ជាតិ
ខួប១០ឆ្នាំនៃព្រឹត្តិការណ៍ជាន់គ្នានៅកោះពេជ្រ រដ្ឋបាលរាជធានីនឹងរៀបចំគោរពវិញ្ញាណក្ខន្ធទ្រង់ទ្រាយតូច
× ភ្នំពេញ៖ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ជាខួប១០ឆ្នាំ នៃព្រឹត្តិការណ៍រត់ជាន់គ្នានៅកោះពេជ្រ។ លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់សារព័ត៌មានថ្មីៗថា រដ្ឋបាលរាជធានីភ្នំពេញ បានចាត់តាំងឲ្យរដ្ឋបាលខណ្ឌ ជាអ្នករៀបចំវិញក្នុងទ្រង់ទ្រាយតូច និងមិនមានការជួបជុំមនុស្សច្រើនដូចឆ្នាំកន្លងមកទេ។
ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ជាខួប១០ឆ្នាំនៃការស្លាប់មនុស្សចំនួន ៣៥៣នាក់នៅកោះពេជ្រ។ សម្រាប់ឆ្នាំនេះ សាលារាជធានីភ្នំពេញ មិនបានរៀបចំពិធីសូត្រមន្ត រាប់បាត្រ បង្សុកូល ដើម្បីឧទ្ទិសកុសលដល់វិញ្ញាក្ខន្ធជនរងគ្រោះ ក្នុងទ្រង់ទ្រាយធំដូចឆ្នាំមុនៗឡើយ ដោយសារបញ្ហាកូវីដ-១៩។ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បានប្រាប់សារព័ត៌មានថ្មីៗ សាលារាជធានីភ្នំពេញ បានចាត់តាំងឲ្យរដ្ឋបាលខណ្ឌ ជាអ្នករៀបចំវិញ ដោយមិនមានការជួបជុំដែលមានការជួបជុំមនុស្សច្រេីនឡេីយ។ លោក មេត មាសភក្ដី បញ្ជាក់ថា៖ «ដោយព្រឹត្តិការណ៍៣វិច្ឆិកាទើបតែបញ្ចប់ ដូច្នេះសាលារាជធានីមិនបានរៀបចំឡើយ ដោយចាត់តាំងឲ្យរដ្ឋបាលខណ្ឌជាអ្នករៀបចំក្នុងទ្រង់ទ្រាយតូច»។
សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ ជារាត្រីទី៣ នៃពិធីបុណ្យអុំទូក នៅស្ពាននាគ ជាប្រភេទស្ពានយោល ដែលទើបសាងសង់ថ្មីនៅកោះពេជ្របានកើតឧប្បតិ្តហេតុផ្អើលរត់ជាន់គ្នារហូតដល់ស្លាប់មនុស្សចំនួន៣៥៣នាក់ និងជាង៧០០នាក់រងរបួស។ ករណីនេះមិនត្រូវបានស្វែងរកមូលហេតុពិតប្រាកដណាមួយ នៅពីក្រោយការផ្អើលរត់ជាន់គ្នានេះឡើយ ហើយបន្ទាប់ពីមានមនុស្សស្លាប់ជាច្រើននាក់ ស្ពាននាគ ឬស្ពានយោលនោះក៏ត្រូវវាយកម្ទេចចោលផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com