ជាតិ
ប្រើពេល​៤៩​ថ្ងៃ សាយ បានរ​ត់ដល់​សៀមរាប ដោយ​រកបាន​ថវិកា​៤០​ម៉ឺន​ដុល្លារ ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ​
23, Nov 2020 , 2:59 pm        
រូបភាព
លោក អ៊ួន បឋម ហៅ សាយ ពាក់អាវយឺត«ស» ឈរកាន់បាច់ផ្កា ដែលបានបង្កើត«យុទ្ធនាការរត់ដើម្បីសប្បុរសធម៌ជាមួយសាយ» ជួយដល់មន្ទីរពេទ្យកុមារអង្គរ នៅខេត្តសៀមរាប
លោក អ៊ួន បឋម ហៅ សាយ ពាក់អាវយឺត«ស» ឈរកាន់បាច់ផ្កា ដែលបានបង្កើត«យុទ្ធនាការរត់ដើម្បីសប្បុរសធម៌ជាមួយសាយ» ជួយដល់មន្ទីរពេទ្យកុមារអង្គរ នៅខេត្តសៀមរាប
​សៀមរាប​៖ សាយ បាន​រត់​មកដល់​ខេត្តសៀមរាប​ហើយ នៅ​ថ្ងៃទី​២៣ វិច្ឆិកា ដោយមាន​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​មហាជន​។ ប្រើពេល​វេលា​៤៩​ថ្ងៃ នៃ​«​យុទ្ធនា​ការរត់​ដើម្បី​សប្បុរសធម៌​ជាមួយ​សាយ​» បា​នរក​ថវិកា​៤០​ម៉ឺន​ដុល្លារ ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​។ បើតាម​គម្រោង សាយ នឹង​ប្រើ​ពេល៩៩​ថ្ងៃ រត់​ជុំវិញ​ប្រទេស​កម្ពុជា ដើម្បី​រៃអង្គាស​ថវិកា ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ នៅ​ខេត្តសៀមរាប​នេះ​។​

 
«​ខ្ញុំ​ប្រឹង​រត់ លំបាក​វេទនា​នេះ គឺ​យើង​ចង់​បង្ហាញថា ខ្ញុំ​ពិបាក​ប៉ុណ្ណេះ ប៉ុន្ដែ​សម្រាប់​ខ្ញុំ​មើលឃើញថា មន្ទីរពេទ្យ​ពិបាក​ជាង​ខ្ញុំ ខ្ញុំ​រត់​មួយថ្ងៃ​ប្រហែល​ចាយ​ពេល​នៅលើ​ផ្លូវ ៦​ទៅ​៨​ម៉ោង ប៉ុន្ដែ​ពេទ្យ​សឹងតែ​២៤​ម៉ោង​...​ខ្ញុំ​ព្យាយាម​រត់​ដើម្បី​រៃអង្គាស​ថវិកា​ជួយ​មន្ទីរពេទ្យ តែ​មន្ទីរពេទ្យ​គាត់​ព្យាយាម​ដើម្បី​ជួយ​ជីវិត​ក្មេងៗ​»​។ នេះ​ជា​សំដី​របស់លោក អ៊ួ​ន បឋម ហៅ​សាយ ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ព្រឹក​ថ្ងៃទី​២៣ វិច្ឆិកា​។ នេះ​ជា​លើក​ទី​១​ហើយ​ដែល​បុរស​វ័យ​៣០​ឆ្នាំ​រូបនេះ បាន​បង្កើត​ព្រឹត្តិការណ៍​សប្បុរសធម៌​ក្នុងនាម​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់ សម្រាប់​ជួយ​សង្គម​តាមរយៈ​មន្ទីរពេទ្យ​កុមារ​អង្គរ ខេត្តសៀមរាប​។​
 
​សាយ បន្ថែមថា​៖«​អ្វីដែល​ខ្ញុំ​ចង់ឃើញ​មួយទៀត សម្រាប់​ខ្ញុំ​ផ្ទាល់​ក៏ដូចជា​ទៅ​មហាជន យើង​ឃើញ​កម្មវិធី​ជាច្រើន សូម្បីតែ​ក្នុងស្រុក​ខ្មែរ គឺ​សុទ្ធតែ​បរទេស​ជា​អ្នកបង្កើត ហើយ​យើង​ជា​ជនជាតិខ្មែរ​ទៅ​ចូលរួម ដើម្បី​ជួយ​ទៅដល់​សង្គម​ខ្មែរ​ខ្លួនឯង ដូច្នេះ​ខ្ញុំ​បង្កើត​កម្មវិធី​នេះ​ឡើង​ចង់​បង្ហាញថា ជនជាតិខ្មែរ​ក៏​អាចបង្កើត​នូវ​កម្មវិធី​សង្គម​ធំៗ​ឬ​ដ៏​ល្អ​មួយ ហើយ​ឱ្យមាន​ការចូលរួម​ពី​ប្រជាជន​ខ្មែរ​យើង​ដើម្បី​ជួយ​សង្គម​ខ្លួនឯង​...»​។​


 
​«ព្រឹត្តិការណ៍​សប្បុរសធម៌​របស់​សាយ​»បានចាប់ផ្តើម​ពីថ្ងៃ​ទី​៦ ខែតុលា​មក ។ មុនមកដល់​ខេត្តសៀមរាប​នេះ សាយ បានរត់ពីភ្នំពេញ មកកំពង់ស្ពឺ តាកែវ កែប កំពត កំពង់សោម កោះកុង ពោធិ៍សាត់ បាត់ដំបង បៃលិន និងក្រុងសិរីសោភ័ណ ដោយប្រើ​រយៈពេល​៤៩​ថ្ងៃ​ហើយ​។ លោក សាយ គ្រោង​បន្តដំណើរ​កាត់​តាម​ខេត្តព្រះវិហារ និង​បន្ត​រហូតដល់​ខេត្តព្រៃវែង រហូតដល់​គោលដៅ​ចុងក្រោយ​នៅ​រាជធានី​ភ្នំពេញ​។ តាម​គម្រោង ការរត់​សប្បុរសធម៌​ជុំវិញ​ប្រទេស​នេះ ធ្វើឡើង​រយៈពេល​៩៩​ថ្ងៃ គឺ​គ្រោង​បញ្ចប់​នៅ​ថ្ងៃទី​១៣ ខែមករា ដែលមាន​រយៈ​ចម្ងាយ​ជាង​២​ពាន់​គីឡូម៉ែត្រ​។ មុនដំបូង លោក សាយ ដែលជា​អ្នក​ផ្តួចផ្តើម​ព្រឹត្តិការណ៍​មនុស្សធម៌​នេះ​រំពឹងថា​នឹង​ទទួលបាន​ថវិកា​រៃអង្គាស​ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ ចំនួន​២៥​ម៉ឺន​ដុល្លារ តែ​ថវិកា​នេះ​កើន​ហួស​ពី​ការគ្រោងទុក គឺ​ត្រឹម​ពាក់កណ្ដាល​ផ្លូវ (​ត្រឹម​ថ្ងៃទី​២៣ វិច្ឆិកា​) ថវិកា​ទទួលបាន​ជាង ៤០​ម៉ឺន​ដុល្លារ​រួចហើយ និង​រំពឹងថា ទទួលបាន​ថវិកា ១​លាន​ដុល្លារ រហូតដល់​គោលដៅ​ចុងក្រោយ​នៅ​រាជធានី​ភ្នំពេញ​។​
 
 
​លោក​វេជ្ជបណ្ឌិត ទេព ណាវី នាយក​ប្រតិបត្តិ​មន្ទីរពេទ្យ​កុមារ​អង្គរ និយាយថា ក្នុង​មួយថ្ងៃ​មន្ទីរពេទ្យ​កុមារ​អង្គរ​ដែល​ប្រតិបត្តិការ​តាំងពី​ឆ្នាំ​១៩៩៩​មក ទទួល​ការព្យាបាល​និង​ថែ​កុមារ​កម្ពុជា​ពី ៤០០​ទៅ​៥០០​នាក់​។ ក្នុង​ឆ្នាំ​២០២០ ការប្រតិបត្តិ​ការ​រប​ស់​មន្ទីរពេទ្យ​ជួប​បញ្ហា​ធំ​ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ដែល​ធ្វើឱ្យ​ការ​រៃអង្គាស​ថវិកា​ទាំង​ក្នុង​និង​ក្រៅប្រទេស​សម្រាប់​ទ្រទ្រង់​ការចំណាយ​ជាប្រចាំ​ឆ្នាំ​ធ្លាក់ចុះ​ជាខ្លាំង​។ លោក​វេជ្ជបណ្ឌិត ទេព ណាវី ពន្យល់​យ៉ាង​ដូច្នេះ​ថា​៖« ឆ្នាំ​២០២០ យើង​ធ្វើ​ប្រតិបត្តិ​ការអនុវត្តន៍​អនុវត្តន៍​ការចំណាយ ៦.៣​លាន​ដុល្លារ តែ​ពេល​កំពុង​ប្រតិបត្តិការ​ស្រាប់​តែមាន​កូ​វីដ អ្វី​ដែលជា​ជំនួយ​ធ្លាក់ចុះ​ទាំង​ក្នុង​និង​ក្រៅ ទើប​គណៈ​គ្រប់គ្រង​សម្រេច​កាត់បន្ថយ​នូវ​ការប្រតិបត្តិ​ការ​ពី ៦.៣​លាន​មក​ត្រឹម ៥.៦​លាន​ដុល្លារ​។  ការចំណាយ​ក្នុង​ឆ្នាំ​២០២០ អាច​ធានារ៉ាប់រង​បាន បន្ទាប់ពី​ការព្យាបាល​មួយចំនួន​ត្រូវបាន​កាត់បន្ថយ និង​មានការ​សន្សំសំចៃ​នៅ​ផ្នែក​ដែល​មិន​សំខាន់​មួយចំនួន​។ នេះ​ជាការ​បញ្ជាក់​របស់លោក​វេជ្ជបណ្ឌិត ទេព ណាវី​។​
 



​ជាមួយនឹង​ព្រឹត្តិការណ៍​សប្បុរសធម៌រ​បស់​សាយ នាយក​ប្រតិបត្តិ​មន្ទីរពេទ្យ​កុមារ​អង្គរ​បាន​អបអរសាទរ​ជាខ្លាំង ដែល​ព្រឹត្តិការណ៍​នេះ​បាន​ជួយ​សម្រួល​ដល់​ប្រតិបត្តិ​ការចំណាយ​របស់​មន្ទីរពេទ្យ​ក្នុង​ឆ្នាំ​២០២១​។ លោក​វេជ្ជបណ្ឌិត​បន្តថា ដោយសារ​ជា​ស្ថាប័ន​អង្គការ ការចាយវាយ​ក្នុង​មន្ទីរពេទ្យ​នេះ ពឹង​ការ​រៃអង្គាស​មួយឆ្នាំ​សម្រាប់​ចាយ​មួយឆ្នាំ ដែល​គ្មាន​ថវិកាបម្រុង​ទុក​នោះទេ​។​
 
​គួរបញ្ជាក់ ការរត់​មកដល់​ខេត្តសៀមរាប​នៅ​ព្រឹក​ថ្ងៃទី​២៣ វិច្ឆិកា អាជ្ញាធរខេត្ត ថ្នាក់ដឹកនាំ រួម​និង​សា​ធាណ​ជន​ជាច្រើន បាន​ទៅ​ទទួល និង​រត់​អមដំណើរ​ជាមួយ​សាយ ចាប់ពី​រង្វង់​មូល​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ (​រង្វង់​មូល​ព្រលានយន្តហោះ​សៀមរាប​) រហូតដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​។ ក្នុងនោះ​ក៏មាន​ការចូលរួម​ឧបត្ថម្ភ​ពី​សប្បុរសជន​ជាច្រើន​ផងដែរ​៕

Tag:
 មន្ទីរពេទ្យ​កុមារ​អង្គរ​
  សាយ​
  រត់​ដើម្បី​កុមារ​
© រក្សាសិទ្ធិដោយ thmeythmey.com