ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
មន្ត្រី ហួសចិត្ត ដែល​អង្គការ​អន្តរជាតិ​មួយ ចង់​ឲ្យ​លុប​បទ​ញុះញង់​ចេញពី​ក្រមព្រហ្មទណ្ឌ​កម្ពុជា​
23, Nov 2020 , 9:59 pm        
រូបភាព
ពីឆ្វេងដៃទៅ៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ (រូបដោយ Im Manith) និង លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (រូបពីព្រឹទ្ធសភា)
ពីឆ្វេងដៃទៅ៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ (រូបដោយ Im Manith) និង លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (រូបពីព្រឹទ្ធសភា)
​មន្ត្រី​កម្ពុជា បាន​ប្រតិកម្ម​ក្នុងន័យ​អស់សំណើច​ផង​និង​ហួសចិត្ត​ផង ចំពោះ​អង្គការ​អន្តរជាតិ​មួយ ហៅថា មូលនិធិ​ខ្លូ​នី​ដើម្បី​យុត្តិធម៌ (Clooney Foundation for Justice) ដែល​ស្នើ​ឲ្យ​លុបចោល​ឬ​កែប្រែ​មាត្រា​ស្តី​ពីបទ​ញុះញង់​ក្នុង​ក្រមព្រហ្មទណ្ឌ​កម្ពុជា​។​



​ដ្បិត​មូលនិធិ​ខ្លូ​នី​ដើម្បី​យុត្តិធម៌ ចង់បាន​១ ក្នុងចំណោម​ការទាមទា​រទាំង​២​យ៉ាង គឺ​លុបចោលឬកែប្រែ តែ​លោក ជិន ម៉ា​លីន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ យល់ថា អង្គការ​នេះ ចង់​ឲ្យ​លុបចោល​ឬ​មិន​ចង់​ឲ្យ​មាន​មាត្រា​ស្តី​ពីបទ​ញុះញង់​តែម្តង [​ជាជាង​ចង់​ឲ្យ​កែប្រែ​]​។ លោក សង្កត់ធ្ងន់ថា ទាំង​គោលការណ៍​ច្បាប់ ទាំង​គោលការណ៍​ប្រជាធិបតេយ្យ គឺ​មិន​អាចធ្វើ​ដូច្នេះ​ឡើយ​។   
 
​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ នា​ព្រឹក​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ លោក ជិន ម៉ា​លីន លើកឡើងថា មាត្រា​ស្តី​ពីបទ​ញុះញង់ គឺមាន​សារ​សំ​ខាន់ ដើម្បី​គ្រប់គ្រង​សណ្តាប់ធ្នាប់​សង្គម​។ លោក និយាយ​ដោយ​ឮ​សំឡេង​អស់​ចំ​ណើ​ច​តិចៗ​ថា ប្រទេស​ប្រជាធិបតេយ្យ​ណា ក៏មាន​មាត្រា​នេះដែរ ហើយ​បើ​គ្មានទេ មនុស្ស​ក្នុងសង្គម ចេះតែ​បញ្ចេញមតិ និង​និយាយ​អ្វី​តាម​អំពើ​ចិត្ត ដោយ​ធ្វើ​ឲ្យ​ប៉ះពាល់​អ្នកដទៃ និង​បង្ក​ភាពវឹកវរ​ដល់​សណ្តាប់​សាធារណៈ​។ 
 
​អ្ន​ន​នាំពាក្យ​ក្រសួងយុត្តិធម៌​រូបនេះ បញ្ជាក់ថា​៖«​ដើម្បី​រួចខ្លួន ពីបទ​ចោទ​ឬមួយ​ក៏​មិន​ចង់​ឲ្យ​មានការ​ប្រឈម​ផ្លូវច្បាប់ ទាល់តែ​កុំ​ធ្វើ​សកម្មភាព​ទាំងអស់​ហ្នឹង មិនមែន​នាំគ្នា​ទៅ​ទាមទារ​ឲ្យ​លុប​បទ​ចោទ​ចោល​ទេ​។ ក្នុងសង្គម​ប្រជាធិបតេយ្យ គេ​មិនដែល​ធ្វើ​អ៊ីចឹង​ទេ​»​។​
 
​ចំណែក លោក សុខ ឥសាន សមាជិក​ព្រឹទ្ធសភា​និង​ជា​អ្នកនាំពាក្យ​គណបក្សកាន់អំណាច បញ្ចេញមតិ​តាម​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា​នេះ​ថា បើ​មិន​ចង់​រង​បទ​ចោទ​ញុះញង់ គឺ​មិនត្រូវ​ប្រព្រឹត្ត​អំពើ​ញុះញង់​ឡើយ​។ លោក មានប្រសាសន៍ថា​៖«​អ្នក​ដែល​ចង់​ឲ្យ​លុប​ច្បាប់ គឺជា​អ្នក​ចូលចិត្ត​បំពាន​ច្បាប់​»​។ 
 
​នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០ មូលនិធិ​ខ្លូ​នី​ដើម្បី​យុត្តិធម៌ ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋ​មេ​រិ​ក បានចេញ​សេចក្តីថ្លែងការណ៍ ដោយ​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា លុបចោល​ឬ​កែប្រែ​មាត្រា​៤៩៥ ដែល​ចែង​ពីបទ​ញុះញង់​ក្នុង​ក្រមព្រហ្មទណ្ឌ និង​ស្នើ​ឲ្យ​មានការ​កាត់ទោស​ដោយ​យុត្តិធម៌​។ អង្គការ​នេះ បាន​លើក​ករណី​របស់​យុវជន គង់ រ៉ៃ​យ៉ា ដែល​ធ្លាប់​ជាប់ពន្ធនាគារ​ពីបទ​ញុះញង់ មក​ធ្វើជា​ទឡ្ហីករណ៍​។ 
 
​យុវជន គង់ រ៉ៃ​យ៉ា ជាប់ឃុំ​កាលពី​ខែកក្កដា ឆ្នាំ​២០១៩ ក្រោម​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ដល់​ស​ន្តិ​សុខ​សង្គម ដោយសារតែ​រូបគេ ផលិត​អាវយឺត​លក់ ដោយ​អាវ​ទាំងនោះ មាន​រូប​និង​ទ្រឹស្តី​របស់លោក​បណ្ឌិត កែម ឡី​។ ក្រោយ​ជាប់ឃុំ​បាន​ជាង​៤​ខែ គឺ​នៅ​ចុងខែ​វិច្ឆិកា ឆ្នាំ​២០១៩ យុវជន គង់ រ៉ៃ​យា ត្រូវបាន​ដោះលែង​វិញ​។ 
 
​យុវជន គង់ រ៉ៃ​យ៉ា ដែលមាន​ទំនោរ​ទៅរក​អតីត​គណបក្សប្រឆាំង ធ្លាប់​ជាប់ពន្ធនាគា​រដ​ល់​ទៅ​២​ដង​។ លើកដំបូង យុវជន​រូបនេះ ជាប់ពន្ធនាគារ​១​ឆ្នាំកន្លះ ដោយសារតែ​បង្ហោះ​សា​រលើ​បណ្តាញ​សង្គម ដោយ​បង្ហាញ​ពី​បំណង​ចង់​ធ្វើ​បដិវត្ត​ពណ៌ ហើយ​ត្រូវបាន​ដោះលែង​វិញ​កាលពី​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០១៧​។ 
 
​ថ្មីៗ​នេះ យុវជន គង់ រ៉ៃ​យ៉ា បានប្រកាស​តាម​បណ្តាញ​សង្គម​ថា រូបគេ ឈប់​ពាក់ព័ន្ធ​នឹង​គណបក្សនយោបាយ​ទៀតហើយ​។ 
 
​មូលនិធិ​ខ្លូ​នី​ដើម្បី​យុត្តិធម៌ អះអាង​ក្នុង​សេចក្តីថ្លែងការណ៍​ថា មាត្រា​ស្តី​ពីបទ​ញុះញង់ បាន​នាំ​ឲ្យ​មាន​ភាពអយុត្តិធម៌​លើ​យុវជន គង់ រ៉ៃ​យ៉ា​។ អង្គការ​នេះ ចាត់ទុក ការយក​មាត្រា​ស្តី​ពីបទ​ញុះញង់ ចោទ​លើ​យុវជន គង់ រ៉ៃ​យ៉ា ថា​ជា​ទម្រង់​១ នៃ​ការប្រើប្រាស់​ច្បាប់​មិន​ត្រឹមត្រូវ​។ អង្គការ​នេះ បន្តថា ការចោទប្រកាន់​លើ​យុវជន គង់ រ៉ៃ​យ៉ា គឺ​ខ្វះ​ភស្តុតាង ហើយ​បំពាន​សិទ្ធិ​បញ្ចេញមតិ ដែល​មានចែង​ក្នុង​សន្ធិសញ្ញា​អន្តរជាតិ​។ 
 
​លើសពីនេះ មូលនិធិ​ខ្លូ​នី​ដើម្បី​យុត្តិធម៌ ជឿ​លើ​របាយការណ៍​ពី​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ថា​មាន​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​ប្រមាណ​២៤​នាក់ ត្រូវបាន​ចាប់ខ្លួន ពី​អំឡុង​ខែកក្កដា​ដល់​ខែកញ្ញា ឆ្នាំ​២០២០ ហើយ​ភាគច្រើនបំផុត​ក្នុងចំណោម​ពួកគេ គឺ​ប្រឈម​នឹង​បទ​ញុះញង់​។​
 
​លោក ជិន ម៉ា​លីន វិនិច្ឆ័យ​ថា ការស្នើ​ឲ្យ​លុបមាត្រា​ស្តី​ពីបទ​ញុះញង់​ពី​សំណាក់​មូលនិធិ​ខ្លូ​នី​ដើម្បី​យុត្តិធម៌ គឺ​មិន​ពឹង​ផ្អែកលើ​គោលការណ៍​ច្បាប់​និង​គោលការណ៍​ប្រជាធិបតេយ្យ​ឡើយ តែ​ស្ថិតក្រោម​ហេតុផល​នយោបាយ ដើម្បី​ការពារ​ក្រុមមន្ត្រី​និង​សកម្មជន​អតីត​គណបក្សប្រឆាំង ដែល​ត្រូវ​ចោទ​ពី​ញុះញង់​នេះ​។ លោក សង្កេតឃើញថា សកម្មភាព​របស់​មន្ត្រី​និង​សកម្មជន​អតីត​គណបក្សប្រឆាំង ដើម្បី​បម្រើ​ផល​យោជន៍​នយោបាយ គឺ​មិនមែនជា​ការអនុវត្ត​សិទ្ធិ​នយោបាយ និង​សិទ្ធិ​បញ្ចេញមតិ​នោះទេ​។ 
 
​លោក បង្ហាញ​ការហួសចិត្ត​ថា អ្នកប្រព្រឹត្ត​ខុសច្បាប់ មិន​ព្រម​កែខ្លួន តែ​បែរជា​ទាមទារ​ឲ្យ​លុប​ច្បាប់​ទៅវិញ​។ លោក ហៅ​ការទាមទារ​នេះ ថា​ជាការ​ដោះស្រាយ​មិន​ចំ​បញ្ហា​។​
 
​យ៉ាងណាក៏ដោយ បើ​ត្រឹមតែ​ការទាមទារ​ឲ្យ​កែប្រែ​មាត្រា​ស្តី​ពីបទ​ញុះញង់ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ មិន​បដិសេធ​នោះទេ​។ លោក ថ្លែងថា បើ​មូលនិធិ​ខ្លូ​នី​ដើម្បី​យុត្តិធម៌ ឲ្យ​អ្នកជំនាញ​ច្បាប់​ខ្លួន ពិភាក្សា​ជាមួយ​អ្នកជំនាញ​ច្បា​ប់ក​ម្ពុជា ដើម្បី​កែប្រែ​មាត្រា​ស្តី​ពីបទ​ញុះញង់​ឲ្យ​មាន​ភាពល្អប្រសើរ​ជាង​មុន​នោះ គឺ​កម្ពុជា ស្វាគមន៍ ព្រោះ វា ស្រប​នឹង​គោលដៅ​កែទម្រង់​ប្រព័ន្ធ​ច្បាប់​កម្ពុជា​។ 
 
​សម្រាប់​លោក សុខ ឥសាន​វិញ លោក មាន​ទស្សនៈ​ថា ការ​ញុះញង់ គឺជា​អំពើអាក្រក់ ដែល​ចង់​ឲ្យ​មានទំនាស់​នៅក្នុង​សង្គម​។ លោក ក៏​ចាត់ទុក​អំពើ​ញុះញង់ ថា​មិនមែនជា​សិទ្ធិ​ដែរ​។ តាមរយៈ​សារ​ក្នុង​តេ​ឡេ​ក្រាម អ្នកនាំពាក្យ​គណបក្សកាន់អំណាច​រូបនេះ សរសេរថា​៖«​អ្នក​ញុះញង់​មិនមែនជា​អាទិទេព ប៉ះពាល់​មិនបាន​នោះទេ​។ អ្នក​ញុះញង់​ជា​ពលរដ្ឋ​សាម​ញ្ញា​ដូច​គេឯង​ដែរ​។ បើ​ខុសច្បាប់ ត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​មុខ​ច្បាប់​»​។

នៅ​កម្ពុជា អ្នកប្រឆាំង មន្ត្រី​សង្គម​ស៊ីវិល អ្នកកាសែត និង សកម្មជន​នានា ដែល​ត្រូវបាន​ចាប់ខ្លួន គឺជា​ទូទៅ​រង​ពីបទ​ញុះញង់​បង្ក​ឲ្យ​ភាព​ភាពវឹកវរ​ដល់​សន្តិសុខ​សង្គម​ឬ​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​។ អ្នកខ្លះ ចំអក​ថា បទ​ញុះញង់​នេះ គឺមាន​ប្រជាប្រិយភាព​ជាងគេ នៅ​កម្ពុជា​៕ 

Tag:
 CFJ
  បទ​ញុះញង់​
  ជិន ម៉ា​លីន​
  សុខ ឥសាន
© រក្សាសិទ្ធិដោយ thmeythmey.com