COVID-19
ជាតិ
ក្រោយ​ឆ្លង​ផុត​ព្រឹត្តិការណ៍ ៣ វិច្ឆិកា សម្ដេច ហ៊ុន សែន សម្រេច​អនុញ្ញាត​ឲ្យ​រៀបចំ​អាពាហ៍ពិពាហ៍​ឡើងវិញ​
18, Nov 2020 , 9:25 pm        
រូបភាព
​ភ្នំពេញ​៖ សម្ដេច ហ៊ុន សែន បានប្រកាស​ឲ្យ​ពលរដ្ឋ​រៀបចំ​អាពាហ៍ពិពាហ៍​ធម្មតា​ឡើងវិញ ក្រោយពី​អ្នក​ជាប់​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​៣ វិច្ឆិកា ជាង​១​ពាន់​នាក់ អវិជ្ជមាន​កូ​វីដ​-១៩ នៅពេល​ធ្វើតេស្ត​សុខភាព​ចុងក្រោយ​នេះ​។ នេះ​បើតាម​សារ​សំឡេង​របស់​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។​


 
​សម្ដេច ហ៊ុន សែន ក៏បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ជួយ​សម្របសម្រួល​ដល់​ការរៀប​អាពាហ៍ពិពាហ៍​របស់​ពល​រដ្ឋ​ផងដែរ​។ ជាពិសេស​ការរៀបចំ​ឲ្យ​មានការ​អនុវត្តតាម​វិធានការ​របស់​ក្រសួងសុខាភិបាល​ឲ្យ​ត្រឹមត្រូវ សម្រាប់​ភ្ញៀវ​ចូលរួម​អាពាហ៍ពិពាហ៍​នោះ​។​
 
​ចំពោះ​លទ្ធផល​អ្នកធ្វើ​តេស្ត ដែល​នឹងត្រូវ​ប្រកាស​នោះ រួមមាន​អ្នកធ្វើ​តេស្ត​នៅ​ភ្នំពេញ ១៥៦៩​នាក់ (​មាន​ជនជាតិ​ហុង​គ្រី​ចំនួន​៥​នាក់​) ,​ខេត្តកណ្តាល ៦៧​នាក់ ,​ខេត្តពោធិសាត់ ៤០​នាក់ ,​ខេត្តព្រៃវែង ២៣​នាក់ និង​ខេត្តកំពង់ធំ ៣​នាក់ ដែល​ក្រសួងសុខាភិបាល​នឹងត្រូវ​ប្រកាស​នៅ​ថ្ងៃទី​១៩ វិច្ឆិកា ។ លទ្ធផល​អ្នកធ្វើ​តេស្ត​នៅ​ខេត្តកំពង់ឆ្នាំង​១១​នាក់ នឹងត្រូវ​ប្រកាស ថ្ងៃទី​២១ វិច្ឆិកា ។ ចំណែក​អ្នកធ្វើ​តេស្ត​នៅ​ខេត្ត​កែប ១៨​នាក់ ,​ខេត្ត​ព្រះសីហនុ ៤០​នាក់ ខេត្តកំពង់ចាម​១​នាក់ នឹងត្រូវ​បង្ហាញ​លទ្ធផល​នៅ​ថ្ងៃទី​២៣ វិច្ឆិកា​។ រីឯ​លទ្ធផល​អ្នកធ្វើ​តេស្ត​នៅ​ខេត្តព្រះវិហារ ២០​នាក់ ខេត្តរតនគិរី​១០​នាក់ នឹងត្រូវ​ប្រកាស​នា​ថ្ងៃទី​២៥ វិច្ឆិកា​។ 
 
​បើតាម​សម្ដេច ហ៊ុន សែន ការបិទ​បញ្ចប់​ព្រឹត្តិការណ៍ ៣ វិច្ឆិកា នៃ​ការទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ នេះ នឹង​អាច​ប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២៥ វិច្ឆិកា ។​

អត្ថបទទាក់ទង
 
 
​ការធ្វើ​តេស្ត​៣​លើក​កន្លងមក គឺមាន​មនុស្ស​៤​នាក់​ប៉ុណ្ណោះ វិជ្ជមាន​កូ​វីដ​-១៩ រួមមាន​លោក សួស យ៉ា​រ៉ា តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​, លោក ស ចិ​ត្រា អគ្គលេខាធិការរង​ក្រសួងកសិកម្ម និង​ទូត​ហុង​គ្រី​ប្រចាំ​កម្ពុជា និង​វៀតណាម រួមទាំង​អង្គរក្ស​ម្នាក់​។ ប៉ុន្តែ​លោក សួស យ៉ា​រ៉ា បានជា​សះស្បើយ​ពី​កូ​វីដ​-១៩​ហើយ កាលពី​ថ្ងៃទី​១៦ វិ​ច្ឋិ​កា​។​
 
​គិត​ត្រឹម​ថ្ងៃទី​១៨​វិច្ឆិកា ឆ្នាំ​២០២០ កម្ពុជា រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ចំនួន​៣០៤​នាក់ ដោយ​ក្នុងនោះ មាន​៣០៤​នាក់ បានជា​សះស្បើយ និង​១៣​នាក់​ទៀត កំពុង​ព្យាបាល​៕

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com