ​លើ​ករណី​កាប់​ឈើ​របស់​ក្រុមហ៊ុន​Macle Logistics នៅ​ព្រះវិហារ​
18, Nov 2020 , 4:24 pm        
រូបភាព
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម​
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម​
​ភ្នំពេញ​៖ លោក វេ​ង សាខុន រដ្ឋមន្ត្រី​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បញ្ជា​មន្ត្រី​ជំនាញ​របស់ខ្លួន ចុះទៅ​ស្រាវជ្រាវ​រក​ករណី​កាប់​ព្រៃឈើ​ខុសច្បាប់​របស់​ក្រុមហ៊ុន​Macle Logistics  នៅក្នុង​ព្រះវិហារ​។ ការចុះ​ស្រាវជ្រាវ​នេះ ធ្វើឡើង​ក្រោយពី​មាន​សារព័ត៌មាន​ក្នុងស្រុក ចុះផ្សាយ​ថា ក្រុមហ៊ុន​Macle Logistics  កំពុង​កាប់​ឈើ​ខុសច្បាប់ នៅ​ព្រះវិហារ​។​



​ក្នុងករណី​ព្រៃឈើ​នៅ​ខេត្តព្រះវិហារ​នេះ លោក វេ​ង សាខុន បាន​បញ្ជូន​លោក  អ៊ុង សំអាត រដ្ឋលេខាធិការ​ក្រសួងកសិកម្ម​, លោក​កែវ អូ​ម៉ាលី​ស្ស ប្រធាន​រដ្ឋបាល​ព្រៃឈើ និង​មន្ត្រី​ជំនាញ​ឯទៀត​នៃ​ក្រសួងកសិកម្ម ដោយមាន​អម​នឹង​ព្រះរាជអាជ្ញា ទៅពិនិត្យ​លើ​ភាពជាក់ស្តែង និង​ស្រាវជ្រាវ​រក​ការពិត​នៃ​ការកាប់​ឈើ​របស់​ក្រុមហ៊ុន​Macle Logistics រយៈពេល​៣​ថ្ងៃ​មកហើយ ។ លើសពីនេះ​លោក វេ​ង សាខុន ក៏​ប្រាប់​ឲ្យ​មន្ត្រី​ខ្លួន អញ្ជើញ​អ្នកកាសែត ដែល​ចុះផ្សាយ​ព័ត៌មាន​ពី​ការកាប់​ឈើ​នោះ មក​ជជែក​ពិភាក្សាគ្នា​ផងដែរ​។​
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​ថ្ងៃទី​១៨ វិច្ឆិកា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​យើង​កំពុងតែ​ស្រាវជ្រាវ​រក​ការពិត​[​លើ​ករណី​កាប់​ឈើ​នៅ​ព្រះវិហារ​នេះ​] ព្រោះ​ឥឡូវ​មាន​អ្នកកាសែត​មួយចំនួន​បាន​បញ្ជូន​ព័ត៌មាន​តៗ​គ្នា ដែល​មិនមែនជា​ការពិត ចាំ​ចាប់ជំរិត​ទារលុយ​យើង​។ យើង​ស្រាវជ្រាវ​រក​ការពិត​អស់​៣-៤​ថ្ងៃ​មកហើយ​…​។ ខ្ញុំ​បញ្ជា​ដាច់ខាត ត្រូវ​នាំខ្លួន​អ្នករាយការណ៍​[​អ្នកកាសែត​] ឱ្យទៅ​ជួបគ្នា និយាយ​នៅមុខ​ព្រះរាជអាជ្ញា ដើម្បី​រកឱ្យឃើញ​ភាពខុស​ត្រូវ​ហ្នឹង ថា វា​យ៉ាងម៉េច​»​។ 
 
​បើតាម​រដ្ឋមន្ត្រី​កសិកម្ម​រូបនេះ លទ្ធផល​ឬ​របាយការណ៍​ជាក់ស្តែង នៃ​ករណី​កាប់​ឈើ​នៅ​ខេត្តព្រះវិហារ​នេះ នឹង​ចេញ​ជា​ផ្លូវការ នៅ​ថ្ងៃទី​១៩ វិច្ឆិកា​។ 
 
​កាលពី​ថ្ងៃទី​១៣ វិច្ឆិកា រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ថា ក្រុមហ៊ុន​Macle Logistics  ទទួលបាន​ការអនុញ្ញាត​ឱ្យ​បង់ថ្លៃ​សួយ​សារ និង​បុព្វលាភ​ជូន​រដ្ឋ និង​កាប់​ប្រមូល​ផល អនុផល​ព្រៃឈើ ក្នុង​អនុតំបន់​II, III និង​អនុតំបន់​IV នៃ​សម្បទាន​ដី​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន PLT.Co.Ltd ដែល​ស្ថិតនៅក្នុង​ឃុំ​រៀបរយ ស្រុក​រវៀង ខេត្តព្រះវិហារ​។​
 
​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​នេះ បាន​បញ្ជាក់ថា ការបង់ថ្លៃ​សួយ​សារ និង​បុព្វលាភ​ជូន​រដ្ឋ និង​កាប់​ប្រមូល​ផល អនុផល​ព្រៃឈើ របស់​ក្រុមហ៊ុន​Macle Logistics ក្នុង​តំបន់​ខាងលើនេះ គឺ​ស្របតាម​លទ្ធផល​សារពើភ័ណ្ឌ​ប៉ាន់ស្មាន​ធនធាន​ព្រៃឈើ​របស់​រដ្ឋបាល​ព្រៃឈើ ដោយ​ត្រូវ​អនុវត្តតាម​នីតិ​វិធី​ជា​ធរមាន ។ 
 
​លោក កែវ អូ​ម៉ាលី​ស្ស ប្រធាន​រដ្ឋបាល​ព្រៃឈើ បាន​បន្ថែម​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​ថា ក្រុមហ៊ុន Macle Logistics បាន​បង់ថ្លៃ​សួយ​សារ និង​បុព្វលាភ​ជូន​រដ្ឋ ជាង​២៧​ម៉ឺន​ដុល្លារ ក្នុងការ​ប្រមូល​ផល អនុផល​ព្រៃឈើ លើដី​សម្បទាន​ដី​សេដ្ឋកិច្ច ទំហំ​៣,៤០០​ហិកតា​នេះ ទៅឱ្យ​ក្រុមហ៊ុន PLT.Co.Ltd​។​
 
​ប្រធាន​រដ្ឋបាល​ព្រៃឈើ​រូបនេះ បាន​អះអាងថា ក្រុមហ៊ុន Macle Logistics គឺ​ទើបតែ​ចុះ​ប្រមូល​ផល និង​អនុផល​ព្រៃឈើ​នៅក្នុង​តំបន់​នេះ កាលពី​ថ្ងៃទី​១២​វិច្ឆិកា ឆ្នាំ​២០២០ ហើយ​ក៏មាន​សារព័ត៌មាន​មួយចំនួន បាន​ចុះផ្សាយ​ថា ការប្រមូល​ផល​របស់​ក្រុមហ៊ុន​នេះ  ជាការ​លួច​កាប់​ព្រៃឈើ​ខុសច្បាប់ និង​ចោទប្រកាន់​ទៅ​អាជ្ញាធរ​ថាបើ​កដៃ​ក្រុមហ៊ុន​បំផ្លាញ​សម្បត្តិ​ធម្មជាតិ​ជាតិ​។ បើតាម លោក​កែវ អូ​ម៉ាលី​ស្ស ដី​ក្នុង​នៅ​តំបន់​នេះ ត្រូវបាន​ក្រសួងកសិកម្ម សម្បទាន​ឱ្យ​ក្រុមហ៊ុន PLT.Co.Ltd តាំង​ឆ្នាំ​២០០៨​មក​ម្លេះ សម្រាប់​វិនិយោគ​លើ​ការដាំ​ដំណាំ​កសិឧស្សាហកម្ម ដូចជា ដាំ​ដើម​ចន្ទន៍​ក្រ​ស្នា​, ដាំ​ស្វាយចន្ទី និង​ដាំ​កៅស៊ូ ជាដើម​។ 
 
​ជាមួយគ្នានេះ សារព័ត៌មាន​ថ្មីៗ​មិនអាច​សុំ​ការអត្ថាធិប្បាយ ឬ​ការបញ្ជាក់​ណាមួយ​ពី​ក្រុមហ៊ុន​Macle Logistics នា​ថ្ងៃទី​១៨ វិច្ឆិកា​បានឡើយ ដោយ​បុគ្គលិកនៃក្រុមហ៊ុន​នេះអះអាងថា មិនទាន់​ទទួលបាន​អនុញ្ញាត​ពី​ម្ចាស់​ក្រុមហ៊ុន​៕ 
 

Tag:
 ព្រៃឈើ​
  ព្រះវិហារ​
© រក្សាសិទ្ធិដោយ thmeythmey.com