ជាតិ
ក្រុមអ្នកស្រាវជ្រាវពីជប៉ុន រកឃើញឈើកម្រពីរប្រភេទនៅដែនជម្រកសត្វព្រៃកែវសីមា
22, Nov 2020 , 1:59 pm        
រូបភាព
រូបភាពពីទំព័រហ្វេសប៊ុកអង្គការសមាគមន៍អភិរក្សសត្វព្រៃWCS
រូបភាពពីទំព័រហ្វេសប៊ុកអង្គការសមាគមន៍អភិរក្សសត្វព្រៃWCS
ដោយ:
ភ្នំពេញ៖ ដើមឈើកម្រ២ប្រភេទ ត្រូវបានក្រុមអ្នកស្រាវជ្រាវមកពីប្រទេសជប៉ុន សហការជាមួយមន្រ្តីរដ្ឋបាលព្រៃឈើ រកឃើញ នៅដែនជម្រកសត្វព្រៃកែវសីមា។ ក្រោយរកឃើញដើមឈើទាំង២ប្រភេទនេះ អ្នកវិទ្យាសាស្ត្រ បានដាក់ឈ្មោះថា ម៉ាឈីលូស កាំបូឌីយ៉ាណា និង ម៉ាឈីលូស សីមេនស៊ីស។ នេះបើតាមទំព័រហ្វេសប៊ុកអង្គការសមាគមអភិរក្សសត្វព្រៃ(WCS)។


 
លោក កែន សេរីរដ្ឋា ប្រធានអង្គការ WCS ប្រាប់សារព័ត៌មានThmeyThmey25 តាមទូរស័ព្ទថា ដើមឈើទាំង ២ប្រភេទនេះមាននៅក្នុងព្រៃស្រោងនៃដែនជម្រកសត្វព្រៃកែវសីមា យូរមកហើយ ប៉ុន្តែអង្គការWCS បានកំណត់ពេលវេលានៃការរកឃើញ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោយការដាក់ឈ្មោះជាផ្លូវការ និងឆ្លងកាត់ការពិសោធន៍រួចរាល់។
 
បន្ទាប់ពីពិសោធន៍ហើយ អ្នកវិទ្យាសាស្ត្រ បានដាក់ឈ្មោះដើមឈើទាំង ២ប្រភេទនេះថា «ម៉ាឈីលូស កាំបូឌីយ៉ាណា (Machilus cambodiana) » ដោយពាក្យខាងក្រោយ «កាំបូឌីយ៉ាណា » មានន័យថាប្រទេសកម្ពុជា។ ប្រភេទដើមឈើមួយទៀត ដែលមានឈ្មោះថា «ម៉ាឈីលូស សីមេនស៊ីស (Machilus seimensis)» ដោយមានពាក្យខាងក្រោយថា «សីមេនស៊ីស» មានន័យថា ដែនជម្រកសត្វព្រៃកែវសីមា។ 
 
ប្រធានអង្គការ WCS បានបន្តទៀតថា ដើមឈើទាំង ២ប្រភេទនេះមានអម្បូរខុសគ្នា ប៉ុន្តែមានលក្ខណជីវសាស្រ្តដូចគ្នា។ លោកបានលើកឡើងដូច្នេះថា៖ « វាមានលក្ខណៈខុសគ្នា ដែលជាលក្ខណអម្បូរផ្សេងគ្នា ក៏ប៉ុន្តែមានលក្ខណជីវសាស្ត្រក្នុងការរស់នៅ អាកាសធាតុ ដំណុះ សំណើម និងជម្រកមានលក្ខណព្រៃស្រោងដូចគ្នា »។ នេះជាការបន្ថែមរបស់លោក សេរីរដ្ឋា ដែលបានបន្ថែមថា ដើមឈើ ២ប្រភេទនេះ ជាប្រភេទដើមធំៗ ខ្ពស់ៗ និងមានអាយុកាលវែង។


ដើមឈើប្រភេទ ម៉ាឈីលូស កាំបូឌីយ៉ាណា រូបភាពពីទំព័រហ្វេសប៊ុកអង្គការ
 
លោក សេរីរដ្ឋា បញ្ជាក់ផងដែរថាក្រៅពីដែនជម្រកសត្វព្រៃកែវសីមា ដើមឈើទាំង២ ប្រភេទនេះ អាចមាននៅតំបន់ព្រៃស្រោង ដទៃទៀត ក្នុងប្រទេសកម្ពុជា ដូចជានៅតំបន់ភ្នំបូកគោ ជាដើម។ លោក កែន សេរីរដ្ឋា បានរៀបរាប់តាមបែបវិទ្យាសាស្ត្រដូច្នេះថា ៖ « ដើមឈើទាំង២នេះ បង្ហាញពីភាពសម្បូរបែបនៃជីវចម្រុះ ប្រព័ន្ធអេកូស៊ីស្ទឹម ក្នុងន័យមួយដែលវាបង្ហាញពីភាពសម្បូរបែប ជាជម្រកមួយផ្ដល់ភាពងាយស្រួលសម្រាប់សត្វច្រើនប្រភេទរស់នៅ។ ទី២ បង្ហាញពីភាពសម្បូរបែប នៃចំនួនរុក្ខជាតិជិតផុតពូជនៅក្នុងពិភពលោក និងប្រទេសកម្ពុជា »។ 
 
តែយ៉ាងណាលោក សេរីរដ្ឋា មិនអាចពន្យល់ពីអត្ថប្រយោជន៍ ដើមឈើទាំង២នេះ សម្រាប់ប្រជាជនដែលរស់នៅតំបន់នោះបានទេ ដោយអ្នកស្រាវជ្រាវ អាចលើកឡើងតែពីផលប្រយោជន៍បែបវិទ្យាសាស្ត្រតែប៉ុណ្ណោះ។ 
 
ទោះជា ម៉ាឈីលូស កាំបូឌីយ៉ាណា និងម៉ាឈីលូស សីមេនស៊ីស មិនទាន់ត្រូវបានអង្គការ IUCN ដាក់ចូលក្នុងបញ្ជីក្រហមរបស់ខ្លួន ប៉ុន្តែ អ្នកស្រាវជ្រាវជឿថា IUCN នឹងដាក់បញ្ចូលក្នុងពេលឆាប់ៗនេះ ព្រោះវាជាប្រភេទដើមឈើកម្ររ និងជិតផុតពូជ។
 
គួបញ្ជាក់ផងដែរថាដែនជម្រកសត្វព្រៃកែវសីមា ត្រូវបានគេស្គាល់ថាជាទីជម្រកសម្រាប់រុក្ខជាតិតូចៗ និងដើមឈើសរុបជាង ២៦០ប្រភេទ ក្នុងនោះមាន ២០ប្រភេទកំពុងឈានទៅរកការផុតពូជជាសកល និង ៥៣ប្រភេទទៀត ត្រូវបានរដ្ឋបាលព្រៃឈើចាត់ចំណាត់ថ្នាក់ជាប្រភេទឈើប្រណិត ឬប្រភេទឈើលេខ១ លេខ២ ឬលេខ៣៕


ដើមឈើប្រភេទ ម៉ាឈីលូស សីមេនស៊ីស រូបភាពពីទំព័រហ្វេសប៊ុកអង្គការសមាគមន៍អភិរក្សសត្វព្រៃកម្ពុជា (WCS)


Tag:
 ម៉ាឈីលូស កាំបូឌីយ៉ាណា
  ម៉ាឈីលូស សីមេនស៊ីស
  កែវសីមា
  បរិស្ថាន
  ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com