អន្តរជាតិ
លោក ស៊ី ជិនភីង ថា ចិនពិចារណាចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្ម CPTPP ដែលអាមេរិកបោះបង់
21, Nov 2020 , 3:19 pm        
រូបភាព
ប្រធានាធិបតីចិន ស៊ី ជិនភីង ថ្លែងក្នុងកិច្ចប្រជុំ APEC ។ រូបភាព Xinhua
ប្រធានាធិបតីចិន ស៊ី ជិនភីង ថ្លែងក្នុងកិច្ចប្រជុំ APEC ។ រូបភាព Xinhua
ប្រធានាធិបតីចិន ស៊ី ជិនភីង បានប្រកាសពីឆន្ទៈរបស់ទីក្រុងប៉េកាំងក្នុងការចូលរួមក្នុងកិច្ចព្រមព្រៀងអន្តរប៉ាស៊ីហ្វិកដែលអាមេរិកបោះបង់។ លោក ស៊ី ប្រកាសបែបនេះនាជំនួបកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅថ្ងៃទី២០ ខែវិច្ឆិកា ដែលដឹកនាំដោយម៉ាឡេស៊ី។ លោក ត្រាំ ក៏មានវត្តមានក្នុងជំនួបនេះជាលើកដំបូងក្នុងពេលបីឆ្នាំ។

 
កិច្ចប្រជុំប្រចាំឆ្នាំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ដែលមានសមាជិក២១ប្រទេស-តំបន់ ចាប់ផ្ដើមនៅថ្ងៃទី២០ ខែវិច្ឆិកា តាមរយៈប្រព័ន្ធវីដេអូ ដោយមេដឹកនាំទាំងអស់មិនអាចជួបមុខគ្នាឡើយដោយសារជំងឺ COVID-19 ។ ម៉ាឡេស៊ី ជាម្ចាស់ផ្ទះរៀបចំជំនួបឆ្នាំ២០២០ នេះ។ សេដ្ឋកិច្ចរបស់បណ្ដាសមាជិក APEC គ្របដណ្ដប់់ប្រមាណ ៦០ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់សកលលោក។
 
ប្រធានាធិបតីចិន ស៊ី ជិនភីង ដែលចូលរួមក្នុងជំនួបកំពូលលើកនេះ បានលើកឡើងពីភាពចាំបាច់ក្នុងការបន្តបើកចំហអាស៊ីប៉ាស៊ីហ្វិក ការធ្វើពាណិជ្ជកម្មសេរី និងយន្តការពហុភាគី។ លោក ស៊ី ក៏បានប្រកាសពីការបំណងរបស់ចិនក្នុងការចូលរួមកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងវឌ្ឍនភាពនៃភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ។ CPTPP មានសមាជិក១១ប្រទេស ក្រោយអាមេរិកដកខ្លួនក្រោយការឈ្នះឆ្នោតរបស់លោក ដូណាល់ ត្រាំ កាលពីឆ្នាំ២០១៦ ។
 
ថ្លែងប្រាប់មេដឹកនាំផ្សេងទៀត ប្រមុខរដ្ឋចិនបញ្ជាក់ថា APEC ត្រូវបន្តជំរុញសមាហរណកម្មសេដ្ឋកិច្ចតំបន់ និងបង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ីប៉ាស៊ីហ្វិកឲ្យបានកាន់តែឆាប់។ លោកសង្កត់ធ្ងន់ថា៖ «ចិនស្វាគមន៍ការចុះហត្ថលេខាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ហើយពិចារណាចូលរួមក្នុងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងវឌ្ឍនភាពនៃភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។» 
 
RCEP ត្រូវបានចុះហត្ថលេខាកាលពីសប្ដាហ៍មុន ដោយសមាជិកអាស៊ានទាំង១០ បូកបញ្ចូលចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។ អាមេរិក មិនមែនជាសមាជិកចេញកិច្ចព្រមព្រៀងនេះឡើយ ដែលត្រូវបានមើលឃើញថា ជាជោគជ័យដ៏ធំរបស់ចិនក្នុងការតាក់តែងក្បួនរកស៊ីក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ 
 
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហាញមុខក្នុងជំនួប APEC ឆ្នាំនេះដែរ បន្ទាប់ពីអាក់ខានតាំងពីមានមុខដំបូងនៅឆ្នាំ២០១៧ មក។ លោក ត្រាំ បានដកអាមេរិកចេញកិច្ចព្រមព្រៀងដ៏ធំនៅអាស៊ីប៉ាស៊ីហ្វិក ដោយអះអាងថា មិនមានប្រយោជន៍សម្រាប់ក្រុមហ៊ុនអាមេរិក ស្របពេលលោកអនុវត្តគោលនយោបាយអាមេរិកមុនគេផងនោះ៕ 
 

Tag:
 ចិន
  CPTPP
  ស៊ី ជិនភីង
© រក្សាសិទ្ធិដោយ thmeythmey.com