កីឡាជាតិ
ជាតិ
ក្រោយ​អវត្តមាន​ពេញ​១​រដូវ​កាល កីឡាករ សុខ សុវណ្ណ បាន​ដើរ​ដល់​ផ្លូវបំបែក​ជាមួយ​ភ្នំពេញ​ក្រោ​ន​
18, Nov 2020 , 11:29 pm        
រូបភាព
កីឡាករ សុខ សុវណ្ណ ពេលចូលរួមជាមួយភ្នំពេញក្រោនកាលពីឆ្នាំ២០១៩
កីឡាករ សុខ សុវណ្ណ ពេលចូលរួមជាមួយភ្នំពេញក្រោនកាលពីឆ្នាំ២០១៩
ដោយ:
​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន​នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ បានប្រកាស​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ ពី​ចែកផ្លូវ​ជាមួយ​ខ្សែការពារ សុខ សុវណ្ណ ក្រោយ​រួមរស់​ជាមួយគ្នា​បាន​ជាង​១​ឆ្នាំ​។ ក្រុម​លេខ​៣​លី​គ​កំពូល​ឆ្នាំ​២០២០ មួយ​នេះ ក៏បាន​ចែកផ្លូវ​ជាមួយ​កីឡាករ​បរទេស និង​កម្ពុជា​ពីររូប​ទៀតផង​ដែរ កាលពីពេល​ថ្មីៗ​។

 
​ខ្សែការពារ សុខ សុវណ្ណ បាន​ចុះកិច្ចសន្យា​លេង​ឲ្យ​ក្លិប​ភ្នំពេញ​ក្រោ​ន​នៅ​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៩ ក្នុងអំឡុងពេល​ទីផ្សារ​ដោះដូរ​កីឡាករ​បើក​លើក​ទី​ពីរ​។ ក្រោយ​បង្ហាញខ្លួន​យ៉ាង​ល្អជា​មួយក្រុម​ត្រឹម​ពាក់កណ្តាល​រដូវ​កាល កីឡាករ​រូបនេះ ត្រូវបាន​ក្លិប​ភ្នំពេញ​ក្រោ​ន បន្ត​កិច្ចសន្យា​ឲ្យ​លេង នៅ​រដូវ​កាល​ឆ្នាំ​២០២០​។ 
 
​ប៉ុន្តែ​នៅ​រដូវ​កាល​ឆ្នាំ​២០២០ អតីត​ខ្សែការពារ​ក្លិប​បឹងកេត​រូបនេះ ពុំបាន​បង្ហាញខ្លួន​លើ​ទីលាន​ជាមួយ​ក្រុម​នោះទេ​។ ការ​អវត្តមាន​នេះ ដោយសារ​រូបគេ​មាន​បញ្ហា​របួស​ជង្គង់​ខាងឆ្វេង ដែល​បាន​វះកាត់​កាលពី​ចុងខែ​មីនា ឆ្នាំ​២០២០​។ សុវណ្ណ បាន​រងរបួស​ជង្គង់​ខាងឆ្វេង​ពេល​ប៉ះទង្គិច​គ្នា​ជាមួយ​កីឡាករ​សូល​ទី​ឡូ​អង្គរ នា​ជំនួប​មិត្តភាព​រវាង​ក្រុម​ភ្នំពេញ​ក្រោ​ន​ជាមួយ​សូល​ទី​ឡូ​អង្គរ មុន​បើក​រដូវ​កាល​ឆ្នាំ​២០២០​។ 
 
​ការ​អវត្តមាន​ពេញ​មួយ​រដូវ​កាល​អាចជា​មូលហេតុ​មួយ ដែល​ធ្វើ​ឲ្យ​ការរួមរស់​រវាង​កីឡាករ សុខ សុវណ្ណ ជាមួយ​ក្លិប​ភ្នំពេញ​ក្រោ​ន​បាន​ឈាន​ផ្លូវបំបែក​។ តែ​យ៉ាងណា យើង មិន​បានដឹង​មូលហេតុ​ច្បាស់លាស់​នៃ​ការចែក​ផ្លូវ​នេះឡើយ​។ ក្រោយ​ប្រកាស​ពី​ការចែក​ផ្លូវ ក្លិប​ភ្នំពេញ​ក្រោ​ន ជូនពរ​ឲ្យ​កីឡាករ សុខ សុវណ្ណ ទទួលបាន​ជោគជ័យ​ក្នុង​វិថី​មួយ​នេះ​។ 
 
​កាលពីពេល​កន្លងទៅ​ថ្មីៗ ក្លិប​ដែល​ទើប​ដំឡើង​តួនាទី​លោក ស៊ុំ វណ្ណា ពី​គ្រូបង្វឹក​ទៅជា​នាយក​បច្ចេកទេស​មួយ​នេះ ក៏បាន​ចែកផ្លូវ​ជាមួយ​កីឡាករ​ពីររូប​ទៀតផង​ដែរ​។ កីឡាករ​ទាំងនោះ​រួមមាន​អ្នកចាំទី ឈិន ឆៃ​នុត និង​កីឡាករ​ជនជាតិ​ជប៉ុន Ideguchi Masaki ក្រោយ​រួមរស់​ជាមួយគ្នា​បាន​មួយ​រដូវ​កាល​៕ 
 
 

Tag:
 ​បាល់ទាត់​
  សុខ សុវណ្ណ​
  ភ្នំពេញ​ក្រោ​ន
© រក្សាសិទ្ធិដោយ thmeythmey.com