COVID-19
ជាតិ
បុរស​ខ្មែរ​ម្នាក់​ទើប​មកពី​អាមេរិក​វិជ្ជមាន​កូ​វីដ​-១៩ ខណៈ​មន្ត្រី​ក្រសួងកសិកម្ម​បាន​សះស្បើយ
21, Nov 2020 , 9:39 am        
រូបភាព
​លោក ស ចិ​ត្រា អគ្គលេខាធិការរង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​បាន​ឆ្លង​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍ ៣​វិច្ឆិកា​នោះ បានជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩ ហើយ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​២១ វិច្ឆិកា​នេះ​។​


​ក្រៅពី​មាន​អ្នក​សះស្បើយ ក្រសួង​ក៏ បានបញ្ជាក់​ពី​ករណី​វិជ្ជមាន​ថ្មី​នៃ​កូ​វីដ​-១៩ លើ​បុរស​ខ្មែរ អាយុ ៥៩​ឆ្នាំ ដែល​បានធ្វើ​ដំណើរ​មកពី​សហ​រដ្ឋ​អាមេរិក បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង និង​ដែល​បាន​មកដល់​កម្ពុជា នៅ​ថ្ងៃទី​១៩ វិច្ឆិកា​។ បុរស​រូបនេះ មាន​ទីលំនៅ នៅ​ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ និង​ត្រូវ​បានដាក់​ឲ្យ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ មិត្តភាព​ខ្មែរ​-​សូ​វៀត​។ 

​ក្រសួងសុខាភិបាល បញ្ជាក់ថា អ្នកដំណើរ​ក្នុង​ជើងហោះហើរ​ជាមួយ​បុរស​រូបនេះ មាន​ចំនួន​៦០​នាក់ ដោយ​៥៩​នាក់ មាន​លទ្ធផល​អវិជ្ជមាន​។ ក្នុងចំណោម​អ្នក​វិជ្ជមាន​នោះ មាន​២០​នាក់ ត្រូវបាន​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​មណ្ឌល​ទ័ពអាកាស​, ៣៩​នាក់ នៅ​សណ្ឋាគារ​មួយ​នៅ​ភ្នំពេញ និង​៣​នាក់ នៅ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​។​

​សូមបញ្ជាក់​គិត​ត្រឹម​ថ្ងៃទី ២១​វិច្ឆិកា កម្ពុ​ជាមាន​អ្នក​ឆ្លង​កូ​វីដ​-១៩ សរុប ៣០៥​នាក់ ក្នុងនោះ ជាសះស្បើយ​ចំនួន ២៩៥​នាក់​។  តាម​ក្រសួងសុខាភិបាល មាន​អ្នកជំងឺ​៨​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត និង​២​នាក់​ទៀត​កំពុង​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​ក្រោម​៕

© រក្សាសិទ្ធិដោយ thmeythmey.com