ភ្នំពេញ៖ អង្គការសម្គមស៊ីវិលចំនួន៣នៅកម្ពុជា បានអំពាវនាវដល់ក្រុមហ៊ុនម៉ាកល្បីៗ ដែលបញ្ជាទិញស្ករពីក្រុមហ៊ុនមិត្រផូល (Mitr Phol) របស់ប្រទេសថៃ ឲ្យជួយប្រើឥទ្ធិពលរួមគ្នាទាមទារឲ្យក្រុមហ៊ុនស្ករមួយនេះរបស់ប្រទេសថៃ ចូលខ្លួនដោះស្រាយនិងផ្ដល់យុត្តិធម៌ដល់ពលរដ្ឋខ្មែរប្រមាណ៧០០គ្រួសារនៅខេត្តឧត្តរមានជ័យ។ នេះបើតាមសេចក្ដីថ្លែងការណ៍រួម (https://www.licadho-cambodia.org/pressrelease.php?perm=465&khmer) របស់អង្គការទាំង៣ គឺអង្គការសមធម៌កម្ពុជា (Equitable Cambodia) អង្គការលីកាដូ (LICADHO) និង អង្គការអាយឌីអាយ (IDI) ចេញនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។
អង្គការទាំង៣ លើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា ប្រជាពលរដ្ឋខ្មែរទាំងនោះ ត្រូវក្រុមហ៊ុនស្កររបស់ថៃឈ្មោះ មិត្រផូល ជម្លៀសចេញពីទីលំនៅ។ អង្គការទាំង៣ បន្តថា ក្រុមហ៊ុនបុនស៊ូក្រូ ដែលជាអ្នកចេញវិញ្ញាបនប័ត្រពីនិរន្តរភាពសម្រាប់វិស័យស្ករ គួរជំរុញក្រុមហ៊ុនមិត្រផូល ឲ្យចូលខ្លួនដោះស្រាយជាមួយសហគមន៍រងគ្រោះនៅកម្ពុជា ប៉ុន្តែក្រុមហ៊ុនបុនស៊ូក្រូ បែបជាចាត់ទុកក្រុមហ៊ុនមិត្រផូល ក្នុងឋានៈល្អដដែល។
ជាមួយគ្នានេះដែរ អង្គការទាំង៣ អំពាវនាវដល់ក្រុមហ៊ុនបញ្ជាទិញល្បីៗ ដូចជា ក្រុមហ៊ុនកូកាកូឡា ក្រុមហ៊ុនណេស្លេ និង ក្រុមហ៊ុន ម៉ាសរ៉ិកឡី ជាដើម ឲ្យជំរុញក្រុមហ៊ុនស្ករថៃមួយនេះ ចូលខ្លួនផ្ដល់យុត្តិធម៌ឲ្យសហគមន៍ខ្មែរ។ អង្គការទាំង៣ យលក់ថា ការធ្វើបែបនេះ គឺដើម្បីឲ្យពួកគេ ធានាបានសិទ្ធិដោះស្រាយប្រកបដោយប្រសិទ្ធភាព ខណៈវិវាទនេះ អូសបន្លាយពេលជាង១០ឆ្នាំមកហើយ។
អង្គការទាំង សរសេរក្នុងសេចក្តីថ្លែងការណ៍ថា៖«យើងខ្ញុំក៏សូមអំពាវនាវដល់ស្ថាប័នបុនស៊ូក្រូ និងម៉ាកល្បីៗទាំងឡាយ ដែលបន្តទិញស្ករពីក្រុមហ៊ុនមិត្រផូល រួមមាន ក្រុមហ៊ុនកូកាកូឡា ណេស្លេ និង ខូប៊ីយ៉ន់ រួបរួមគ្នា ប្រើប្រាស់ឥទ្ធិពលរួម ក្នុងការទាមទារឲ្យក្រុមហ៊ុនមិត្រផូល ផ្ដល់យុត្តិធម៌ដែលហួសពេលជាយូរមកហើយនោះ និងជាយុត្តិធម៌ដែលសហគមន៍សមនឹងទទួលបាន»។
ទន្ទឹមនឹងនេះ អង្គការខាងលើ បានអំពាវនាវឲ្យក្រុមហ៊ុនមិត្រផូល ទទួលស្គាល់ការបង្កការឈឺចាប់ដល់ពលរដ្ឋខ្មែរ និងបំពេញការទទួលខុសត្រូវផ្នែកសិទ្ធិមនុស្ស។ អង្គការទាំង៣ដដែលនេះ បន្ថែមថា ការទទួលខុសត្រូវនេះ គឺត្រូវចូលខ្លួនជាបន្ទាន់ដើម្បីពិភាក្សារកដំណោះស្រាយឲ្យបានសមស្រប។
វិវាទរវាងពលរដ្ឋខ្មែរក្នុងខេត្តឧត្តរមានជ័យ និងក្រុមហ៊ុនស្ករថៃ មិត្រផូល គឺកើតមាននៅអំឡុងឆ្នាំ២០០៨។ ផ្អែកលើសេចក្តីការណ៍របស់អង្គការទាំង៣ ក្រុមហ៊ុននេះ បានសហការជាមួយកម្លាំងប្រដាប់អាវុធកម្ពុជា ក្នុងការរឹបអូសយកដីធ្លី កម្ទេចផ្ទះ និងដកហូតដំណាំស្រូវរបស់ពលរដ្ឋក្នុងសហគមន៍ទាំងបង្ខំ ដើម្បីយកដីធ្វើចម្ការអំពៅ។
អង្គការទាំង៣ សរសេរក្នុងសេចក្តីថ្លែងការណ៍ទៀតថា ការរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរនេះ ទទួលបានការស៊ើបអង្កេតនិងការបញ្ជាក់យ៉ាងច្បាស់ពីការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា គណៈកម្មាធិការសិទ្ធិមនុស្សជាតិថៃ និង អង្គការមិនមែនរដ្ឋាភិបាលក្នុងវិស័យសិទ្ធមនុស្សជាច្រើនទៀត។
ក្រុមអង្គការខាងលើ ផុ្តល់ព័ត៌មានថា បច្ចុប្បន្ន សំណុំរឿងសហគមន៍ខ្មែរដែលរងផលប៉ះពាល់នេះ ត្រូវបានដាក់បណ្ដឹងទៅតុលាការប្រទេសថៃ។ អង្គការទាំងនោះ ចាត់ទុកបណ្តឹងនេះ ថាជាបណ្ដឹងសិទ្ធិមនុស្សឆ្លងដែនដំបូងគេនៅទ្វីបអាស៊ី។ អង្គការនោះ ជឿជាក់ថា ពលរដ្ឋខ្មែរប្រមាណ៧០០គ្រួសារ ដែលជាជនរងគ្រោះ នឹងទទួលបានការបើកសវនាការលើសំណុំរឿងនេះ នៅមុខតុលាការថៃតាមផ្លូវច្បាប់៕