សង្គមអន្តរជាតិ​
អន្តរជាតិ
ទីប្រឹក្សា​សន្តិសុខ​លោក ត្រាំ​៖ ទំនាក់ទំនង​អាមេរិក​-​វៀតណាម កំពុង​រឹងមាំ និង​កាន់តែ​រឹងមាំ​នៅ​ថ្ងៃ​ខាងមុខ​
23, Nov 2020 , 1:29 pm        
រូបភាព
ទីប្រឹក្សាសន្តិសុខប្រធានាធិតីអាមេរិក លោក Robert O
ទីប្រឹក្សាសន្តិសុខប្រធានាធិតីអាមេរិក លោក Robert O'Brien ជល់កែងដៃជាមួយរដ្ឋមន្រ្តីការបរទេសវៀតណាម ផាម ប៊ិញមិញ។ រូបភាពវេបសាយរដ្ឋាភិបាលវៀតណាម
​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​ប្រធានាធិបតី​អាមេរិក លោក Robert O’Brien បាន​និយាយ​នៅ​ថ្ងៃទី​២២ ខែវិច្ឆិកា ថា ទំនាក់ទំនង​រវាង​អាមេរិក និង​វៀតណាម កំពុងតែ​រឹងមាំ ហើយ​កាន់តែ​រឹងមាំ​ថែមទៀត​នៅ​ថ្ងៃ​ខាងមុខ​។ លោក​និយាយ​បែបនេះ​ក្នុងជំនួប​ជាមួយ​និស្សិត​វៀតណាម​អំឡុង​ទស្សនកិច្ច​នៅ​ទីក្រុង​ហាណូយ ដើម្បី​អបអរ​ខួប​២៥​ឆ្នាំ​នៃ​ការស្ដារ​ទំនាក់ទំនង​ការទូត​រវាង​អតីត​សត្រូវ​ទាំងពីរ​ក្នុង​សង្គ្រាម​វៀតណាម​។​

 
​អំឡុង​ទស្សនកិច្ច​បី​ថ្ងៃ​នៅ​វៀតណាម លោក Robert O’Brien ទីប្រឹក្សា​សន្តិសុខ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​ជាច្រើន​រាប់ទាំង​នាយករដ្ឋមន្ត្រី ង្វៀន ស៊ួ​ន​ហ្វុ​ក និង​រដ្ឋមន្ត្រីការបរទេស ផាម ប៊ិ​ញ​មិញ ។ លោក ក៏បាន​ទៅ​ថ្លែង​សុន្ទរកថា​នៅ​បណ្ឌិត្យសភា​ការទូត​វៀតណាម ដោយបាន​លើកឡើង​ពី​ការកសាង​ទំនុកចិត្ត​រវាង​អាមេរិក និង​វៀតណាម​កាលពី​ឆ្នាំ​១៩៩៥ ពេលដែល​ទំនាក់​ទ​នង​ទ្វេភាគី​ត្រូវបាន​ភ្ជាប់​ឡើងវិញ​។​
 
​បើតាម​វេ​ប​សាយ​រដ្ឋាភិបាល​វៀតណាម លោក O’Brien និយាយថា កាលពី​២៥​ឆ្នាំមុន អាមេរិក និង​វៀតណាម បាន​ទុក​ភាពមិន​ត្រូវ​មួយ​ឡែក ហើយ​បង្កើត​មិត្តភាព​ដែល​បាន​រីកលូតលាស់​ទៅជា​ភាពជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ និង​រឹងមាំ ដោយ​ឈរលើ​គោលការណ៍​ទុកចិត្ត និង​យល់​ពីគ្នា​ទៅវិញទៅមក​។ លោក​បន្តទៀតថា អាមេរិក​បន្តធ្វើ​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​វៀតណាម​លើ​ការរក្សាសន្តិសុខ និង​សន្តិភាព​ក្នុង​តំបន់​។  
 
«​លោក​អះអាងថា អាមេរិក​ឲ្យ​តម្លៃ​លើ​ភាពជា​ដៃគូ​របស់​វៀតណាម និង​ការសម្របសម្រួល​ជិតស្និទ្ធ​លើ​បញ្ហា​ជា​ក្ដីបារម្ភ​រួម​ដូចជា​ការរក្សាសន្តិសុខ និង​ស្ថិរភាព​នៅ​សមុទ្រ​ខាងកើត និង​មេគង្គ​។​» វេ​ប​សាយ​រដ្ឋាភិបាល​វៀតណាម​ស្រង់​សម្ដី​ទីប្រឹក្សា​សន្តិសុខ​អាមេរិក​ផ្សាយ​បែបនេះ​។ សមុទ្រ​ខាងកើត ជា​ឈ្មោះ​វៀតណាម​ហៅ​សមុទ្រ​ចិន​ខាងត្បូង​។ 
 
​ដោយឡែក​នា​ជំនួប​ជាមួយ​លោក ផាម នៅ​ថ្ងៃទី​២១ ខែវិច្ឆិកា មន្ត្រី​ទាំងពីរ​ឯកភាពគ្នា​ថា ទំនាក់ទំនង​ទ្វេភាគី​ឈានដល់​ចំណុចកំពូល និង​ល្អ​មិន​ធ្លាប់មាន​។ ប្រមុខ​ការទូត​វៀតណាម​ថែមទាំង​និយាយថា វៀតណាម និង​សមាជិក​អាស៊ាន​ឯទៀត នឹង​បន្ត​ការគាំទ្រ និង​ការសម្របសម្រួល​ជាមួយ​អាមេរិក និង​ប្រទេស​ផ្សេងទៀត​ក្នុងការ​រួមចំណែក​វិជ្ជមាន​ដើម្បី​រក្សា​សន្តិភាព សន្តិសុខ ស្ថិរភាព កិច្ចសហប្រតិបត្តិការ និង​សណ្ដាប់ធ្នាប់​ផ្អែក​តាមច្បាប់​នៅ​តំបន់ និង​ពិភពលោក​៕
 
 

Tag:
 អាមេរិក​
  វៀតណាម​
  Robert O’Brien
© រក្សាសិទ្ធិដោយ thmeythmey.com