កីឡាជាតិ
ជាតិ
​វិធីសាស្ត្រ​រក្សា​ទម្រង់​លេង​បានយូរ​ឆ្នាំ​របស់ សុគ​ម្ភៈ គឺ អត់​ផឹកស្រា និង​មិន​ដើរលេង​យប់​
23, Nov 2020 , 8:19 pm        
រូបភាព
ដោយ: រួបរួម
​ប្រឡូក​អាជីព​ជា​កីឡាករ​បាល់ទាត់​តាំងពី​ឆ្នាំ​២០០៥​មក ប៉ុន្តែ គួច សុគ​ម្ភៈ នៅតែមាន​ឈ្មោះ​ក្នុង​ក្រុម​ជម្រើសជាតិ និង​ជា​កីឡាករ​ដ៏​សំខាន់​របស់​ណាហ្គា​វើ​ល​។ ហេតុអ្វី​? កីឡាករ​វ័យ​៣៣​ឆ្នាំ​រូបនេះ បានផ្តល់​ចម្លើយ តាមរយៈ​កម្មវិធី សំណួរ​/​ចម្លើយ (Q&A) ដែល​រៀបចំ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) កាលពីពេល​ថ្មីៗ​កន្លងមក​។​

 
​ក្នុង​ឃ្លី​ប​វីដេអូ​រយៈពេល​១៧​នាទី សុគ​ម្ភៈ បាន​ឆ្លើយ​សំណួរ​ជាច្រើន​របស់​អ្នកគាំទ្រ​ខ្លួន​។ ប្រឡូក​តាំងពី​កម្រិត​បឋមសិក្សា ហើយ​ចាប់​អាជីព​ជា​កីឡាករ​តាំងពី​ឆ្នាំ​២០០៥​មក អ្នក​ខេត្តកំពង់ធំ​រូបនេះ មិនទាន់​គិតដល់​ការចូលនិវត្តន៍​ឡើយ ដោយ​ប្រាប់​ទៅ​អ្នកគាំទ្រ​ថា «​ក្លិប​នៅតែ​ត្រូវការ នៅតែ​បន្ត​លេង​»​។​
 
​មាន​អតីត​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Ronaldo ជា​និមិត្តរូប និង​ជា​អ្នកគាំទ្រ​ក្លិប​អង់គ្លេស Manchester United ផងដែរ​នោះ កីឡាករ សុគ​ម្ភៈ ប្រឡូក​អាជីព​ដំបូង​ជាមួយ​ក្លិប​ខេមរា​កីឡា ពី​ឆ្នាំ​២០០៥ ដល់​ឆ្នាំ​២០១០ ហើយ​បន្ត​ជាមួយ ភ្នំពេញ​ក្រោ​ន ពី​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១៥ មុននឹង​ចូលរួម​ជាមួយ​ណាហ្គា​វើ​លដ៍​រហូតដល់​ពេលបច្ចុប្បន្ន​។​
 
 
​ជាមួយ​ក្លិប​ទាំងបី​នោះ សុគ​ម្ភៈ បានឈ្នះ​ពាន​ក្របខណ្ឌ​កំពូល​៥​លើក ដោយ​ឆ្នាំ​២០០៥ និង​២០០៦ ជាមួយ​ខេមរា​កីឡា  ឆ្នាំ​២០១០ និង​២០១៤ ជាមួយ​ភ្នំពេញ​ក្រោ​ន និង​ឆ្នាំ​២០១៨ ជាមួយ​ណាហ្គា​វើ​លដ៍​។ នៅ​ឆ្នាំ​២០០៧ ជាមួយ​ខេមរា​កីឡា សុគ​ម្ភៈ ក៏បាន​ឈ្នះ​ពានរង្វាន់​សម្តេច ហ៊ុន សែន លើកដំបូង​ផងដែរ​។​
 
​សម្រាប់​ពាន​ឯកត្តជន​វិញ សុគ​ម្ភៈ ទទួលបាន​ស្បែកជើង​មាស (Golden Boot) ពី​ពានរង្វាន់​សម្តេច ហ៊ុន សែន ដល់​ទៅ​៣​លើក​ក្នុង​ឆ្នាំ​២០០៧ ឆ្នាំ​២០០៩ និង​ឆ្នាំ​២០១០​។ ខណៈ​ណាហ្គា​វើ​លដ៍ ឈ្នះ​ជើងឯក​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ កាលពី​ឆ្នាំ​២០១៨ សុគ​ម្ភៈ ក៏​ទទួលបាន​ពានរង្វាន់​កីឡាករ​ក្នុងស្រុក​ល្អ​ជាងគេ និង​កីឡាករ​មាន​ប្រជាប្រិយ​ជាងគេ ពី​កម្មវិធី Cambodian Football Award របស់​គណៈ​កម្ម​ធិ​ការ​បាល់ទាត់​ជាតិ (CNCC) ផងដែរ​។​
 
​នៅ​ក្រុម​ជម្រើសជាតិ​វិញ នៅ​ឆ្នាំ​២០០៦ គួច សុគ​ម្ភៈ បាន​កោះហៅ​ដំបូង ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​កូរ៉េខាងត្បូង លោក Jo Yong-Chol​។ កាលណោះ ខេមរា​កីឡា ក្លាយជា​តំណាង​ក្រុម​ជម្រើសជាតិ​សម្រាប់​ព្រឹត្តិការណ៍ AFC Challenge Cup ហើយ សុគ​ម្ភៈ រកបាន​គ្រាប់​បាល់​ដំបូង ខណៈ​កម្ពុជា ឈ្នះ ហ្គា​ម ៣-០ នា​ការប្រកួត​ជម្រុះ​។​
 
​ក្រោយមក សុគ​ម្ភៈ បាន​ជាប់​ជម្រើសជាតិ​ជា​បន្តបន្ទាប់ ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ផ្សេងៗ​គ្នា រួមមាន លោក Scott O’Donell, លោក Yoo Kee-heung, លោក ប្រាក់ សុវណ្ណារ៉ា​, លោក Lee Tae Hoon, លោក ហុក សុចិ​ត្រា លោក Ohara Kazunori ជាដើម​។ សុគ​ម្ភៈ អវត្តមាន​ក្រោម​ការដឹកនាំ​របស់លោក Leonardo Vitorino កាលពី​អំឡុង​ឆ្នាំ​២០១៧ ប៉ុន្តែ​មានឈ្មោះ​ក្នុង​បញ្ជី​ឡើងវិញ ក្រោម​ការដឹកនាំ​របស់ Keisuke Honda ដែលជា​អ្នកចាត់ការ​ទូទៅ និង​លោក Felix Dalmas ដែលជា​គ្រូបង្វឹក​។​
 
​ទាក់ទង​នឹង​សំណួរ​ដែល​នាំ​ឲ្យ​ប្រកប​អាជីព​ជា​កីឡាករ​បានយូរ និង​រក្សា​កម្លាំង​បានល្អ សុគ​ម្ភៈ ឆ្លើយថា​៖ «​សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់ គេង​ច្រើន ញ៉ាំ ខំប្រឹង​ហ្វឹកហាត់ ចំពោះ​ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​អត់​ញ៉ាំ​ស្រា​បៀរ ហើយនឹង​អត់​ដើរលេង​យប់​»​។ រីឯ​ពេលទំនេរ គេ​ថា​ចូលចិត្ត​មើល​កូន និង​បោក​ខោអាវ​។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ កីឡាករ​ដ៏​មានបទពិសោធន៍​រូបនេះ ទទួលស្គាល់​ចំពោះ​ការរិះគន់​ពី​ទម្រង់​លេង​ធ្លាក់ចុះ​របស់ខ្លួន ដោយ​លើក​ហេតុផល​ថា បណ្តាលមកពី​អាយុ​កាន់តែច្រើន ហើយ​អ្នកគាំទ្រ​បាន​ប្រៀបធៀប​ខ្លួន​ជាមួយ​កីឡាករ​វ័យក្មេង​ល្អៗ ដែល​មើលទៅ​មាន​ភាពខុសគ្នា​។  
 
​នាពេល​អនាគត កូនចៅ​អ្នក​កំពង់ធំ​រូបនេះ មិនមាន​បំណង​ចាកចេញ​ឆ្ងាយ​ពី​បាល់ទាត់​នោះឡើយ​។ «​ខ្ញុំ​ចង់​ក្លាយជា​គ្រូបង្វឹក ព្រោះ​មាន​ជំនាញ​ស្រាប់ ងាយស្រួល​»​។ នេះ​ជាការ​ឆ្លើយតប​ទៅនឹង​សំណួរ​របស់​អ្នកគាំទ្រ ដោយ​បង្ហើប​ឲ្យ​ដឹងថា គេ​ក៏​មិន​បដិសេធ​ក្នុងការ​វិលត្រឡប់​ទៅ​ជួយ​ពង្រឹង​វិស័យ​បាល់ទាត់​នៅ​ខេត្ត​របស់ខ្លួន​នោះឡើយ​។​
 
​សុគ​ម្ភៈ ផ្លាស់ប្តូរ​តំណែង​លេង​ជា​បន្តបន្ទាប់ ពី​ខ្សែប្រយុទ្ធ ទៅ​ខ្សែបម្រើ និង​ខ្សែការពារ ទៅតាម​ក្បួន​លេង​របស់​គ្រូបង្វឹក​។ មាន​សំណួរ​ក្រៅ​បាល់ទាត់​មួយ​ពី​អ្នកគាំទ្រ​៖ «​មាន​លួច​មាន​ស្រី​ក្រៅ​អត់​?»​។ កីឡាករ​រូបនេះ សើច ហើយ​ធានាថា ខ្លួន​ជា​បុរស​ស្មោះ​ស្នេហ៍​។ 
 
​ក្នុង​ចំណងអាពាហ៍ពិពាហ៍​ជាមួយ​អ្នកស្រី អឿ រ៉ាវី កីឡាករ គួច សុគ​ម្ភៈ មានកូន​ប្រុស​ម្នាក់ ហើយក៏​បង្ហើប​ឲ្យ​ដឹងថា ភរិយា​កំពុង​ពរ​ពោះ​កូនស្រី​ម្នាក់ទៀត​ផងដែរ​៕

Tag:
 បាល់ទាត់​
  សុគ​ម្ភៈ​
© រក្សាសិទ្ធិដោយ thmeythmey.com