សហរដ្ឋអាមេរិក សង្ឃឹមចាប់ផ្ដើមកម្មវិធីចាក់ថ្នាំវ៉ាក់សាំងប្រឆាំងកូវីដ-១៩ នាដើមខែធ្នូ ។ នេះបើតាមការអះអាងរបស់ប្រធានកម្មវិធីវ៉ាក់សាំងអាមេរិក នៅថ្ងៃទី២២ ខែវិច្ឆិកា ខណៈករណីឆ្លងកូវីដ-១៩ ហក់ឡើងខ្លាំងនៅជុំវិញសហរដ្ឋអាមេរិក។ ពលរដ្ឋអាមេរិក២០លាននាក់ ត្រូវប៉ាន់ស្មានថា អាចទទួលវ៉ាក់សាំងក្នុងខែធ្នូខាងមុខ។
ការចាប់ផ្ដើមកម្មវិធីចាក់វ៉ាក់សាំង អាចជាចំណុចរបត់ដ៏សំខាន់មួយក្នុងសមរភូមិប្រឆាំងជំងឺរាតត្បាតសកលកូវីដ-១៩ ដែលបានសម្លាប់ពលរដ្ឋអាមេរិកជាង២៥៧ ០០០នាក់ ដែលជាតួលេខអ្នកស្លាប់ខ្ពស់បំផុតលើពិភពលោក ចាប់តាំងពីជំងឺកូវីដ-១៩ផ្ទុះឡើងក្នុងប្រទេសចិន កាលពីចុងឆ្នាំ២០១៩មក។
លោកវេជ្ជបណ្ឌិត Moncef Slaoui ប្រធានក្រុមការងារទទួលបន្ទុកកម្មវិធីវ៉ាក់សាំងរបស់សេតវិមានអាមេរិក ប្រាប់ទូរទស្សន៍ CNN ថា ផែនការរបស់លោក គឺដឹកជញ្ជូនថ្នាំវ៉ាក់សាំងទៅកាន់មណ្ឌលសុខភាពក្នុងពេល២៤ម៉ោង បន្ទាប់ពីថ្នាំវ៉ាក់សាំងត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់។ លោកបង្ហើបថា ថ្ងៃបើកកម្មវិធីចាក់វ៉ាក់សាំង អាចត្រូវនឹងថ្ងៃទី១១ និងទី១២ ខែធ្នូ ខាងមុខ។
លោកវេជ្ជបណ្ឌិត Slaoui ប៉ាន់ស្មានថា មនុស្ស ២០លាននាក់ នៅទូទាំងសហរដ្ឋអាមេរិក អាចទទួលបានការចាក់ថ្នាំវ៉ាក់សាំងក្នុងខែធ្នូ ហើយសង្ឃឹមថា ៣០លាននាក់រៀងរាល់ខែ ចាប់ពីខែមករាឆ្នាំ២០២១តទៅ។
ជាមួយគ្នានេះ លោកបញ្ជាក់ទៀតថា ត្រឹមខែឧសភាឆ្នាំក្រោយ ជាមួយពលរដ្ឋអាមេរិកប្រមាណ៧០ភាគរយ ចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩រួចរាល់ សហរដ្ឋអាមេរិកអាចសម្រេចបានប្រព័ន្ធស៊ាំទូលំទូលាយ។ នេះមានន័យថា វីរុសអាចលែងឆ្លងរាលរាលខ្លាំង ហើយប្រជាជនអាចវិលត្រលប់ទៅរកការរស់នៅដូចធម្មតាវិញ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកអាមេរិកខ្លះ គណៈកម្មាធិការប្រឹក្សាផ្នែកវ៉ាក់សាំងរបស់ទីភ្នាក់ងារឱសថនិងស្បៀងអាមេរិកអាមេរិក (FDA) នាថ្ងៃទី ១០ ខែធ្នូ នឹងជួបពិភាក្សាស្តីពីការអនុញ្ញាតប្រើប្រាស់វ៉ាក់សាំង ដែលក្រុមហ៊ុនផលិតឱសថ Pfizer និង Moderna អះអាងថា មានប្រសិទ្ធភាពដល់ ៩៥ភាគរយប្រឆាំងកូវីដ-១៩។ វ៉ាក់សាំងចេញពីក្រុមហ៊ុនផលិតឱសថទាំងពីរនេះ ត្រូវបានលោក Slaoui បញ្ជាក់ថា គ្មានផលប៉ះពាល់អ្វីធ្ងន់ធ្ងរឡើយ។
មកទល់ពេលនេះ មន្ត្រីសុខាភិបាលអាមេរិក ពុំទាន់ប្រកាសថា ក្រុមមនុស្សប្រភេទណាដែលនឹងទទួលបានការចាក់វ៉ាក់សាំងមុនគេនោះទេ តែគេរំពឹងថា បុគ្គលិកសុខាភិបាលមានអាទិភាពខ្ពស់ ខណៈមនុស្សចាស់ កូនក្មេង និងស្ត្រី ជាក្រុមមនុស្សបន្ទាប់។
គិតត្រឹមថ្ងៃទី ២៣ ខែវិច្ឆិកា សហរដ្ឋអាមេរិកដែលមានប្រជាជនសរុបជាង៣២៨លាននាក់ រកឃើញករណីឆ្លងកូវីដ-១៩សរុប ១២,៣លាននាក់ ខណៈពិភពលោកឡើងដល់ ៥៨,៦លានករណី ក្នុងនោះអ្នកស្លាប់១,៤លាននាក់៕