ជាតិ
បទសម្ភាសន៍
សាយ ប្រឹង​រត់​ទៅមុខ ដើម្បី​ឲ្យ​ពេទ្យ​កុមារ​អង្គរ​បន្ត​ទៅមុខ​ដូចគ្នា​ដែរ​
20, Nov 2020 , 4:53 pm        
រូបភាព
លោកអួន បឋម ហៅសាយ រត់នៅលើផ្លូវមួយ នៃយុទ្ធនាការរត់ដើម្បីសប្បុរសធម៌។ រូបភាព៖ Facebook Sai
លោកអួន បឋម ហៅសាយ រត់នៅលើផ្លូវមួយ នៃយុទ្ធនាការរត់ដើម្បីសប្បុរសធម៌។ រូបភាព៖ Facebook Sai
«​យុទ្ធនា​ការរត់​ដើម្បី​សប្បុរសធម៌​ជាមួយ​សាយ​» បាន​ប្រព្រឹត្តទៅ​អស់​ជាង ៤០​ថ្ងៃ​ហើយ គិត​ត្រឹម​ថ្ងៃទី​២០ ខែវិច្ឆិកា​។ លោក សាយ ដែលមាន​ឈ្មោះ​ពិត​ថា អ៊ួន បឋម និង​ជា​អ្នក​បំផុសគំនិត​រៀបចំ​យុទ្ធនា​ការរត់​នេះ​បាន​រៀបរាប់ថា ទោះជា​បែប​ប្រឈម​ការលំបាក​ខ្លាំង​ក្តី លោក​នឹងមិន​បោះបង់​គោលដៅ​រត់​ត្រឹម​ពាក់​កណ្តាលផ្លូវ​ឡើយ​។ លោក​ក៏​សង្ឃឹម​ដែរ​ថា យុទ្ធនាការ​របស់លោក​នឹង​ជួយ​ជំរុញ​ស្មារតី​ចូលរួម​របស់​ប្រជាជន​ខ្មែរ​គ្រប់រូប​ក្នុង​កិច្ចការ​មនុស្សធម៌ និង​ស្មារតីនៃការចែករំលែក​​​​ ​​ឲ្យ​នៅ​បន្ត​ទៅមុខទៀត​ដូចគ្នា​។ 



ខាងក្រោម​នេះ​ជា​បទសម្ភាសន៍​រវាង​អ្នកសារព័ត៌មាន​ថ្មីៗ​លោក ធៀន ភា​រិន្ទ និង​លោក សាយ ៖

​លោក ភា​រិន្ទ​៖ តើ​ហេតុផល​អ្វី ដែល​បណ្តាល​ឲ្យ​លោក​សម្រេចចិត្ត​បំផុស​ចលនា និង ជំរុញ​លើកទឹកចិត្ត​ឲ្យ​មានការ​ចូលរួម​បរិច្ចាគ​ថវិកា​ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ​? 
 
​លោក សាយ​៖ មូលហេតុ​ដែល​ខ្ញុំ​រត់ គឺ​ដើម្បី​សប្បុរសធម៌​ក្នុងពេល​គម្រប់​ខួប ៣០​ឆ្នាំ​របស់ខ្ញុំ​ផង​។ ម្យ៉ាង​ខ្ញុំ​ចង់​ធ្វើ​កម្មវិធី​មួយ ដែលជា​កម្មវិធី​សប្បុរសធម៌ និង​អាចជួយ​ដល់​សង្គម​វិញ ដោយសារតែ​ខ្ញុំ​ចង់បង្ហាញ​ពី​ភាព​តបស្នង​សងគុណ​ដល់​ប្រទេសជាតិ​។   បន្ថែម​ពីលើ​នេះ មូលហេតុ​ដែល​ខ្ញុំ​ជ្រើសរើស​ជួយ​មន្ទីរពេទ្យ​កុមារ​អង្គរ ព្រោះ​មន្ទីរពេទ្យ​មួយ​នេះ ធ្លាប់ជួយ​ជីវិត​បងប្អូន​របស់ខ្លួន ហើយ​ខ្ញុំ​ក៏បាន​ស្គាល់​និង​យល់ថា មន្ទីរពេទ្យ​កុមារ​អង្គរ​នេះ ពី​បេសកកម្ម​របស់​មន្ទីរពេទ្យ​ក្នុង​ការជួយ​ក្មេងៗ​នៅក្នុង​ស្រុក​ខ្មែរ​យ៉ាងដូចម្តេចខ្លះ​នោះ​។ 
 
​លោក ភា​រិន្ទ​៖ ដើម្បី​ប្រមូល​ថវិកា​ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្ត​សៀម​រាម លោក សាយ បាន​រត់​បាន​ចម្ងាយ​ជាច្រើន​រយ​គីឡូម៉ែត្រ​។ តើ​មូល​ហេតុអ្វី បានជា ការរត់​បែបនេះ​ក្លាយជា​ជម្រើស​របស់លោក ខណៈពេលដែល​វា​មាន​វិធី​ផ្សេងទៀត​នោះ​? 
 
​លោក សាយ​៖ វា​អាចមាន​វិធី​ច្រើន ដើម្បី​ប្រមូល​ថវិកា​ជូន​មន្ទីរពេទ្យ ប៉ុន្តែ​សម្រាប់​ខ្ញុំ​ខ្លួនឯង​ផ្ទាល់ វិធី​ផ្សេងៗ​អាច​នឹង វា​មិនសូវមាន​ប្រសិទ្ធភាព​។ បន្ថែម​ពីលើ​នេះ វិធី​ផ្សេងទៀត មិនបាន​បង្ហាញ​ពី​ការលំបាក​របស់លោក​គ្រូ​ពេទ្យ ក៏ដូចជា​អាណាព្យាបាល​ក្មេងៗ ដែល​គាត់​យក​កូន​គាត់​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ​។ ការរត់​របស់ខ្ញុំ រយៈពេល​៩៩​ថ្ងៃនេះ គឺ​ខ្ញុំ​ត្រូវ​រត់​ទៅមុខ​រហូត ហើយ​ខ្ញុំ​ចង់​បញ្ជាក់​ពី​បេសកកម្ម​របស់​មន្ទីរពេទ្យ​កុមារ​អង្គរ​គឺ​ទៅមុខ​រហូត និង​មិន​ឈប់ឈរ​ឡើយ​។ លើសពីនេះ ចំពោះ​ការរត់​ហាលភ្លៀង​ហាលថ្ងៃ អត់​ខ្លាច​ឈឺ អត់​ខ្លាច​លំបាក គឺ​ចង់បង្ហាញ​ពី​ការលំបាក​របស់​អាណាព្យាបាល​ក្មេងៗ​ដែរ​។ ថ្វីបើ​ជាមាន​ព្យុះ​មាន​ភ្លៀង មាន​ថ្ងៃ​ក្តៅ យ៉ាងម៉េច ក៏​ពួកគាត់​នៅតែ​ឈរ​តម្រង់​ជួរ និង​រង់ចាំ​យក​កូនៗ​គាត់​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ ដោយ​សង្ឃឹមថា កូនៗ​របស់គាត់ នឹង​ជាសះស្បើយ​ពី​ជំងឺ​ដែរ​។ 

  លោកអួន បឋម ហៅសាយ រត់នៅលើផ្លូវមួយ នៃយុទ្ធនាការរត់ដើម្បីសប្បុរសធម៌។ រូបភាព៖ Facebook Sai
​លោក ភា​រិន្ទ​៖ គិត​មក​ត្រឹម​ថ្ងៃនេះ លោក​បាន​រត់​អស់​ជាង​៤០​ថ្ងៃ​ហើយ និង​ប្រមូល​ថវិកា​ក៏បាន​ច្រើន​ដែរ​។ តើ​ក្នុងពេល​រត់ អ្វី​ជា​បញ្ហា​ប្រឈម​សម្រាប់​លោក​? 
 
​លោក សាយ​៖​បញ្ហា​ប្រឈម​សំខាន់​ទីមួយ គឺ​ទាក់ទិន​នឹង​ចរាចរណ៍ ព្រោះ​យើង​រត់​នៅលើ​ផ្លូវជាតិ ហើយ​ប្រជាជន​យើង ធ្វើ​ចរាចរណ៍​នៅលើ​ផ្លូវ​ហ្នឹង​ដែរ បងៗ​ខ្លះ​មិនបាន​យោគយល់​លើ​កម្មវិធី​រត់​ប៉ុន្មាន​ទេ​។ ដូច្នេះ​នៅពេល​រត់ គឺមាន​បញ្ហា​ប្រឈម​ច្រើន និង​មាន​ប្រជាជន​ខ្លះ​ជិះ​បញ្ច្រាស អ្នកខ្លះ​ជែង​ឡាន​ក្រុមការងារ ដែល​ពេលខ្លះ​គាត់​ជិះ​កៀរ​យើង​ថែមទៀត​។ បញ្ហា​ប្រឈម​ទី​ពីរ គឺ​ទាក់ទិន​នឹង​អាកាសធាតុ​។ ដោយសារ​យើង​រត់​នៅ​ខាងក្រៅ​អញ្ចឹង វា​តែងតែមាន​ភ្លៀង ថ្ងៃ​ក្តៅ អាកាសធាតុ​ត្រជាក់ ក៏​យើង​នៅតែ​បន្ត​ការរត់​ដែរ​។ ប្រសិនបើ​យើង​អត់​រត់ វា​នឹង​យឺត​កម្មវិធី​។ បញ្ហា​ប្រឈម​ទី​បី គឺ​កន្លែង​ស្នាក់​។ ដោយសារ​យើង​ចង់​រត់​ឲ្យ​បាន​មួយ​ជុំ​ស្រុក​ខ្មែរ ហេតុនេះ មាន​ផ្លូវ​ខ្លះ វា​លំបាក ហើយ​ផ្លូវ​ខ្លះ​អត់​មានផ្ទះ​ប្រជាជន ហើយ​ផ្លូវ​ខ្លះទៀត អត់​មាន​កន្លែង​ស្នាក់​។ អញ្ចឹង​យើង​ត្រូវ​ស្នាក់​តាម​ប៉ុស្តិ៍ទាហាន ជួន​ការ​ប៉ុស្តិ៍​ប៉េអឹម ជួនកាល​ផ្ទះ​ប្រជាជន​។ ពេលខ្លះ វា​ពិបាក​ដោយសារ​ខ្វះ​បន្ទប់ទឹក​ជាដើម​។ 
 
​លោក ភា​រិន្ទ​៖ ដោយសារតែ​ការខិតខំ​របស់លោក ថវិកា​មួយចំនួនធំ ត្រូវបាន​ប្រជាជន​យើង បរិច្ចាគ​ទៅ​មន្ទីរពេទ្យ ជាពិសេស​គឺ​តាមរយៈ​កម្មវិធី 1$ Challenge​។ លោក​អាច​ចែករំលែក​បន្តិច​បានទេ តើ​លោក​នឹកឃើញ​ពី​វិធីសាស្ត្រ​នេះ តាមរបៀប​ណា​?  
 
​លោក សាយ​៖ $1 Challenge ហ្នឹង គឺ​យើង​បាន​នឹកឃើញ តាំងពី​ថ្ងៃ​ដំបូង ឬ​តាំង​ពីមុន​ថ្ងៃ​យើងរ​ត់ទៅទៀត ប៉ុន្តែ​យើង​ត្រូវ​រក​ពេល ចាប់ផ្តើម​ឲ្យ​បាន​ត្រឹមត្រូវ និង​មាន​វិសាលភាព​។ ពេល​ដំបូង​នៃ​ការចាប់ផ្តើម គឺ​យើង​ចង់​ឲ្យ​អ្នក ដែល​បាន​ទស្សនា​វីដេអូ​របស់​យើង បាន​ស្គា​ល់ពី​កម្មវិធី មន្ទីរពេទ្យ និង​បេសកកម្ម​របស់​មន្ទីរពេទ្យ​ឲ្យ​ច្បា​ស់សិន ក៏ដូចជា​ចេតនា​រួម​នៃ​ការរៀបចំ​កម្មវិធី​នេះ​ឡើង ថា​យើង​ចង់បាន​អី ហើយ​យើង​ធ្វើ​ដើម្បី​អ្វី​សិន​។ បន្ទាប់មកទៀត យើង​ក៏​ចង់​ឲ្យ​មានការ​បរិច្ចាគ​ថវិកា​។ ពេល​ធម្មតា ពេលដែល​យើង​សុំ​ឲ្យ​មហាជន​បរិច្ចាគ គាត់​គិតថា ទាល់តែ​បរិច្ចាគ​ច្រើន​បាន​សាក​សម ឬ​ទាល់តែ​បរិច្ចាគ​ទំហំ​ប៉ុណ្ណេះ ស្របតាម​គំនិត​រៀងៗ​ខ្លួន​។ ក្រោយមក​បាន​យើង ចាប់ផ្តើម​យក $1 Challenge ហ្នឹង មកលេង គឺ​ក្នុង​អត្ថន័យ​មួយ​ថា បើទោះបីជា​យើង​បរិច្ចាគ​បន្តិចបន្តួច​ក៏ដោយ ឲ្យ​តែម​នុស្ស​ច្រើន​ចូលរួម​គឺ យើង​នឹង​ទទួលបាន​ចំនួន​ទឹកប្រាក់​ច្រើន​។ ការជ្រើសរើស​លេង​ហ្គេម 1$ Challenge នេះ គឺ​យើង​ជ្រើស​រើសយក​ថ្ងៃទី​១១ ខែ​១១ ចឹ​ង​បាន​យើង​បង្កើតជា 1 $ Challenge​។ បន្ថែម​ពីនេះ យើង​ចង់​និយាយ​ពី​អត្ថន័យ​មួយទៀត គឺ​ទឹកចិត្ត​ជនជាតិខ្មែរ​យើង គឺមាន​ការចែករំលែក បើទោះបី​យើង​អ្នកមាន​ធនធាន​ច្រើន ឬ​យើង​អ្នកមាន​ធនធាន​តិច សម្រាប់​១​ដុល្លារ គឺ​យើង​អាច​ចែករំលែក​គ្នា​ទៅវិញទៅមក​បាន​។ យើង​បានធ្វើ​ឲ្យ​ការលេង 1$ challenge ហ្នឹង​មាន​ប្រសិទ្ធភាព ដូច​រាល់ថ្ងៃនេះ​។ សម្រាប់​ការចែករំលែក​តិចតួច ប្រសិនបើ​មាន​មនុស្ស​ច្រើន​ចែករំលែក គឺ​វា​មាន​ប្រសិទ្ធភាព​។ 
 
​លោក ភា​រិន្ទ​៖ តើ​លោក​នឹងមាន​គោលដៅ​បែបណា​នៅពេល​ខាងមុខ​ទៀត ដើម្បី​ប្រមូល​ថវិកា​ជូន​មន្ទីរពេទ្យ ក៏ដូចជា​ជួយ​កុមារ​កម្ពុជា​?
 
​លោក សាយ​៖ សម្រាប់​គោលដៅ​បន្ទាប់ គឺ​មិនមាន​ទេ​។ ប៉ុន្តែ​វា​មានតែ​គោលដៅ​ដែល​បាន​ដៅ​ទុក និង​មិនទាន់​បានសម្រេច​នោះ​គឺ ទីមួយ យើង​ចង់​រត់​ឲ្យ​បាន​មួយ​ជុំ​ស្រុក​ខ្មែរ ក្នុង​រយៈពេល​៩៩​ថ្ងៃ ។ ប៉ុន្តែ​អ្វីដែល​យើង​សម្រេចបាន គឺ​ការ​រៃអង្គាស​ទឹកប្រាក់ បាន​មួយ​ពាន់​លាន​រៀល​ជូន​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​។​ឥឡូវនេះ យើង​បាន​ជោគជ័យ​រឿង​ហ្នឹងហើយ​។ បើតាម​ទិន្នន័យបឋម គិត​ត្រឹម​រសៀល​ថ្ងៃទី​១៩ ខែវិច្ឆិកា ប្រហែលជា​បាន ៤០​ម៉ឺន​ដុល្លារ​ហើយ ឬ ១,៦​ពាន់​លាន ពោលគឺ​វា​លើសពី​អ្វីដែល​យើង​បានគ្រោង​ទុក​។ ដោយសារតែ​សម្រេច​គោលដៅ​នេះ យើង​បានដាក់​គោលដៅ​ថ្មី​ថែម ប្រសិនបើ​នៅតែមាន​ការគាំទ្រ​ខ្លាំង​អ៊ីចឹង គឺ​យើង​ចង់បាន​ការបរិច្ចាគរ​ហូត​ដល់ មួយ​លាន​ដុល្លារ ឬ បួន​ពាន់​លាន​រៀល​។ ដូច្នេះ ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​យើង បន្ត​ការលេង​ហ្គេម 1$ Challenge ឬក៏​បរិច្ចាគ​ទៅ​មន្ទីរពេទ្យ​ផ្ទាល់​ក៏បាន ប្រសិនបើ​យើង​មិន​ចង់​លេង​ហ្គេម​។ គោលដៅ​មួយទៀត ដោយសារតែ​ស្ងាត់​មេរោគ​កូ​វីដ​-១៩ យើង​ចង់​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​យើង​ចូលរួម រត់​ជាមួយ​ខ្ញុំ ដើម្បី​ឲ្យ​ស្គាល់​រសជាតិ​នៃ​ការរត់ នៅ​កណ្តាល​ថ្ងៃ កណ្តាលផ្លូវ​អញ្ចឹង​ទៅ និង​ដើម្បី​ឲ្យ​ដឹងថា ការលេង​កីឡា​ហ្នឹង​វា​យ៉ាងម៉េច​។​
 
​លោក ភា​រិន្ទ​៖ ចុងក្រោយ តើ​លោក សាយ មានការ​សំណូមពរ​អ្វី ទៅកាន់​ប្រជាជន ជាពិសេស​យុវជន​ដើម្បី​ឲ្យ​ពួកគាត់​ចូលរួម​បន្ថែមទៀត ក្នុង​ការជួយ​កុមារ​កម្ពុជា ក៏ដូចជា​សកម្មភាព​ម​នុស្ស​ធម៌​ផ្សេងៗ​ទៀត​? 
 
​លោក សាយ​៖ សម្រាប់​សំណូមពរ​របស់ខ្ញុំ បើទោះបីជា​កម្មវិធី​រប​ស់​ខ្ញុំ​មើលទៅ​ដូចជា​ធ្វើបាន​ពាក់កណ្តាល​ហើយ ក៏​យើង​ជោគជ័យ​លើ​គោលដៅ​ក្នុងការ​បរិច្ចាគ​រួច​ដែរ ប៉ុន្តែ​ខ្ញុំ​ចង់​អំពាវនាវ​ឲ្យ​ប្រជាជន​ខ្មែរ​យើង ឬក៏​យុវជន​ជំនាន់​ក្រោយ នៅតែ​បន្ត​គិតគូរ​រឿង​ការងារ​សង្គម ក៏ដូចជា​ការបរិច្ចាគ​ដល់​មន្ទីរពេទ្យ ដោយសារតែ​ខ្ញុំ​ធ្វើ​កម្មវិធី​នេះ ៩៩ ថ្ងៃ ពិតមែន ប៉ុន្តែ​បេសកកម្ម​របស់​មន្ទីរពេទ្យ គឺ​គ្មាន​ថ្ងៃ​បញ្ចប់​ទេ​។ វា​មានន័យថា នៅពេល​កម្មវិធី​របស់​ខ្ញុំ​ចប់ មន្ទីរពេទ្យ​នៅតែ​បន្ត​ទៅមុខ​ដដែល​។ អញ្ចឹង​ខ្ញុំ​នៅតែ​អំពាវនាវ​ឲ្យ​យុវជន​ជំនាន់​ក្រោយ​ឲ្យ​ចូលរួម​ក្នុង​ការងារ​សង្គម ហើយ​បន្តវេន​ការងារ​សង្គម​ហ្នឹង យើង​ជួយ​គ្នា​ជ្រោមជ្រែង​សង្គម​យើង ព្រោះថា​សង្គម​មួយ​នេះ មិនមែនជា​របស់​ក្រុម​ណាមួយ​ទេ​។ វា​គឺ​របស់​យើងទាំងអស់គ្នា​។ បើ​យើង​ចង់បាន​សង្គម​ល្អ បរិយាកាស​សង្គម​ល្អ គឺ​យើង​ត្រូវ​ជួយ​គ្នា​ម្នាក់​បន្តិចៗ នោះ​យើង​នឹង​បាន​សង្គម​ដែល​ល្អ​មួយ​៕ 



© រក្សាសិទ្ធិដោយ thmeythmey.com