សង្គមអន្តរជាតិ​
អន្តរជាតិ
ទីប្រឹក្សា​សន្តិសុខ​លោក ត្រាំ ទៅ​វៀតណាម​និង​ហ្វីលីពីន​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ​
19, Nov 2020 , 9:59 pm        
រូបភាព
ទីប្រឹក្សាសន្តិសុខជាតិអាមេរិក Robert O
ទីប្រឹក្សាសន្តិសុខជាតិអាមេរិក Robert O'Brien។ រូបភាព AFP
​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក Robert O’Brien កំពុងធ្វើដំណើរ​ទៅកាន់​ប្រទេស​តំបន់​អាស៊ីអាគ្នេយ៍​ចំនួន​ពីរ គឺ​វៀតណាម និង​ហ្វីលីពីន​។ នេះ​បើតាម​ការប្រកាស​របស់​ក្រុមប្រឹក្សាសន្តិសុខ​សេត​វិមាន​នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា​។ ដំណើរ​ទស្សនកិច្ច​មន្ត្រី​ជាន់ខ្ពស់​ផ្នែក​សន្តិសុខ​នេះ មាន​គោលដៅ​ជជែក​ពី​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ​ទ្វេភាគី ពិសេស​ក្ដីបារម្ភ​ដូចគ្នា​ពាក់ព័ន្ធ​សកម្មភាព​របស់​ចិន​។​

 
​បើតាម​សារ​នៅ​បណ្ដាញ​សង្គម Twitter ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​នៃ​សេត​វិមាន​បញ្ជាក់ថា លោក Robert O’Brien នឹង​ជួប​ជាមួយ​មេដឹកនាំ​ប្រទេស​ដៃគូ​ទាំងពីរ គឺ​វៀតណាម និង​ហ្វីលីពីន ដើម្បី​បញ្ជាក់​ពី​ភាពរឹងមាំ​ទំនាក់ទំនង​ទ្វេភាគី និង​ពិភាក្សា​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ​ក្នុង​តំបន់​។​
 
​លោក O’Brien នឹង​ស្នាក់នៅ​វៀតណាម​ពីរ​ថ្ងៃ មុន​បន្តដំណើរ​ទៅ​ហ្វីលីពីន​។ នៅ​ទីក្រុង​ហាណូយ មន្ត្រី​សន្តិសុខ​រូបនេះ នឹង​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី ង្វៀន ស៊ួ​ន​ហ្វុ​ក និង​មន្ត្រី​ទទួលបន្ទុក​សន្តិសុខរ​បស់​វៀតណាម​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។ ដំណើរ​ទស្សនកិច្ច​រប​ស់លោក O’Brien កើតឡើង​ពីរ​សប្ដាហ៍​ក្រោយ​ទស្សនកិច្ច​លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ រដ្ឋមន្ត្រីការបរទេស ដែល​ធ្វើឡើង​ចំពេល​ខួប​២៥​ឆ្នាំ​នៃ​ការស្ដារ​ទំនាក់ទំនង​ការទូត​។​
 
​ទំនាក់ទំនង​អាមេរិក និង​វៀតណាម កាន់តែ​ល្អប្រសើរ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ស្របពេល​ប្រទេស​ទាំងពីរ​មាន​ត្រូវការ​គ្នា​ដើម្បី​ទប់ទល់​ឥទ្ធិពល​ចិន បើទោះជា​អាមេរិក​បន្ត​រិះគន់​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​វៀតណាម​ក្ដី​។ ទាក់ទង​រឿង​សិទ្ធិមនុស្ស​នេះ លោក O’Brien ក៏​អាច​យក​បញ្ហា​នេះ​ទៅតាម​ដែរ​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ហ្វីលីពីន​។ 
 
​ដ្បិត​ជា​សម្ព័ន្ធមិត្ត​ចាស់​ឆ្នាំ​មែន ទំនាក់ទំនង​អាមេរិក និង​ហ្វីលីពីន ប្រែជា​ល្អក់កករ​ក្នុង​រដ្ឋបាល​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ដែល​កាច់ចង្កូត​ហ្វីលីពីន​ខ្លាំង​ទៅរក​ចិន ដែលជា​គូប្រជែង​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ អាមេរិក ក៏​ធ្លាប់​រិះគន់​ទីក្រុង​ម៉ានីល​រឿង​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​ដែលមាន​មនុស្ស​រាប់ពាន់នាក់​បាត់បង់​ជីវិត​ដែរ​។​
 
​ទោះជា​យ៉ាងណា ការប្រឈមមុខ​ជាមួយ​ចិន តម្រូវ​ឲ្យ​វៀតណាម និង​អាមេរិក​ដែលជា​អតីត​គូសត្រូវ​ក្នុង​សង្គ្រាម​វៀតណាម ក៏ដូចជា​ហ្វីលីពីន និង​អាមេរិក​ដែល​កំពុង​មិនត្រូវ​គ្នា បែរមុខ​រកគ្នា​វិញ​។ ទាំង​ហ្វីលីពីន ទាំង​វៀតណាម សុទ្ធតែ​ត្រូវការ​ឥទ្ធិពល​អាមេរិក​ដើម្បី​ទប់ទល់​អានុភាព​របស់​ចិន​ក្នុង​សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង​៕
 
 
 

Tag:
 អាមេរិក​
  វៀតណាម​
  ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com