ជាតិ
ពីនេះ ពីនោះ
ចូរ​កុំ​ធ្វើបាប​កុមារី យ៉ង់ ស្រី​នី​ត​!
23, Nov 2020 , 3:21 pm        
រូបភាព
ដោយ: ថ្មីៗ
​រឿងរ៉ាវ កុមារី យ៉ង់ ស្រី​នី​ត បានធ្វើ​ឲ្យ​មហាជន​នៅលើ​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​នាំគ្នា​និយាយ​មិន​ឈប់ឈរ​អស់​រយៈពេល​ជិត​១​សប្តាហ៍​មកហើយ​។ កុមារី​វ័យ​១១​ឆ្នាំ​រូបនេះ បាន​និយាយថា ខ្លួនគេ​ចង់​ក្លាយខ្លួនជា​អ្នកចំរៀង ឬ​គ្រូបង្រៀន​នាពេល​អនាគត​។ ដោយសារតែ​បទ​សម្ភាស បូក​នឹង​មុខមាត់​បែប​ធម្មជាតិ និង​ក្តី​ស្រមៃ​នេះហើយ ទើប​កុមារី​រូបនេះ ល្បីល្បាញ​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កនៅ​កម្ពុជា​។ រឿងនេះ បានធ្វើ​ឲ្យ សុធីរ និង​សំណាង ក៏​ទ្រាំ​មិនបាន ហើយក៏​ចូលខ្លួន​មក​ជជែក​ជាមួយ​អ្នកដទៃ​ផងដែរ​។

 
សុធីរ​៖ ក្រោយ​គេ​សម្ភាស និង​បង្ហោះ​រូបថត​កុមារី ស្រី​នី​ត កុមារី​នេះ ក៏​ល្បី ហើ​យក្រោយមក ក៏មាន​សប្បុរសធម៌​ជាច្រើន​ចង់​ជួយ​ក្មេង​ហ្នឹង​ក្នុង​ទម្រង់​ផ្សេងៗ​គ្នា​។ 
 
សំណាង​៖ តើ​គេ​ចង់​ជួយ​អី​ខ្លះ​អា សុធីរ​? 

សុធីរ​៖ អ្នកខ្លះ​ចង់​ជួយ​លុយ អ្នកខ្លះ​ចង់​ជួយ​កែ​សម្ផស្ស អ្នកខ្លះ​ចង់​ជួយ​បង្រៀន​ឲ្យ​ថត​សម្តែង អ្នកខ្លះ​ចង់​ជួយ​នេះ ឬ​នោះ ឬ​អ្នក​ខ្លះទៀត ចង់​ជួយ​ឪពុកម្តាយ​ក្មេង​នោះ​ជាដើម​។ គេ​ចង់​ជួយ​ច្រើនណាស់​លោក ព្រះ​! 
 
​សំណាង​៖ អើ​! បើ​គេ​ចង់​ជួយ​ច្រើន​ហើយ ល្អ​តើ​! អ្ហែង​ទើស​គេ​ទៀត​ឬ​? គេ​ចង់​ជួយ​ហើយ អាក្រក់​ទៀត​ឬ​? ប្រយ័ត្ន​គេ​ឈប់​ជួយ​ណា៎ អា សុធីរ​! 
 
សុធីរ​៖ អា សំណាង​! បំណង​នៃ​ការជួយ គឺ​ល្អ​ហើយ​តើ​! តែ​អញ​គិតថា ការជួយ​កុមារី​នេះ គួរ​ធ្វើឡើង​ឲ្យ​ល្អ​បន្តិច​ទៅ​! ឲ្យ​ត្រឹមត្រូវ​ទៅ​! 
 
សំណាង​៖ មានន័យថា​ម៉េច ឲ្យ​ពិតប្រាកដ អា សុធីរ​? 
 
សុធីរ​៖ បើតាម​យោបល់​អញ​! បើ​អាណិត​ក្មេង ស្រី​នី​ត បើ​អាណិត គ្រួសារ​នេះ ចូរ​សប្បុរសធម៌​ទាំងឡាយ កុំ​ជួយ​កែ​សម្ផស្ស​អី កុំ​ទាន់​យកគ្នា​ទៅ​សម្តែង​អី កុំ​នាំ​កុមារី​ស្រី​នី​ត​នេះ ទៅធ្វើ​នេះ ឬ​នោះ​អី​។ បើ​ចង់​ជួយ​គ្រួសារ​នេះ ឬ​កុមារី​នេះ ចូរ​នាំគ្នា​ជួយឧបត្ថម្ភ​គ្រួសារ ឬ​កុមារី​នេះ​ឲ្យ​មានការ​អប់រំ​ល្អ​សិន រួចហើយ ចាំ​ជួយ​គ្នា​ឲ្យ​មាន​ជំនាញ ឬ​អាជីព​ត្រឹមត្រូវ​ណាមួយ​នាពេល​អនាគត​។ ឲ្យ​គ្នា​មានចំណេះ​មូលដ្ឋាន​សិន ចាំ​ធ្វើ​អ្វី​ផ្សេងទៀត​។ 
 
សំណាង​៖ អើ​! អា សុធីរ វា​មាន​យោបល់​អ៊ីចឹង ក៏​ម្យ៉ាងដែរ​តើ​! អ្ហែង​គិត​ត្រូវ​! 

សុធីរ​៖ អញ​ខ្លាច​តែ​គេ​ទាញ​ចុះ ទាញ​ឡើង កុមារី ស្រី​នី​ត អស់​អនាគត​ទេ​វ៉ើ​យ​! ខ្លាច​មិនមាន​សំណាង តែ​បែរជា​ក្លាយទៅជា​ជនរងគ្រោះ​នៃ​ឱកាស និង​សំណាង​ហ្នឹង​ទៅវិញ​៕   
 

© រក្សាសិទ្ធិដោយ thmeythmey.com