ជាតិ
ក្រោយល្បី កុមារី យ៉ង់ ស្រីនីត មកភ្នំពេញថតរឿងជាមួយនាយពាក់មី
21, Nov 2020 , 1:59 pm        
រូបភាព
ភ្នំពេញ៖ រូបភាព និងវីដេអូច្រៀងចម្រៀងរបស់កុមារី យ៉ង់ ស្រីនីត ដែលបានបង្ហោះនៅលើបណ្ដាញសង្គម ត្រូវបានសាធារណជនចាប់អារម្មណ៍តាមរយៈសម្រស់ពីធម្មជាតិ និងការច្រៀងអមដោយទឹកដមសំឡេងយ៉ាងពីរោះ។ ក្រោយសកម្មភាពទាំងនេះ បានធ្វើឲ្យតារាកំប្លែងនាយពាក់មី ទាក់ទងកុមារី យ៉ង់ ស្រីនីត មកកាន់រាជធានីភ្នំពេញ ដើម្បីថតខ្សែភាពយន្ត។ ក្នុងបទសម្ភាសជាមួយសារព័ត៌មាន Thmey Thmey 25 កុមារី យ៉ង់ ស្រីនីត លើកឡើងថា៖ «ខ្ញុំមានអារម្មណ៍សប្បាយចិត្ត។ ថ្ងៃនេះ ខ្ញុំមកឡើងបុស្ដិ៍ភីអិនអិន និងមកថតគុនជាមួយលោកពូពាក់មី»។


 
សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន Thmey Thmey 25 ជាមួយកុមារី យ៉ង់ ស្រីនីត ដូចតទៅ៖
 
 
នៅថ្ងៃទី២០ វិច្ឆិកានេះ ជាវេលាដែលកុមារី យ៉ង់ ស្រីនីត បានមកដល់ទីក្រុងភ្នំពេញ ដើម្បីថតខ្សែភាពយន្តជាមួយនាយពាក់មី។ នៅថ្ងៃនេះ សារព័ត៌មាន Thmey Thmey 25 ក៏បានជួបសម្ភាសចំណាប់អារម្មណ៍ជាមួយកុមារី យ៉ង់ ស្រីនីត ដែលត្រូវបានមហាជនជាច្រើនស្គាល់ តាមរយៈរូបភាព និងវីដេអូនៅលើបណ្ដាញសង្គម។  «មុនដំបូងខ្ញុំខ្មាសគេ ដល់ពេលយូរទៅសប្បាយចិត្ត។ មុនដំបូងខ្ញុំមិនដឹងថាមានគេបង្ហោះរូប និងវីដេអូរបស់ខ្ញុំទេ។ ពេលខ្ញុំទៅសាលារៀន គេប្រាប់ថាឃើញខ្ញុំនៅក្នុងទូរសព្ទ។ គេឲ្យខ្ញុំមើល ហើយខ្ញុំអង្គុយយំ ពេលឮគេហៅ តារា»។ នេះជាការលើកឡើងរបស់កុមារី យ៉ង់ ស្រីនីត។ 
 
ទោះមានការចាប់អារម្មណ៍ច្រើនពីសាធារណជន កុមារី យ៉ង់ ស្រីនីត នៅតែមានបំណងប្រាថ្នាជាគ្រូបង្រៀនដដែល។ កុមារីវ័យ ១១ឆ្នាំរូបនេះ ស្រឡាញ់អាជីពជាគ្រូបង្រៀន ដោយនាងរៀបរាប់បែបនេះ៖ «នៅពេលអនាគត ខ្ញុំចង់ក្លាយជាគ្រូបង្រៀន និងតារាចម្រៀង។ ខ្ញុំមិនផ្លាស់ប្ដូរគោលបំណងទេ»។ 
 
សម្រាប់អ្នកស្រី ណៃហាក់ ដែលជាម្ដាយកុមារី យ៉ង់ ស្រីនីត មានអារម្មណ៍សប្បាយចិត្ត និងត្រេកអរចំពោះកូនស្រី។ សន្ទុះនៃការគាំទ្រកុមារី យ៉ង់ ស្រីនីត នៅតាមបណ្ដាញសង្គមមានចំនួនច្រើនកុះករ ដោយសាធារណជនខ្លះជំរុញឲ្យស្រីនីត បន្តការសិក្សា។  អ្នកស្រី ណៃហាក់ លើកឡើងថា៖ «ខ្ញុំឲ្យកូនខ្ញុំសិក្សាដល់ចប់។ ពេលគាត់មានចំណេះដឹង អាចកែប្រែជីវភាពរស់នៅក្នុងគ្រួសាររបស់ខ្ញុំបាន ហើយចំណេះដឹងនេះ ជាអនាគតរបស់គាត់តទៅមុខទៀត»។
 
កាលពីថ្ងៃទី១៧ វិច្ឆិកា លោក ពាក់មី ដែលជាអ្នកកំប្លែង បានបង្ហោះរូបភាពស្វែងរកកុមារី យ៉ង់ ស្រីនីត យ៉ាងដូច្នេះ៖ «មានបងប្អូនណាស្គាល់លេខ ក្មួយស្រីម្នាក់នេះអត់ ខ្ញុំចង់ហៅគាត់ថត នៅថ្ងៃសុក្រ ទី20ខាងមុខនេះ»។ ក្រោយបង្ហោះបានប៉ុន្មានម៉ោង នាយពាក់មី ក៏បានលេខទំនាក់ទំនងក្រុមគ្រួសារកុមារី យ៉ង់ ស្រីនីត។ «អរគុណបងប្អូន ខ្ញុំទាក់ទងក្មួយស្រីបានហើយ ថ្ងៃ១៩នេះគាត់ឡើងមកភ្នំពេញជាមួយម្តាយក្មួយស្រី មកស្នាក់នៅផ្ទះខ្ញុំ ថ្ងៃ២០ខ្ញុំថតតែម្តង ហើយនឹងផុសក្នុងពេលឆាប់ៗ អរគុណបងប្អូនដែលគាំទ្រ»។ នេះជាការរៀបរាប់របស់នាយពាក់មី នៅក្នុងហ្វេសប៊ុក។ 
 
សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ តុលា-១ វិច្ឆិកា ក្រុមជំរំតង់ Cambodia Amazing Trip Planner និងសារព័ត៌មាន Thmey Thmey25  បានធ្វើដំណើរកម្សាន្តបោះតង់រយៈពេល ៣ថ្ងៃ នៅខេត្តមណ្ឌលគិរី។ តាមរយៈដំណើរកម្សាន្តមេះ ក្រុមជំរំតង់ Cambodia Amazing Trip Planner បានជួបកុមារី យ៉ង់ ស្រីនីត នៅក្នុងសហគមន៍ដាក់ដាំ គ្រាដែលនាងកំពុងដើរលក់ចេកឆាប៕
 


© រក្សាសិទ្ធិដោយ thmeythmey.com