COVID-19
ជាតិ
របាយការណ៍​៖ កម្ពុជា​លេខ​៣​ក្នុង​ពិភពលោក​, លេខ​១​នៅ​អាស៊ី ក្នុងការ​គ្រប់គ្រង​ការឆ្លង​កូ​វីដ​១៩
20, Nov 2020 , 11:49 am        
រូបភាព
​កម្ពុជា​គឺជា​កូនសិស្ស​ល្អ​ម្នាក់​ក្នុងចំណោម​ប្រទេស​ទាំង​១៦៦​នៅលើ​ពិភពលោក ដែល​ស្ថិតនៅក្នុង​បញ្ជី​វាយតម្លៃ​របស់​ការិយាល័យ​ចក្ខុវិស័យ​សេដ្ឋកិច្ច​រប​ស់​ប្រទេស​សេ​ណេ​ហ្កា​ល់ (Le Bureau de Prospective Economique) ស្តីអំពី​ស​ន្ទ​ស្សន៍​នៃ​ស្ថានភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូ​វីដ​-១៩​។​

 
​កម្ពុជា​បានជា​ប់​ចំណាត់ថ្នាក់​លេខ​៣​ក្នុង​កម្រិត​ពិភពលោក (​ចំណោម​១៦៦​ប្រទេស​) និង​ស្ថិតនៅលើ​លេខ​រៀង​លើ​គេ​នៅក្នុង​កម្រិត​អាស៊ី ដែល​ត្រូវបាន​ទទួលស្គាល់ថា ជា​ប្រទេស​ដែលមាន​ស្ថានភាព​គ្រប់គ្រង​ការឆ្លង​រាលដាល និង​ការគ្រប់គ្រង​ផលប៉ះពាល់​បានល្អ​ជាងគេ​។ លទ្ធផល​នេះ​ត្រូវបាន​ប្រកាស​ដោយ​ការិយាល័យ​ចក្ខុវិស័យ​សេដ្ឋកិច្ច​រប​ស់​ប្រទេស​សេ​ណេ​ហ្កា​ល់​កាលពី​ថ្ងៃទី​១៦​ខែវិច្ឆិកា​កន្លងទៅ​ថ្មីៗ​នេះ​។​
 
​ចំណាត់ថ្នាក់​លេខ​១ និង​លេខ​២ បាន​ទៅលើ​ប្រទេស សាំង​ឃី​ត និង ណេ​វី​ស (Saint Kitts and Nevis) និង ប្រទេស សី​ស្ហែ​ល (Seychelles)​។ រីឯ​ប្រទេស​ដែល​ជាប់​ចំណាត់ថ្នាក់​នៅ​បន្ទាប់ពី​កម្ពុជា គឺ​ប្រទេស​នូ​វែ​ល​កាឡេ​ដូ​នី (Nouvelle Calédonie) និង​ប្រទេស​ស៊ូដង់​ខាងត្បូង​។ ផ្ទុយទៅវិញ ក្នុងចំណោម​ប្រទេស​ទាំង​១៦៦ ដែល​ត្រូវបាន​ជ្រើសរើស​យកមក​វាយតម្លៃ ប្រទេស​ដែលជា​ប់​ចំណាត់ថ្នាក់​អាក្រក់​ជាងគេ​គឺ ហ្ស៊​កដា​នី​, អេ​ស្ប៉ា​ញ​, អាហ្វ្រិក​ខាងត្បូង​, បារាំង​ជាដើម​។​
 
​ពិន្ទុ​ល្អ​របស់​កម្ពុជា​ក្នុង​កម្រិត​ពិភពលោក បានធ្វើឱ្យ​កម្ពុជា​ឈរ​នៅ​លំដាប់ថ្នាក់​លេខ​មួយ​ជា​សិស្ស​ល្អ​ក្នុងការ​គ្រប់គ្រង​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​បានល្អ នៅក្នុង​ទ្វីបអាស៊ី​។ ប្រទេស​ថៃ ព្រុយ​ណេ និង​ប្រទេស​អ៊ូ​ស​បេ​គី​ស្ថាន​បានជា​ប់​ចំណាត់ថ្នាក់​លេខ​២ លេខ​៣ និង​លេខ​៤ ក្រោយ​កម្ពុជា​នៅក្នុង​តំបន់​អាស៊ី​។​
 
​ការវាយតម្លៃ​ត្រូវបានធ្វើ​ឡើងលើ​មូលដ្ឋាន​ទិន្នន័យ​របស់​អង្គការ​សុខភាព​ពិភពលោក​។ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកសរសេរ​របាយការណ៍​គឺ​លោក មូ​បា​រ៉ា​ក់ ឡូ (Moubarack LO)​ជា​អគ្គនាយក និង​លោក អា​ម៉ៃ​យេ ស៊ី (Amaye SY) ជា​អ្នកជំនាញ​ជាន់ខ្ពស់​របស់​ការិយាល័យ​ចក្ខុវិស័យ​សេដ្ឋកិច្ច​។​
 
​អ្នកនិពន្ធ​របាយការណ៍​បាន​ពន្យល់​បន្ថែមថា ការវាយតម្លៃ​ត្រូវបានធ្វើ​ឡើងលើ​ធាតុ​សំខាន់​បី គឺ​ស្ថានភាព​នៃ​ការឆ្លង​មេរោគ ស្ថានភាព​នៃ​ការ​ជាសះស្បើយ និង​ករណី​មរណភាព​៕

កម្ពុជា​រកឃើញ​ករណី​ផ្ទុក​ជំងឺ​កូ​វីដ​១៩​ដំបូង នៅក្នុង ខែ មករា ឆ្នាំ ២០២០ លើ​ជន​ជាតិចិន ក្នុងខេត្ត​ព្រះសីហនុ​។ ពុំមាន​ករណី​ឆ្លង​រាលដាល​នៅក្នុងសហគមន៍ឡើយ​។ បច្ចុប្បន្ននេះកម្ពុ​ជាមានអ្នកជំងឺ កូវីដ -១៩ ចំនួន ៣០៤ នាក់ ក្នុងនោះ មានអ្នកជាសះស្បើយ ២៩៤ នាក់  ខណៈអ្នកជំងឺកូវីដ ៩ នាក់ ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ​៕​
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com