COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Salah ចូលហ្វឹកហាត់ជាមួយ Liverpool វិញ ក្រោយតេស្តអវិជ្ជមាន COVID-19
× Mohamed Salah បានត្រឡប់ចូលហ្វឹកហាត់វិញហើយ ក្រោយខកខានប៉ុន្មានប្រកួតឲ្យជម្រើសជាតិអេហ្ស៊ីប និង Liverpool ដោយសារឆ្លងជំងឺ COVID-19។ នេះបើតាមការបញ្ជាក់របស់លោក Jurgen Klopp ក្រោយការប្រកួតដែល Liverpool យកឈ្នះ Leicester City ៣-០ ពានរង្វាន់ Premier League នៅថ្ងៃទី២២ វិច្ឆិកា។
Salah បានធ្វើតេស្តចេញលទ្ធផលវិជ្ជមាន COVID-19 អំឡុងពេលបំពេញកាតព្វកិច្ចឲ្យក្រុមកីឡាបាល់ទាត់ជម្រើសជាតិអេហ្ស៊ីបកាលពីសប្តាហ៍មុន។ ដោយសារត្រូវដាក់ឲ្យនៅដាច់ដោយឡែកមួយរយៈ ខ្សែប្រយុទ្ធវ័យ២៨ឆ្នាំរូបនេះ ត្រូវបានគេជឿជាក់ថានឹងអវត្តមានពេលហង្សក្រហមប៉ះ Leicester ផង និង Atalanta ក្នុងការប្រកួត Champions League ផង។
ប៉ុន្តែយ៉ាងណាក៏ដោយ នៅពេលមានការប្រកាសថា Salah អាចចូលហ្វឹកហាត់វិញនោះ មានន័យថា រូបគេខកខានតែក្នុងជំនួបលីគជាមួយក្រុមរសហ្សនាមកញ្ជ្រោងប៉ុណ្ណោះ។
លោក Klopp អ្នកចាត់ការទូទៅ Liverpool បានប្រាប់អ្នកសារព័ត៌មានក្រោយយប់ការប្រកួតលីគសប្តាហ៍ទី៩ថា៖« ខ្ញុំបានដឹងថា Salah តេស្តចេញលទ្ធផលអវិជ្ជមានហើយ។ ខ្ញុំគិតថាចាប់ពីពេលនេះទៅគាត់មានអាការធម្មតា។ នៅថ្ងៃទី២៣ ខែវិច្ឆិកាយើងមានការតេស្តក្នុងក្របខណ្ឌ UEFA ហើយខ្ញុំច្បាស់ណាស់ថា គាត់នឹងបង្ហាញខ្លួនជាមួយក្រុមបាន»។
ស្របពេលជឿជាក់ថា Salah អាចចូលជួយក្រុមវិញ អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់បន្ថែមថា ខ្សែបម្រើ Naby Keita បានរងរបួសសរសៃពួរពេលប៉ះ Leicester ដែលជាក្តីបារម្ភសម្រាប់ក្រុម ខណៈមានកីឡាកររបួសផ្សេងទៀតដូចជា Virgil van Dijk, Joe Gomez និង Trent Alexander-Arnold ជាដើម។
Liverpool នឹងត្រូវទទួលភ្ញៀវ Atalanta ក្នុងការប្រកួតក្របខណ្ឌអឺរ៉ុប Champions League ពូល D នៅរាត្រីថ្ងៃទី២៥ ខែវិច្ឆិកា៕
Tag:
Mohamed Salah
COVID-19
Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com