សង្គមអន្តរជាតិ​
អន្តរជាតិ
លោក ប្រា​យុទ្ធ ព្រមាន​ប្រើ​ច្បាប់​ទាំងអស់​ទល់នឹង​បាតុករ​
20, Nov 2020 , 12:29 pm        
រូបភាព
លោក ប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្ត្រីថៃ។ រូបភាព៖EPA
លោក ប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្ត្រីថៃ។ រូបភាព៖EPA
ដោយ:
​លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា នៅ​ថ្ងៃទី​១៩ វិច្ឆិកា ប្រកាសថា នឹង​ប្រើ​គ្រប់​ច្បាប់ និង​មាត្រា​ដើម្បី​តបត​ទៅនឹង​បាតុករ​ដែល​បំពាន​ច្បាប់​។ ការព្រមាន​នេះ​ធ្វើឡើង​តាម​សេចក្តីថ្លែងការណ៍​របស់​ការិយាល័យ​នាយករដ្ឋមន្ត្រី ក្រោយពេល​បាតុករ និង​ប៉ូលិស​ប៉ះទង្គិច​គ្នា​សាជាថ្មី​នៅ​កាលពី​ថ្ងៃទី​១៨ និង​១៩​វិច្ឆិកា ដែល​ធ្វើ​ឲ្យ​មាន​អ្នករបួស ក៏ដូចជា​ការប្រកាស​ធ្វើបាតុកម្ម​ម្តងទៀត​នៅ​ថ្ងៃទី​២៥ វិច្ឆិកា​។​

 
​ក្នុង​សេចក្តីថ្លែងការណ៍​ដែល​ចេញ​ដោយ​ការិយាល័យ​នាយករដ្ឋមន្ត្រី លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា បាន​លើកឡើងថា​រដ្ឋាភិបាល បាន​ព្យាយាម​ក្នុងការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី និង​ស្របតាម​ច្បាប់ ប៉ុន្តែ​ស្ថានការណ៍​មិន​ស្រាកស្រាន្ត​ឡើយ​។ លោក​បន្តថា ភ្នាក់ងារ​សន្តិសុខ​បាន​បំពេញការងារ​ក្នុងការ​ការពារ​សន្តិសុខ និង​សណ្តាប់ធ្នាប់ ក៏ដូចជា​ដោះស្រាយ​ជាមួយ​បាតុករ​ដោយ​យកចិត្តទុកដាក់ និង​ស្របតាម​បទដ្ឋាន​អន្តរជាតិ​។​
 
«​វា​ជា​រឿង​ចាំបាច់​សម្រាប់​រដ្ឋាភិបាល និង​ភ្នាក់ងារ​សន្តិសុខ​ក្នុងការ​បង្កើន​សកម្មភាព​ដោយ​អនុវត្ត​រាល់​ច្បាប់ និង​មាត្រា ទល់នឹង​បា​តុរ​ដែល​បំពាន​ច្បាប់ និង​មិន​គោរព​សិទ្ធិ​របស់​មនុស្ស​ដទៃទៀត​»​។ នេះ​ជាការ​លើកឡើង​ក្នុង​សេចក្តីថ្លែងការណ៍​ខាងលើ​ដោយ​សង្កត់ធ្ងន់ថា សកម្មភាព​ទាំងឡាយ​ធ្វើឡើង​ស្របតាម​នីតិវិធីតុលាកា​រ និង​បទដ្ឋាន​អន្តរជាតិ​។​
 
​បើទោះជា​លើកឡើង​បែបនេះ​ក្តី សេចក្តីថ្លែងការណ៍​ខាងលើ​ពុំបាន​បញ្ជាក់ថា នឹង​ប្រើ​មាត្រា​១១២ នៃ​ក្រមព្រហ្មទណ្ឌ​ថៃ​ស្តីពី​ច្បាប់​ការពារ​ព្រះមហាក្សត្រ​ឡើយ​។ លោក​ប្រា​យុទ្ធ​ធ្លាប់​អះអាងថា មាត្រា​ខាងលើ​ពុំទាន់​បាន​ប្រើ​នៅឡើយ​ទេ​តប​តាម​បញ្ជា​របស់​ព្រះមហាក្សត្រ​។​
 
​ចំណែក​បក្សប្រឆាំង​ធំៗ​ចំនួន​២ គឺ​បក្ស Move Forward និង Pheu Thai ថ្កោលទោស​ការសម្រេចចិត្ត​របស់​រដ្ឋាភិបាល​ក្នុងការ​បង្កើន​វិធានការ​ទប់​នឹង​បាតុករ ដោយ​អះអាងថា​ការធ្វើ​បែបនេះ​នឹងមិន​ដោះស្រាយ​វិបត្តិ​អ្វី​ឡើយ​។ តំណាងរាស្ត្រ​បក្ស Move Forward លោក Rangsiman Rome លើកឡើងថា​ការប្រកាស​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ជា​រឿង​មិន​សក្តិសម ដែល​អាច​បណ្តាល​ឲ្យ​ស្ថានការណ៍​កាន់តែ​អាក្រក់​ថែមទៀត​។ លោក​ព្រមាន​ថា ការអនុវត្ត​ច្បាប់​ការពារ​ព្រះមហាក្សត្រ មិន​ខុស​អ្វី​ពី​យក​ព្រះមហាក្សត្រ​មក​ជំពាក់ជំពិន​ជាមួយ​ជម្លោះ​ឡើយ​។​
 
​អ្នកនាំពាក្យ​បក្ស Pheu Thai លោកស្រី Arunee Kasayanont អះអាងថា ការអនុវត្ត​ច្បាប់​ធ្ងន់ធ្ងរ​ជ្រុល​អំឡុងពេល​បាតុកម្ម មិនមែនជា​ដំណោះស្រាយ​ត្រឹមត្រូវ​ឡើយ​។ លោកស្រី​បន្តថា ដោយ​មិន​បញ្ជាក់ថា​ច្បាប់​ណា​នឹងត្រូវ​អនុវត្ត នោះ​នឹង​បណ្តាល​ឲ្យ​មាន​ភាពមិនច្បាស់លាស់ ដែល​បង្ក​ឲ្យ​មាន​អំពើហិង្សា​បន្ថែមទៀត​។​
 
​ផ្ទុយទៅវិញ ឧ​ត្ត​ម​សេនីយ៍ Piya Tawichai ស្នងការរង​ប៉ូលិស​ក្រុង​បាងកក និយាយ​នៅ​ថ្ងៃទី​១៩ វិច្ឆិកា​ថា ប៉ូ​លុស​រៀបចំ​ប្រើប្រាស់​ច្បាប់​ការពារ​មហាក្សត្រ​ទៅលើ​ហ្វូង​បាតុករ បើ​មានការ​ណែនាំ​ពី​រដ្ឋាភិបាល​។ តាមច្បាប់​នេះ បុគ្គល​រូប​ណា​ដែល​រកឃើញថា បំពាន​ច្បាប់​ខាងលើ​នឹងត្រូវ​ពិន័យ​ជា​ប្រាក់ និង​ជាប់គុក​រហូតដល់​១៥​ឆ្នាំ​។​
 
​បាតុករ​យុវជន និង​និស្សិត​ថៃ ជួបជុំ​បាតុកម្ម និង​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​កាលពី​ថ្ងៃទី​១៧ និង​១៨​វិច្ចិកា ក្រោយពេល​សភា​ថៃ​បដិសេធ​សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ស្នើ​ដោយ​សង្គម​ស៊ីវិល​(iLaw)​។ សេចក្តីព្រាង​នេះ ត្រូវបាន​គេ​មើលឃើញថា​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​ជាង​សេចក្តីព្រាង​ឯទៀត ដោយ​ទាមទារ​ឲ្យ​មានការ​កែប្រែ​គ្រប់ផ្នែក​ទាំងអស់​នៃ​រដ្ឋ​ធម្មនុញ្ញ​បច្ចុប្បន្ន​។ សេចក្តីព្រាងច្បាប់​ចំនួន​២ ដែល​យល់ព្រម​ដោយ​សភា នឹង​ស្នើ​ដោយឡែក​ដោយ​បក្ស​កាន់អំណាច និង​បក្សប្រឆាំង ពុំមាន​ដាក់​ពី​ការកែប្រែ​ពី​បញ្ញត្តិ​រួម និង​របបរាជានិយម​ដូច សេចក្តីព្រាង​របស់​សង្គម​ស៊ីវិល​ឡើយ​៕
 
 
 

Tag:
 ​ថៃ​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា
© រក្សាសិទ្ធិដោយ thmeythmey.com