COVID-19
ជាតិ
បុរស​ខ្មែរ​ម្នាក់​វិជ្ជមាន​កូ​វីដ​-១៩ ពេលធ្វើ​តេស្ត​លើក​ទី​៤
22, Nov 2020 , 9:40 am        
រូបភាព
ដោយ:
​បុរស​ជនជាតិខ្មែរ​ម្នាក់​វ័យ ២៧​ឆ្នាំ​ម្នាក់ទៀត មាន​លទ្ធផល​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ក្រោយ​ធ្វើតេស្ត​លើក​ទី​៤ នៅ​ថ្ងៃទី​១៣ នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​។ ក្រោយ​រកឃើញ​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ បុរស​រូបនេះ​ត្រូវ​បានដាក់​អ្នកជំងឺ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​នៅ​ថ្ងៃទី ២២ ខែវិច្ឆិកា​នេះ​។​

 
​តាម​ក្រសួងសុខាភិបាល  បុរស​រូបនេះ រស់នៅ​ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង បានធ្វើ​ដំណើរ​មកពី​ប្រទេស​ជប៉ុន រួច​បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង និង​មកដល់​កម្ពុជា នៅ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០​។ អ្នកដំណើរ​ក្នុង​ជើងហោះហើរ​ជាមួយ​បុរស​រូបនេះ មាន​ចំនួន​៣៩​នាក់ ដោយ​ធ្វើតេស្ត​លើក​ទី​១ រកឃើញ​បុរស​ជនជាតិខ្មែរ ២​នាក់ មាន​លទ្ធផល​វិជ្ជមាន ហើយ​បច្ចុប្បន្ន​ត្រូវ​សម្រាក​ព្យាបាល​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត និង​ម្នាក់ទៀត​បានជា​សៈ​ស្បើយ​ហើយ​។ 
 
​ការធ្វើ​តេស្ត​លើក​ទី​២ រកឃើញ​បុរស​ជនជាតិខ្មែរ ២​នាក់​មាន​លទ្ធផល​វិជ្ជមាន បច្ចុប្បន្ន​បានជា​សះស្បើយ​។ ដោយឡែក​អ្នកដំណើរ​នៅសល់ ៣៤​នាក់ ដែលមាន​លទ្ធផល​អវិជ្ជមាន ត្រូវដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ១៤​ថ្ងៃ​។​
 
​សូមបញ្ជាក់​គិត​ត្រឹម​ថ្ងៃទី ២២​វិច្ឆិកា កម្ពុ​ជាមាន​អ្នក​ឆ្លង​កូ​វីដ​-១៩ សរុប ៣០៦​នាក់ ក្នុងនោះ ជាសះស្បើយ​ចំនួន ២៩៥​នាក់​។  តាម​ក្រសួងសុខាភិបាល មាន​អ្នកជំងឺ​៨​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត និង​៣​នាក់​ទៀត​កំពុង​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​ក្រោម​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com