ពីនេះ ពីនោះ
សុខភាព
របៀប​ហាត់ប្រាណ ដើម្បី​ទប់ស្កាត់​ជំងឺ​ពុក​ឆ្អឹង​
23, Nov 2020 , 6:59 pm        
រូបភាព
​ការដែល​ទទួលដំណឹង​ថា អ្នកមាន​ជំងឺ​ពុក​ឆ្អឹង ឬ​អាច​ប្រឈម​នឹង​ការបាក់​ឆ្អឹង​យ៉ាង​ងាយ​នោះ ពិតជា​ពិបាក​នឹង​ទទួលយក​ណាស់ និង​មិន​ហ៊ាន​ចាប់ផ្តើម​ហាត់ប្រាណ​ទៀត​ទេ ព្រោះតែ​ខ្លាច​ដួល​ទៅ បណ្តាល​ឲ្យ​បាក់ឆ្អឹង​បាន ប៉ុន្តែ អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​គឺថា ការហាត់​ប្រាណ គឺជា​អ្វីដែល​អ្នក​ត្រូវតែ​ធ្វើ​ហើយ ក្នុងដំណាក់កាល​មួយ​នេះ​។​

 
​បើសិនជា​អ្នក​ធ្លាប់​បាក់ឆ្អឹង​រួចហើយ វា​ពិតជា​អាច​កើតឡើង​ម្តងទៀត នៅពេល​ហាត់ប្រាណ​។ ហេតុ​ដូច្នេះហើយ ទើប​តម្រូវ​ឲ្យ​អ្នក​ជ្រើសរើស វិធី​ហាត់ប្រាណ​ណា​ដែល​ស្រួល និង​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​បង្កើន​កំហាប់​ឆ្អឹង និង​ភាពរឹងមាំ​របស់​វា​។​
 
​ការហាត់​ប្រាណ ពិតជា​ជួយ​បង្កើន​កំហាប់​ឆ្អឹង និង​ភាពរឹងមាំ​របស់​ច្រើនណាស់​។ វា​អាចជួយ​អ្នក​ពង្រឹង​ដល់ អារម្មណ៍​នៃ​ភាព​មាន​លំនឹង ដូច្នេះ អ្នកនឹង​មិន​ងាយ​ដួល​ដោយ​ងាយ​ឡើយ​។ ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​នូវ​ការហាត់​ប្រាណ​មួយចំនួន ដើម្បី​ទប់ស្កាត់​ជំងឺ​ពុក​ឆ្អឹង​បាន ហើយ​អ្នក​ក៏​គួរតែ​សា​កល្ប​ដែរ ៖
 
​ចូរ​ហាត់ប្រាណ​ពង្រឹង​សាច់ដុំ តាមរយៈ​ការប្រើប្រាស់​ម៉ាស៊ីន ដែល​អាច​ធ្វើបាន​ក្នុង​ក្លិប ឬ​ទិញ​មក​ប្រើ​ក្នុងផ្ទះ​ក៏បាន ព្រោះ​វា​មិន​តម្រូវ​ឲ្យ​អ្នក ធ្វើការ​លើកដាក់​ធ្ងន់ៗ​ឡើយ​។​
​ការហាត់​ប្រាណ​ដែល​តម្រូវ​ឲ្យ​មាន ការបត់បែន​សន្លាក់​រា​ង​កាយ​ច្រើន ដូចជា ការហាត់​ក្បាច់​យូ​ហ្កា នឹង​ជួយ​ធ្វើ​ឲ្យ​សាច់ដុំ​ធូរស្រាល​ល្អ​ផង និង​ឆ្អឹង​រឹងមាំ​ផង​។​
 
​ការហាត់​ប្រាណ​ដែល​ទ្រ​ទម្ងន់​ខ្លួនឯង​ដូចជា ការរត់ រាំ ដើរ និង​ហែល​ទឹក ពិតជា​ល្អ​បំផុត សម្រាប់​ផ្តល់​ភាពរឹងមាំ​ដល់​ឆ្អឹង និង​សាច់ដុំ​។​
 
​ជំងឺ​ពុក​ឆ្អឹង អាចធ្វើ​ឲ្យ​ឆ្អឹង​ខ្សោយ​បាន នៅពេល​អាយុ​កាន់តែច្រើន និង​ងាយ​បណ្តាល​ឲ្យ​មាន​របួស​ណាស់​។ តាមរយៈ​ការហាត់​ប្រាណ​ច្រើន​ប្រភេទ អ្នកនឹង​អាច​ពង្រឹង​ដល់​ភាពរឹងមាំ​របស់​ឆ្អឹង​ដោយ​ខ្លួនឯង ហើយ​ចៀស​ផុតពី​ការបាក់​ឆ្អឹង បាន​ច្រើន​បំផុត​ផងដែរ​។ ពិតណាស់ អ្នក​ត្រូវតែ​ជ្រើសរើស​ការហាត់​ប្រាណ​ណា ដែល​ស័ក្តិសម​នឹង​អ្នកផង​។ ចូរ​ប្រាកដថា មិនត្រូវ​បង្ខំ​ខ្លួនឯង​ធ្វើ​អ្វីមួយ​ខ្លាំងក្លា​ពេក នៅពេល​ទើបតែ​ចាប់ផ្តើម​នោះទេ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com