សង្គមអន្តរជាតិ
អន្តរជាតិ
ចិន ព្រមានក្រុមប្រទេស Five Eyes ថា កុំប៉ះអធិបតេយ្យចិន ប្រយ័ត្នខ្វាក់ភ្នែក លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន។ រូបភាព៖ ក្រសួងការបរទេសចិន
× ទីក្រុងប៉េកាំង នៅថ្ងៃទី១៩ ខែវិច្ឆិកា បានព្រមានក្រុមប្រទេស Five Eyes ខ្លាំងៗថា កុំចង់ប៉ះអធិបតេយ្យរបស់ចិន ប្រយ័ត្នត្រូវគេចាក់ភ្នែក ឬធ្វើឲ្យខ្វាក់។ ការឆ្លើយតបរបស់ទីក្រុងប៉េកាំងបែបនេះ ធ្វើឡើងបន្ទាប់ពីក្រុមប្រទេស Five Eyes បានចេញសេចក្តីថ្លែងការណ៍រួមមួយ រិះគន់រដ្ឋាភិបាលចិន និងហុងកុង ជុំវិញការដកសមាជិកសភាហុងកុង ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យចំនួន ៤នាក់។
ប្រមុខការទូតក្រុមប្រទេស Five Eyes ដែលមានអាមេរិក កាណាដា អង់គ្លេស នូវែលសេឡង់ អូស្ត្រាលី នៅថ្ងៃទី១៨ ខែវិច្ឆិកា បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយចោទចិនថា បានបំពានការសន្យាររបស់ខ្លួនជាមួយអង់គ្លេស នៅក្នុងឆ្នាំ១៩៨៤។ ការលូកដៃរបស់ក្រុមប្រទេស Five Eyes នេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលហុងកុង បានបញ្ចប់សមាជិសភាហុងកុងចំនួន ៤នាក់ ដោយផ្អែកទៅតាមសេចក្តីសម្រេចរបស់គណៈអចិន្ត្រៃយ៍នៃសភាប្រជាជនចិនស្ដីពីលក្ខន្តិកៈសមាជិកសភាហុងកុង។
ជាការឆ្លើយតបនឹងសេចក្តីថ្លែងការណ៍រួមនេះ ក្រុងប៉េកាំង បានព្រមានក្រុមប្រទេស Five Eyes ខ្លាំងៗ កុំចង់ជ្រៀតជ្រែកមកក្នុងកិច្ចការរបស់ចិន។ «មិនថាពួកគេជាក្រុមប្រទេសភ្នែកប៉ុន្មានទេ ភ្នែក៥ ឬភ្នែក១០ឡើយ ឲ្យតែហ៊ានបំពានអធិបតេយ្យ សន្តិសុខ និងការអភិវឌ្ឍរបស់ចិន ប្រយ័ត្នត្រូវគេយកដៃរុកភ្នែក ឬធ្វើឲ្យខ្វាក់»។ លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងបែបនេះក្នុងន័យផ្ញើសារវិញថា ចិននឹងមិននៅស្ងៀមចំពោះការបំពានផលប្រយោជន៍ខ្លួនឡើយ។
ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃទី១៩ ខែវិច្ឆិកា មន្ត្រីដដែលបន្ថែមថា ចិនជំទាស់ដាច់ខាតរាល់ប្រទេសទាំងឡាយណាដែលតែងតែចង្អុលចោទចិន ហើយសកម្មភាពទាំងនោះ ជាការបំពានច្បាប់អន្តរជាតិ និងបទដ្ឋានមូលដ្ឋាននៅក្នុងទំនាក់ទំនងអន្តរជាតិ។
បើតាមអ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ សេចក្តីសម្រេចរបស់គណៈអចិន្ត្រៃយ៍នៃសភាប្រជាជនចិន គោរពតាមច្បាប់មូលដ្ឋានហុងកុង និងច្បាប់សន្តិសុខជាតិហុងកុង ដើម្បីកែលម្អប្រព័ន្ធគ្រប់គ្រង «ប្រទេសមួយ ប្រព័ន្ធពីរ» និងការពារនីតិរដ្ឋនៅក្នុងតំបន់រដ្ឋបាលពិសេសមួយនេះ។ ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មានជាច្រើន លោក Zhao បានបន្តទៀតថា មានតែអ្នកពាក់ស្បែកជើងទេ ទើបដឹងថាស្បែកជើងនោះសមឬក៏អត់។
បន្ទាប់ពីរដ្ឋាភិបាលហុងកុង បញ្ចប់សមាជិកសភាហុងកុង៤រូបនោះ សមាជិកសភាផ្សេងទៀត ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ ក៏បានប្រកាសដើរចេញពីតួនាទីនេះផងដែរ។
ដោយឡែក អតីតសមាជិកសភាហុងកុង ៣រូប បានបង្ហាញខ្លួននៅតុលាការក្នុងក្រុងហុងកុងនៅថ្ងៃទី១៩ ខែវិច្ឆិកា។ ការបង្ហាញខ្លួននេះ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអ្នកទាំងនោះត្រូវបានចាប់ខ្លួន ជុំវិញបទចោទ ការចោលទឹកស្អុយក្នុងពេលជជែកដេញដោលលើសេចក្តីស្នើច្បាប់ភ្លេងជាតិចិននៅអំឡុងខែមិថុនា៕
Tag:
ចិន
Five Eyes
អាមេរិក
អូស្ត្រាលី
អង់គ្លេស
កាណាដា និងនូវែលសេឡង់
© រក្សាសិទ្ធិដោយ thmeythmey.com