ជួយ​ចែករំលែក​! ខ្សោះ​ជាតិ​ទឹក​ក្នុង​រាងកាយ​នឹង​បង្ហាញ​អាកា​រៈ​អ្វីខ្លះ​?
ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! ខ្សោះ​ជាតិ​ទឹក​ក្នុង​រាងកាយ​នឹង​បង្ហាញ​អាកា​រៈ​អ្វីខ្លះ​?
24, Nov 2020 , 6:59 am        
រូបភាព
​ទឹក ជា​ភេសជ្ជៈ​ដ៏​ប្រសើរ​បំផុត​មួយ​សម្រាប់​រក្សា​សុខភាព​រាងកាយ និង​ទ្រទ្រង់​ជីវិត​។ អ្នកជំនាញ​ជាច្រើន​ណែនាំ​ឲ្យ​ទទួលទាន​ប្រមាណ​ជា ២ លីត្រ ឬ​ពី ៨ ទៅ ៩ កែវ​ក្នុង​មួយថ្ងៃ​ដើម្បី​រក្សាបាន​សុខភាព​ល្អប្រសើរ​ជៀស​ផុតពី​បញ្ហា​ផ្សេងៗ​។ ប៉ុន្តែ​ថា​តើ​នឹងមាន​អ្វី​កើត​ឡើងទៅ​ប្រសិនបើ​អ្នកទទួល​ទាន​ទឹក​មិនបាន​គ្រប់គ្រាន់​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អា​ការៈដែល​អាច​លេចឡើង​នៅពេល​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាងកាយ ៖

 
១. អស់កម្លាំង​
 
​ទឹក ជា​ប្រភព​ថាមពល​ដ៏​សំខាន់បំផុត​មួយ​នៅក្នុង​រាងកាយ​។ ការទទួល​ទឹក​មិនបាន​គ្រប់គ្រាន់ ឬ​កង្វះ​ជាតិ​ទឹក​ក្នុង​រាងកាយ​អាច​ពន្យឺត​ដំណើរការ​ស​កម្ម​ភាព​នៃ​អង់ស៊ីម​ដែល​បណ្ដាលឱ្យ​អ្នក​អស់កម្លាំង​។​
 
២. ស្បែក​ស្ងួត​
 
​ស្បែក គឺជា​សរីរាង្គ​ដ៏​ធំ​បំផុត​នៃ​រាងកាយ ដូច្នេះ​វា​ត្រូវការ​រក្សាបាន​នូវ​ជាតិ​សំណើម ឬ​ជាតិ​ទឹក​ជាប់​ជានិច្ច​។ ជា​ញឹកញយ ស្បែក​ស្ងួត​ជា​អា​ការៈដែល​លេចឡើង​ដំបូង​បំផុត​នៃ​កង្វះ​ជាតិ​ទឹក​ក្នុង​រាងកាយ​ដែល​បង្កបញ្ហា​គួរឱ្យ​ព្រួយបារម្ភ​ផ្សេងៗ​។​
 
៣. រមួល​សាច់ដុំ​
 
​នៅពេល​ជាតិ​ទឹក​ក្នុង​រាងកាយ​តិចពេក​នោះ​ចុង​នៃ​ស​សៃ​ប្រសាទ​ត្រូវ​ច្របាច់​បញ្ចូល​គ្នា​ហើយ​ជាតិ​ទឹក ឬ​សារធាតុ​រាវ​ខាងក្រៅ​កោសិកា​សាច់ដុំ​ត្រូវ​ថយចុះ​ជាង​ហេតុនាំឱ្យ​អាកា​រៈរ​មួល​សាច់ដុំ​លេចឡើង​។ ភាពប្រែប្រួល​នៃ​កម្រិត​សូ​ដ្យូ​ម អេ​ឡិច​ត្រូ​លីត្រ និង​ប៉ូ​តា​ស្យូ​ម​ក៏​អាច​បណ្ដាលឱ្យ​រមួល​សាច់ដុំ​ផងដែរ​។​
 
៤. ឈឺសន្លាក់​
 
​ឆ្អឹងខ្ចី និង​ឆ្អឹងខ្នង​បាន​បង្កើតឡើង​ពី​ជាតិ​ទឹក​ប្រមាណ ៨០ ភាគរយ​។ ទឹក គឺ​ចាំបាច់​ណាស់​ក្នុងការ​រក្សា​ឆ្អឹង​ពី​ការ​សង្កៀត​គ្នា​នៅពេល​យើង​ធ្វើ​ចលនា​។ ដូច្នេះ​ប្រសិនបើ​អ្នកទទួល​ទាន​ទឹក​មិនបាន​គ្រប់គ្រាន់​ទេនោះ អ្នកនឹង​ជួបប្រទះ​បញ្ហា​ឈឺសន្លាក់​ជាក់​ជាមិនខាន​ក្រោយពេល​ចលនា​ភ្លាមៗ​ដូចជា រត់ ឬ​លោត​។​
 
៥. ឈឺក្បាល​
 
​ប្រសិនបើ​មិន​ទទួលទាន​ទឹក​ប្រមាណ ២ លីត្រ​ក្នុង​មួយថ្ងៃ​ជាប្រចាំ​ទេនោះ​អ្នក​ប្រាកដជា​ងាយ​នឹង​ជួយ​ប្រទះ​អា​ការៈឈឺ​ក្បាល​គួរឱ្យ​រំខាន​។ នេះ​ក៏​ព្រោះតែ​ខួរក្បាល​ត្រូវការ​ជាតិ​ទឹក​ដល់​ទៅ ៧៥ ភាគរយ​! ដូច្នេះ​ប្រសិនបើ​អ្នកទទួល​ទាន​ទឹក​មិនបាន​ច្រើន​គ្រប់គ្រាន់ ខួរក្បាល​អាច​នឹង​ប្រែ​ជារួម​តូច​ហើយ​ត្រូវ​ធ្វើការ​ខ្លាំង​ច្រើនជាង​មុខ​បង្ក​ជា​បញ្ហា​ឈឺក្បាល​គួរឱ្យ​បារម្ភ​។ ម្យ៉ាងវិញទៀត​កង្វះ​ជាតិ​ទឹក​ក្នុង​រាងកាយ គឺជា​មូលហេតុ​ទូទៅ​បំផុត​មួយ​នៃ​អា​ការៈឈឺ​ក្បាល​។ ដូច្នេះ​ដើម្បី​ជៀស​ផុតពី​បញ្ហា​នេះ​ចូរ​ទទួលទាន​ទឹក​ឱ្យបាន​គ្រប់គ្រាន់​ជាប្រចាំ​។​
 
៦. ខ្យល់​ដង្ហើម​មិនល្អ​
 
​កង្វះ​ជាតិ​ទឹក​ក្នុង​រាងកាយ​អាច​បណ្ដាលឱ្យ​ការផលិត​ទឹកមាត់​ត្រូវ​ថយចុះ​ជាហេតុ​នាំឱ្យ​បញ្ហា​ធុំក្លិន​មាត់​លេចឡើង​។ បរិមាណ​ទឹកមាត់​តិច​ពេក​ក៏​មិនអាច​កម្ចាត់​បាក់តេរី​ចេញពី​ក្នុង​មាត់​បានដែរ ហើយ​បរិ​មាណនៃ​បាក់តេរី​ក៏​កាន់តែ​កើនឡើង​។​
 
៧. វិលមុខ​
 
​ពេលខ្លះ​ដំណោះស្រាយ​ដ៏​ល្អ​បំផុត​នៃ​អាកា​រៈ​វិលមុខ គឺ​ទទួលទាន​ទឹក ១ កែវ​។ នោះ​ក៏​ព្រោះតែ​កង្វះ​ជាតិ​ទឹក​ក្នុង​រាងកាយ​អាច​កាត់បន្ថយ​បរិមាណ​ឈាម​ដែល​ធ្វើឱ្យ​ខួរក្បាល​ទទួលបាន​អុកស៊ីសែន​តិចជាង​ធម្មតា​បង្ក​អាកា​រៈ​វិលមុខ​។ ដើម្បី​ជាការ​ប្រសើរ​ចូរ​ព្យាយាម​ទទួលទាន​ទឹក​ឱ្យបាន​ច្រើន​គ្រប់គ្រាន់​ពិសេស​នៅពេល​ឈឺ​។ ប្រសិនបើ​អ្នក​ឧស្សាហ៍​វិលមុខ​ទោះបីជា​បានទទួល​ទាន​ទឹក ២ លីត្រ​ក្នុង​មួយថ្ងៃ​ហើយ​នោះ​ចូរ​កុំ​ស្ទាក់ស្ទើ​នឹង​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com