COVID-19
អន្តរជាតិ
ថៃ បន្ត​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​ដល់​ពាក់កណ្តាល​ខែមករា ២០២១
23, Nov 2020 , 5:29 pm        
រូបភាព
ទាហានថៃពាក់ម៉ាស់។ រូបភាព៖ AFP
ទាហានថៃពាក់ម៉ាស់។ រូបភាព៖ AFP
ដោយ:
​គណៈរដ្ឋមន្ត្រី​ថៃ​នៅ​ថ្ងៃទី​២៣ វិច្ឆិកា​នេះ អនុម័ត​សម្រេច​ដាក់​ប្រទេស​ក្នុងស្ថានភាព​អាសន្ន​រយៈ​ពេល​៤៥​ថ្ងៃ​បន្ថែមទៀត ពោលគឺ​រហូតដល់​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២១​។​



​គណៈរដ្ឋមន្ត្រី​ថៃ បាន​យល់ព្រម​លើ​ការសម្រេច​ពន្យារពេល​ប​ន្ត​ដាក់​ប្រទេស​ក្នុងស្ថានភាព​អាសន្ន​ជា​លើក​ទី​៨ ក្រោយ​ការប្រជុំ​របស់​មណ្ឌលរ​ដ្ឋ​បាល​ស្ថានការណ៍ COVID-19 ដែល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ច កាលពី​ថ្ងៃទី​១៨ វិច្ឆិកា​។ នេះ​បើ​យោងតាម​កាសែត The Bangkok Post​។​
 
​ការ​ព្យា​រ​ពេលនេះ​ចាប់ផ្តើម​ពីថ្ងៃ​ទី​១ ធ្នូ​ហូត​ដល់​ថ្ងៃទី​១៥ មករា ឆ្នាំ​២០២១​។ លោក Anucha Burapachaisri អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ​បញ្ជាក់​បែបនេះ​។ ការពន្យារពេល​លើក​នេះ មាន​រយៈពេល​១៥​ថ្ងៃ​លើសពី​ការពន្យារពេល​លើក​មុន ដើម្បី​ក្តោប​ពិធីបុណ្យ​ចូលឆ្នាំ​សាកល ដែល​ប្រជាជន​ធ្វើដំណើរ​ច្រើន ដែល​ការ​ប្រឈម​នៃ​ការផ្ទុះ​ឡើង​នៃ​ជំងឺ​មាន​កម្រិត​ខ្ពស់​។ ភាពអាសន្ន​បច្ចុប្បន្ន នឹង​ផុត​នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា​។​
 
​រដ្ឋាភិបាល​ថៃ បានចេញ​ក្រឹត្យ​ដាក់​ប្រទេស​ក្នុង​ស្ថានការណ៍​អាសន្ន​តាំងតែ​ពីថ្ងៃ​ទី​២៦ មីនា​មកម្ល៉េះ​ដើម្បី​ផ្តល់​អំណាច​ឲ្យ​រដ្ឋាភិបាល​ក្នុងការ​ធ្វើ​ច​ត្តា​ឡី​ស័ក ចេញ​បញ្ជា​បិទ​ប្រទេស ក៏ដូចជា​ដាក់​បម្រាម​គោចរ​នៅពេល​យប់​ផងដែរ​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ ការដាក់​ប្រទេស​ក្នុង​ស្ថានការណ៍​អាសន្ន​រហូតមក​ដល់ពេលនេះ ស្រប​ពេលដែល​បាតុករ​ជា​និស្សិត និង​យុវជន​ចេញ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល ទាមទារ​ឲ្យ​លោក​ប្រា​យុទ្ធ​ចុះ​ចេញពី​តំណែង កំណែទម្រង់​រដ្ឋធម្មនុញ្ញ និង​របបរាជានិយម​។ ក្រុមបាតុករ បាន​អះអាងថា​នឹង​ជួបជុំគ្នា​ជាថ្មី​នៅ​ថ្ងៃទី​២៥ វិច្ឆិកា​ខាងមុខ​។ 
​គិត​រហូតមក​ដល់ពេលនេះ ថៃ​មាន​ករណី​ឆ្លង​ចំនួន​៣,៩២០​ករណី សះស្បើយ​៣,៧៦៦​ករណី និង​ស្លាប់​ចំនួន​៦០​នាក់​៕

Tag:
 ថៃ​
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com