សង្គមអន្តរជាតិ​
អន្តរជាតិ
មន្ត្រី​បក្ស​សាធារណរដ្ឋ ទទូច​ឲ្យ​រដ្ឋបាល​អាមេរិក​ធ្វើការ​សិ្ន​ទ្ធ​ជាមួយ​សម្ព័ន្ធមិត្ត​ដើម្បី​ខ្ទប់​ឥទ្ធិពល​ចិន​
19, Nov 2020 , 11:59 am        
រូបភាព
ប្រធានគណៈកម្មាធិការព្រឹទ្ធសភាទទួលបន្ទុកកិច្ចការបរទេស មកពីបក្សសាធារណរដ្ឋ លោក Jim Risch ។ រូបភាព៖ AFP
ប្រធានគណៈកម្មាធិការព្រឹទ្ធសភាទទួលបន្ទុកកិច្ចការបរទេស មកពីបក្សសាធារណរដ្ឋ លោក Jim Risch ។ រូបភាព៖ AFP
ដោយ:
២​ខែ​មុន​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ចាក​ចេញពី​សេត​វិមាន ប្រធាន​គណៈកម្មាធិការ​កិច្ចការបរទេស ព្រឹទ្ធសភា​មកពី​បក្ស​សាធារណរដ្ឋ លោក Jim Risch បានចេញ​របាយការណ៍​មួយ​នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ដោយ​ទទូច​ឲ្យ​ក្រុង​វ៉ាស៊ីនតោន​ធ្វើការ​ឲ្យ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​សម្ព័ន្ធមិត្ត​អឺរ៉ុប ក្នុង​គោលដៅ​រាំងខ្ទប់​ឥទ្ធិពល​ចិន​។

 
«​ខ្ញុំ​ចាត់ទុក​បញ្ហា​គោលនយោបាយ​ការបរទេស​ជា​អាទិភាព​ចម្បង​ដាច់​គេ​ក្នុង​អាណត្តិ​យើង​»​។  លោក Jim Risch អះអាង​បែបនេះ មុននឹង​ចោទ​ចិន​ថា​ព្យាយាម​បំផ្លាញ​វឌ្ឍនភាព សន្តិសុខ និង​អភិបាលកិច្ច​ល្អ​នៅ​គ្រប់​ច្រករហក​ទាំងអស់​នៅ​ជុំវិញ​សកលលោក​។  
 
​ក្នុងនាម​ជា​ប្រធាន​គណៈកម្មាធិការ​បន្ទុក​កិច្ចការបរទេស​របស់​ព្រឹទ្ធសភា​ដ៏​មាន​ឥទ្ធិពល លោក Risch លើក​យោបល់​ថា សហរដ្ឋអាមេរិក ត្រូវ​ត្រៀមលក្ខណៈ​ធ្វើការ​ឲ្យ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​ដៃគូ​និង​សម្ព័ន្ធមិត្ត​របស់ខ្លួន  ដើម្បី​រាំងខ្ទប់​ឥទ្ធិពល​ចិន​។ 
 
​លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​ជិត​អស់​អាណត្តិ បាន​ចាត់​ជំហរ​រឹងត្អឹង​ជាមួយ​ក្រុង​ប៉េកាំង តែ​ក៏បាន​រិះគន់​សម្ព័ន្ធមិត្ត​នៅ​អឺរ៉ុប និង​អាស៊ី​ដែរ​។ លោក ត្រាំ ចោទ​ប្រទេស​ទាំងនោះ​ថា កេងចំណេញ​ថ្លៃ​ការពារជាតិ​ពី​អាមេរិក ហើយ​ដាក់​សម្ពាធ​ពួកគេ​បង្កើន​ការចំណាយ​យោធា​បន្ថែម​។ ចំណែក លោក បៃ​ឌិន  ដែល​នឹង​ស្បថ​ចូលកាន់​តំណែង​នា​ថ្ងៃទី ២០ ខែមករា បានប្រកាស​ជំហរ​ស្តារ​ទំនាក់ទំនង​ជាមួយ​សម្ព័ន្ធ​មិត្ត​អាមេរិក ដែល​លោក​ចាត់ទុកជា​ប្រភព​ស្នូល​នៃ​កម្លាំង​ក្នុងការ​ទប់ទល់​នឹងរ​ដ្ឋា​ភិ​បាល​ក្រុង​ប៉េកាំង ។​
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក David McAllister សមាជិកសភា​អឺរ៉ុប បាន​លើកឡើងថា វា​ដល់ពេល​សម្រាប​ស្តារ​ភាពជា​ដៃគូ និង​ពង្រឹង​ចំណងទាក់ទង​រវាង​អឺរ៉ុប​និង​អាមេរិក​។ ម្យ៉ាងទៀត លោក​ក៏​ទទូច​ឲ្យ​ក្រុង​វ៉ាស៊ីនតោន​បង្កើន​ការចូលរួម​ក្នុង​អង្គការ​អន្តរជាតិ ដូចជា អង្គការ​សុខភាព​ពិភពលោក ជាដើម ដែល​លោក​ត្រាំ​បានប្រកាស​ដកចេញ​ក្នុងឆ្នាំនេះ​។ 
 
​របាយការណ៍​របស់លោក Risch បានបញ្ជាក់​ទៀតថា បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ ត្រូវធ្វើ​សកម្មភាព​បន្ថែមទៀត​ដើម្បី​ប្រយុទ្ធប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ ប​ង្កើ​សមត្ថភាព​អ្នកជំនាញ​លើ​ប្រទេស​ចិន និង​ការពារ​ភាពថ្លៃថ្នូរ​នៃ​ស្ថាប័ន​អន្តរជាតិ ដូចជា អង្គការសហប្រជាជាតិ នៅ​ចំពោះមុខ​កំណើន​នៃ​ឥទ្ធិពល​ចិន​។​
 
​លោក Risch ទើបតែ​ជាប់ឆ្នោត​ឡើងវិញ​ជា​សមាជិក​ព្រឹទ្ធសភា​មកពី​រដ្ឋ Idaho ។ លោក នឹង​បន្ត​រក្សា​កៅអី​ជា​ប្រធាន​គណៈកម្មាធិការ​ព្រឹទ្ធសភា​ទទួលបន្ទុក​កិច្ចការបរទេស ប្រសិនបើ​បក្ស​សាធារណរដ្ឋ​បន្តកាន់កាប់​សំឡេង​ភាគច្រើន​ក្នុង​ព្រឹទ្ធសភា​។ លទ្ធផល​បោះឆ្នោត​សមាជិក​ព្រឹទ្ធសភា នឹងត្រូវ​រង់ចាំ​ដល់​ខែមករា នៅពេល Georgia រៀបចំ​ការបោះឆ្នោត​ម្ដងទៀត​ដើម្បី​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​២​រូប​ចុងក្រោយ​៕ 
 
 

Tag:
 ចិន​
  សហរដ្ឋអាមេរិក​
  ព្រឹទ្ធសភា​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com