អន្តរជាតិ
បក្សលោកស្រី ស៊ូជី សន្យាតែងតាំងមន្ត្រីឲ្យត្រូវតំណែងនៅអាណត្តិក្រោយ អ្នកគាំទ្របក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យ កាន់រូបលោកស្រី អ៊ុងសាន ស៊ូជី ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា។ រូបភាព៖ Reuters
× បក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) នឹងរើសមន្ត្រីឲ្យត្រូវតំណែងក្នុងគណៈរដ្ឋមន្ត្រីសហភាព និងរដ្ឋាភិបាលរដ្ឋ និងតំបន់សម្រាប់អាណត្តិខាងមុខ។ អនុប្រធានបក្ស NLD លោក Zaw Myint Maung បានលើកឡើងបែបនេះ នៅថ្ងៃទី១៧ ខែវិច្ឆិកា។ ការសន្យាធ្វើកំណែទម្រង់ លើបេក្ខជនរដ្ឋមន្ត្រីបែបនេះ កើតឡើង បន្ទាប់ពីរដ្ឋាភិបាលមីយ៉ាន់ម៉ាក្នុងអាណត្តិនេះ ត្រូវរងការរិះគន់យ៉ាងខ្លាំង ជុំវិញការតែងតាំងបុគ្គល មិនឲ្យត្រូវនឹងតំណែង និងមានបញ្ហាអំពើពុករលួយជាដើម។
បន្ទាប់ពីចូលកាន់តំណែងនៅក្នុងឆ្នាំ២០១៥ បក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ ដែលដឹកនាំដោយទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី បានរងការរិះគន់យ៉ាងខ្លាំង ជុំវិញការតែងតាំងមនុស្សមិនត្រូវនឹងតំណែង។ រដ្ឋមន្ត្រីនៅកម្រិតសហព័ន្ធ ថ្នាក់តំបន់ និងរដ្ឋខ្លះ បានប្រព្រឹត្តអំពើពុករលួយ និងប្រព្រឹត្តកំហុសមួយចំនួន ខណៈរដ្ឋមន្ត្រីខ្លះទៀត បានបំពេញកិច្ចការមិនដូចនឹងការរំពឹងទុករបស់ប្រជាជន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Irrawaddy។
ទាក់ទិននឹងបញ្ហានេះ បក្ស NLD ដែលឈ្នះឆ្នោតភ្លូកទឹកភ្លូកដី បានសន្យាថា នឹងធ្វើកំណែទម្រង់ជុំវិញបញ្ហាខាងលើ ដើម្បីឲ្យរដ្ឋាភិបាលអាណត្តិក្រោយ អាចដឹកនាំកាន់តែមានប្រសិទ្ធិភាពជាងមុន។ «វាប្រាកដណាស់ថា អ្នកមានសមត្ថភាពនឹងត្រូវបានជ្រើសតាំងជាតំណែងរដ្ឋមន្ត្រី [នៅអាណត្តិក្រោយ]»។ លោក Zaw Myint Maung អនុប្រធានបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ បានលើកឡើងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយ។
រដ្ឋាភិបាលមីយ៉ាន់ម៉ាថ្មី នឹងចូលកាន់តំណែងនៅក្នុងខែមីនា ឆ្នាំ២០២១។
ជាមួយគ្នានេះ លោក Zaw Myint Maung បានបន្ថែមទៀតថា លោកស្រី ស៊ូជី បានដឹងពីបញ្ហារបស់រដ្ឋមន្ត្រីមួយចំនួនរួចហើយ ចំណែកពាក្យត្អូញត្អែររបស់ប្រជាជនលើរដ្ឋមន្ត្រីទាំងនោះ ក៏បានបញ្ចូលទៅគណៈកម្មាធិការប្រតិបត្តិកណ្តាលរបស់បក្ស ដើម្បីពិនិត្យរួចហើយដែរ។
កន្លងមក ប្រជាជនមីយ៉ាន់ម៉ាជាច្រើន ក៏បានទាមទារឲ្យរដ្ឋមន្ត្រីសហព័ន្ធ ថ្នាក់តំបន់ និងរដ្ឋ ត្រូវមានបទពិសោនយោបាយខ្លះដែរ។ ជាអ្នកឆ្លើយតប អនុប្រធានបក្ស NLD បានបញ្ជាក់ថា រដ្ឋមន្ត្រីមួយចំនួនចាំបាច់ ត្រូវបទពិសោធលើជំនាញបច្ចេកទេសខ្លះដើម្បីកសាងប្រទេស។
សូមបញ្ជាក់ថា បក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ បានឈ្នះឆ្នោត និងកាន់កាប់អាសន្នយ៉ាងច្រើននៅក្នុងសភាសភាព។ ចំនួនឆ្នោតគាំទ្រក្នុងឆ្នាំ២០២០នេះ គឺមានរហូតដល់ ៣៩៦កៅអី ពោលគឺមានចំនួនច្រើនជាងលទ្ធផលកាលពីឆ្នាំ២០១៥ ដែលមានចំនួន ៣៩០។ ចំណែកបក្សប្រឆាំង ទទួលបានសំឡេងតិចតួចប៉ុណ្ណោះ នៅក្នុងសភាសហភាព៕
© រក្សាសិទ្ធិដោយ thmeythmey.com