ជាតិ
សង្គមជាតិ
នាយកចាត់ការអន្តរវិស័យ ដែលប៉ុនប៉ងឃាតកម្មលើព្រះរាជអាជ្ញារងខេត្តកំពង់ធំ ត្រូវជាប់ឃុំ
× ភ្នំពេញ៖ ចៅក្រមស៊ើបសួរតុលាការខេត្តសៀមរាប ចេញដីកានៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ បង្គាប់ឲ្យយកលោក ម៉ៅ ប៊ុនធូរ នាយកទីចាត់ការអន្តរវិស័យនៃសាលាខេត្តកំពង់ធំ ទៅឃុំបណ្តោះអាសន្ន ពីបទប៉ុនប៉ងឃាតកម្ម។ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានផ្ទេរសំណុំរឿងនេះ ពីសាលាដំបូងខេត្តកំពង់ ទៅឲ្យសាលាដំបូងខេត្តសៀមរាប ចាត់ការវិញ។
លោក ម៉ៅ ប៊ុនធូរ រងពីបទប៉ុនប៉ងឃាតកម្ម ដោយសារមានការអះអាងថា លោក យកកាំបិតចាក់លោក សាយ វាសនា ជាព្រះរាជអាជ្ញារងខេត្តកំពង់ធំ។ លោក កើត រិទ្ធ បញ្ជាក់ក្នុងលិខិតផ្ទេរសំណុំរឿងថា ការសម្រេចផ្ទេរសំណុំរឿងនេះ ពីតុលាការខេត្តកំពង់ធំ ទៅតុលាការខេត្តសៀមរាប គឺដើម្បីធានាប្រយោជន៍សាធារណៈ និងដំណើរការល្អនៃយុត្តិធម៌តុលាការ។
លោក សាយ វាសនា ជាជនរងគ្រោះ បានប្តឹងលោក ម៉ៅ ប៊ុនធូរ ជាជនសង្ស័យ ពីបទប៉ុនប៉ងឃាតកម្ម។ ក្នុងពាក្យបណ្តឹង លោក សាយ វាសនា ដែលជាព្រះរាជអាជ្ញារងនោះ ទាមទារសំណង១លានដុល្លារពីលោក ម៉ៅ ប៊ុនធូរ។
លោក សាយ វាសនា រៀបរាប់ពីហេតុការណ៍ក្នុងពាក្យបណ្តឹងថា កាលពីយប់ថ្ងៃទី១៦ ខែវិច្ឆិកា លោក បានទៅពិសាអាហារក្នុងភោជនីយដ្ឋានជ្រោះពេជ្រចិន្តា សង្កាត់ដំរីជាន់ខ្លា ស្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយក្នុងបន្ទាប់របស់លោក មានសុទ្ធតែថ្នាក់ដឹកនាំកងកម្លាំង ដូចជា លោក ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ លោក ឃុន ប៊ុនហូ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ និង លោក ព្រហ្ម វាសនា អនុប្រធានមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខកងរាជអាវុហត្ថខេត្តកំពង់ធំ ជាដើម។
លោក សាយ វាសនា បន្តថា លោក ម៉ៅ ប៊ុនធូរ ក៏ចូលទៅពិសាអាហារក្នុងភោជនីយដ្ឋាននោះដែរ ដោយអង្គុយក្នុងបន្ទប់ក្បែរគ្នា ហើយពេលនោះ លោក ម៉ៅ ប៊ុនធូរ បានយកកាំបិតបម្រុងទៅចាក់លោក។ អ្នកដែលនៅបន្ទប់ទទួលទានអាហារជាមួយលោក ប៊ុនធូរ រួមមាន លោក សុខ លូ អភិបាលខេត្តកំពង់ធំ លោក ប៉ែនវណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ និង លោក ទូច សុខា អភិបាលស្រុកសន្ទុក ជាដើម នាំគ្នាជួយសម្របសម្រួល៕
© រក្សាសិទ្ធិដោយ thmeythmey.com