សង្គមអន្តរជាតិ
អន្តរជាតិ
អាមេរិកផ្តល់អាវុធឲ្យហ្វីលីពីន និងប្តេជ្ញាការពារហ្វីលីពីនក្នុងសមុទ្រចិនខាងត្បូង លោកRobert O'Brien ទីប្រឹក្សាសន្តិសុខសេតវិមាន (ស្ដាំ) និងរដ្ឋមន្រ្តីការបរទេសហ្វីលីពីន (ឆ្វេង) នាពិសេសប្រគល់អាវុធ។ រូបភាព AFP
× រដ្ឋបាលអាមេរិករបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានផ្តល់មីស៊ីលប្រដេញ និងអាវុធជាច្រើនទៀតដល់ហ្វីលីពីនក្នុងការប្រយុទ្ធប្រឆាំងទៅនឹងក្រុមភេរវកម្មរដ្ឋឥស្លាម។ ស្របពេលជាមួយគ្នានេះដែរ អាមេរិកប្តេជ្ញាជាថ្មីថា នឹងការពារហ្វីលីពីនដែលជាសម្ព័ន្ធមិត្ត បើសិនជារងការវាយប្រហារក្នុងតំបន់ជម្លោះសមុទ្រចិនភាគខាងត្បូង។
ការប្រគល់ផ្តល់អាវុធឲ្យហ្វីលីពីន ធ្វើឡើងនៅថ្ងៃទី២៣ វិច្ឆិកានាក្រសួងការបរទេសហ្វីលីពីន ដែលមានលោក Robert O’Brien ទីប្រឹក្សាសន្តិសុខសេតវិមានជាតំណាងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ។ ក្នុងពិធីខាងលើ លោក O’Brien ប្រកាសពីការផ្តល់ម៉ីសីល និងគ្រាប់បែកដល់យោធាហ្វីលីពីន។ អាវុធមានតម្លៃ១៨លានដុល្លារ ជាការសន្យារបស់លោក ត្រាំ ក្នុងការសន្ទនាទូរសព្ទជាមួយប្រធានាធិបតីហ្វីលីពីន រ៉ូទ្រីហ្គោ ឌូទើតេ កាលពីខែមេសាកន្លងទៅ។
ថ្លែងក្នុងពិធីប្រគល់អាវុធខាងលើ លោក O’Brien លើកឡើងពីតួនាទីរបស់រដ្ឋបាលលោក ត្រាំ ក្នុងការកម្ចាត់អង្គការរដ្ឋឥស្លាមនៅមជ្ឈិមបូព៌ា ស៊ីរី និងជួយហ្វីលីពីនក្នុងការប្រយុទ្ធទល់នឹងបណ្តាញរដ្ឋឥស្លាមនៅភាគខាងត្បូងប្រទេសនេះកាលពីឆ្នាំ២០១៧ ។
«លោកប្រធានាធិបតី ត្រាំ បន្តនៅជាមួយប្រធានាធិបតី ឌូទើតេ ក្នុងការប្រយុទ្ធនឹងរដ្ឋឥស្លាមនៅអាស៊ីអាគ្នេយ៍»។ នេះជាការថ្លែងរបស់លោក O’Brien ដោយបន្តថា ការផ្តល់អាវុធបង្ហាញពីការតាំងចិត្តយ៉ាងរឹងមាំនិងអត់ធន់ទៅកាន់ហ្វីលីពីនដែលជាសម្ព័ន្ធមិត្តដ៏សំខាន់។ នេះបើយោងតាមទីភ្នាក់ព័ត៌មាន AP ។
ទីប្រឹក្សាសន្តិសុខសេតវិមានរូបនេះ ក៏បង្ហាញពីសង្ឃឹមក្នុងការបន្តកិច្ចព្រមព្រៀងសន្តិសុខរវាងប្រទេសទាំង២ ដែលអនុញ្ញាតឲ្យកងទ័ពអាមេរិកធ្វើការហ្វឹកហ្វឺនទ្រង់ទ្រាយធំនៅទីនោះ។លោក ឌូទើតេ នៅដើមឆ្នាំ២០២០ នេះបានប្រកាសពីការលុបចោលកិច្ចព្រមព្រៀងខាងលើ ប៉ុន្តែសម្រេចពន្យាពេលវិញ។
ចំពោះបញ្ហាជម្លោះសមុទ្រចិនភាគខាងត្បូងវិញ លោក O’Brien គាំទ្រហ្វីលីពីនដែលជាសម្ព័ន្ធមិត្តក្នុងការការពារសិទ្ធិអធិបតេយ្យក្នុងសមុទ្រចិនខាងត្បូង។ ហ្វីលីពីនកាលពីខែមុន បានប្រកាសពីការបន្តសកម្មភាពស្វែងរកប្រេង និងឧស្ម័នក្នុង ឬនៅជិត Reed Bank ដែលស្ថិតនៅខាងលិចប្រទេស ប៉ុន្តែក៏ទាមទារដោយចិនផងដែរ។
លោក O’Brien អះអាងថា ធនធានទាំងនោះជារបស់ប្រជាជនហ្វីលីពីន និងមិនមែនជារបស់ប្រទេសណាមួយដោយគ្រាន់តែប្រទេសនោះធំជាងហ្វីលីពីនឡើយ។ លោកនិយាយនេះដោយសំដៅទៅចិន។ លោក អះអាងថា ការវាយប្រហារលើយន្តហោះ ឬនាវាហ្វីលីពីន ក្នុងសមុទ្រចិនខាងត្បូងនឹងនាំឲ្យលេចចេញនូវកាតព្វកិច្ចការពាររួម។ ហ្វីលីពីន និងអាមេរិកមានសន្ធិសញ្ញាស្តីពីការការពាររួម៦៩ឆ្នាំមកហើយ ហើយដែលអាមេរិកមានកាត្វកិច្ចការពារហ្វីលីពីន បើមានការប្រហារ៕
Tag:
ហ្វីលីពីន
អាមេរិក
ចិន
សមុទ្រចិនខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com