អន្តរជាតិ
Twitter, Facebook នឹងប្រគល់គណនីប្រធានាធិបតីឲ្យលោក បៃឌិន នៅថ្ងៃស្បថចូលកាន់តំណែង
22, Nov 2020 , 2:59 pm        
រូបភាព
គណនី Twitter ផ្លូវការរបស់ប្រធានាធិបតីអាមេរិក។
គណនី Twitter ផ្លូវការរបស់ប្រធានាធិបតីអាមេរិក។
ក្រុមហ៊ុនបណ្ដាញសង្គមយក្ស Twitter និង Facebook នឹងប្រគល់គណនីផ្លូវការប្រធានាធិបតីអាមេរិក (@POTUS) ទៅឲ្យលោក ចូ បៃឌិន នៅថ្ងៃលោកស្បថចូលកាន់តំណែង។ ក្រុមហ៊ុនទាំងពីរបញ្ជាក់ជំហរបែបនេះនៅថ្ងៃទី២១ ខែវិច្ឆិកា ស្របពេលដែលលោក ដូណាល់ ត្រាំ ដែលកំពុងកាន់កាប់គណនីក្នុងបណ្ដាញសង្គមទាំងពីរ មិនទាន់មានសញ្ញា ចុះចេញនៅឡើយ។ 

 
@POTUS ជាគណនីផ្លូវការនៅលើបណ្ដាញសង្គម Facebook និងTwitter របស់ប្រធានាធិបតីអាមេរិក។ គណនីនេះ ខុសពីគណនី @realDonaldTrump ដែលជាគណនីផ្ទាល់ខ្លួនរបស់លោក ត្រាំ លើTwitter និងទំព័រ Donald Trump នៅលើ Facebook ដែលលោក ត្រាំ ប្រើប្រាស់ជាប្រចាំ។ ខណៈលោក ត្រាំ មិនទាន់ប្រកាសចុះចាញ់នោះ ក្រុមហ៊ុនយក្សទាំងពីរអះអាងថា ខ្លួននឹងប្រគល់គណនីផ្លូវការរបស់ប្រធានាធិបតីឲ្យលោក ចូ បៃឌិន នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ។
 
បើតាមទីភ្នាក់ងារព័ត៌មាន Reuters ទាំង Twitter និងទាំង Facebook នឹងសហការជាមួយមន្ត្រីអាមេរិកដូចដែលធ្លាប់ធ្វើកាលពីឆ្នាំ២០១៧ ។ បណ្ដាញសង្គម Twitter ប្រាប់ Reuters ថា៖ «យើងកំពុងរៀបចំយ៉ាងសកម្មដើម្បីគាំទ្រការផ្ទេរគណនី Twitter របស់សេតវិមាននៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។ ដូចដែលធ្លាប់ធ្វើនៅឆ្នាំ២០១៧ ដំណើរការនេះ ត្រូវធ្វើឡើងដោយមានការសម្របសម្រួលជាមួយបណ្ណសារដ្ឋាន និងកំណត់ត្រាជាតិ។»  
 
មិនមែនតែគណនីប្រធានាធិបតី Twitter ក៏នឹងផ្ទេរការគ្រប់គ្រងគណនីផ្សេងទៀតដូចជាសេតវិមាន អនុប្រធានាធិបតី ស្រ្តីទីមួយ នៅថ្ងៃសច្ចាប្រណិធាននោះដែរ។
 
ចំណែកបណ្ដាញសង្គមដ៏ធំ Facebook ក៏នឹងចាត់វិធានការដូចគ្នាដែរ។ ក្រុមហ៊ុននេះលើកឡើងថា នៅឆ្នាំ២០១៧ ខ្លួនសហការជាមួយរដ្ឋបាលលោក អូបាម៉ា និងលោក ត្រាំ លើការផ្ទេរគណនី Facebook និង Instagram នៅថ្ងៃទី២០ ខែមករា ហើយរំពឹងថា នឹងបន្តធ្វើបែបនេះនៅពេលនេះទៀត។ 
 
សារព័ត៌មានអាមេរិក Politico រាយការណ៍ថា ការផ្ទេរការគ្រប់គ្រងនេះ មិនចាំបាច់បញ្ចូលការចែករំលែកព័ត៌មានឡើយ៕   

Tag:
 Facebook
  Twitter
  ចូ បៃឌិន
© រក្សាសិទ្ធិដោយ thmeythmey.com