សារព័ត៌មានថ្មីៗ និងអង្គការដៃគូ បញ្ជ្រាបជំនាញសារព័ត៌មានដល់យុវជន២៥នាក់នៅកំពង់ធំ
ជាតិ
យុវជនសកម្ម សេវាល្អ
សារព័ត៌មានថ្មីៗ និងអង្គការដៃគូ បញ្ជ្រាបជំនាញសារព័ត៌មានដល់យុវជន២៥នាក់នៅកំពង់ធំ
15, Jan 2021 , 11:46 am        
រូបភាព
លោក Pierre Gillette អ្នកសារព័ត៌មានដែលមានបទពិសោធន៍ជាង៤០ឆ្នាំ ជាគ្រូឧទ្ទេសម្នាក់ក្នុងវគ្គបណ្តុះបណ្តាល។ រូបថត ស្រីណា
លោក Pierre Gillette អ្នកសារព័ត៌មានដែលមានបទពិសោធន៍ជាង៤០ឆ្នាំ ជាគ្រូឧទ្ទេសម្នាក់ក្នុងវគ្គបណ្តុះបណ្តាល។ រូបថត ស្រីណា
កំពង់ធំ៖ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកានេះ សារព័ត៌មានថ្មីៗ ចាប់ផ្ដើម វគ្គបណ្តុះបណ្តាលជំនាញសារព័ត៌មាន នៅក្រុងសែន ខេត្តកំពង់ធំ ដល់យុវជនស្នូល ចំនួន២៥នាក់។ វគ្គបណ្តុះបណ្តាលរយៈពេល៤ថ្ងៃនេះ សហការរៀបចំពីអង្គការតម្លាភាពអន្តរជាតិ (Transparency International Cambodia) និងអង្គការអាក់សិនអេតប្រចាំកម្ពុជា (ActionAid Cambodia) និងទទួលបានការគាំទ្រមូលនិធិពីសហភាពអឺរ៉ុប (EU) ប្រចាំកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអែត (SIDA)។



សិស្ស គ្រូបង្រៀន មន្ត្រីមូលដ្ឋាន បុគ្គលិកអង្គការ រួមទាំងយុវជននៅតាមសហគមន៍ សរុបចំនួន២៥នាក់ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ ត្រូវចូលរួមវគ្គបណ្តុះបណ្តាលជំនាញ «ការសរសេរព័ត៌មានបែបអនឡាញ និងផលិតវីដេអូតាមទូរស័ព្ទ» ពីថ្ងៃទី២៤-២៧ ខែវិច្ឆិកា២០២០។ អ្នកជំនាញ និងអ្នកកាសែតដែលមានបទពិសោធន៍ច្រើនឆ្នាំ នៃសារព័ត៌មានថ្មីៗ និងអង្គការដៃគូ គឺជាគ្រូឧទ្ទេសនៃវគ្គបណ្តុះបណ្តាលនេះ។



អ្នកនាង សរ ពិសី មន្រ្តីទំនាក់ទំនងនៃអង្គការអាក់សិនអេត ប្រចាំកម្ពុជា បានលើកឡើងថា វគ្គបណ្ដុះបណ្ដាលនេះ ជាផ្នែកមួយនៃការពង្រឹងសិទ្ធិអំណាចរបស់ស្រ្តីវ័យក្មេង ក្នុងការសម្រេចចិត្ត និងពង្រីកសិទ្ធអំណាចរបស់យុវជន ដើម្បីឱ្យមានមានសមត្ថភាពជំរុញសេវាសាធារណៈ។ តាមរយៈវគ្គបណ្ដុះបណ្ដាលនេះ អ្នកស្រី សង្ឃឹមថា យុវជនអ្នកកាសែតសហគមន៍ នឹងក្លាយជាយុវជនសកម្ម និងជានាំសារ ដើម្បីព្យាយាមស្វែងរកដំណោះស្រាយបញ្ហារបស់សហគមន៍។

 បើតាម លោក លាង ដឺលុច  នាយប្រតិបត្តិនៃសារព័ត៌មានថ្មីៗ  វគ្គបណ្ដុះបណ្ដាលនេះ ស្របជាមួយនឹងគោលដៅរបស់សារព័ត៌មានថ្មីៗ ក្នុងការលើកស្ទួយជំរុញ សិទ្ធិសេរីភាពនៃការបញ្ចេញមតិ ប្រកបដោយក្រមសីលធម៌។ លោករំពឹងថា អ្នកសារព័ត៌សហគមន៍ទាំង២៥នាក់ នឹងបានចែករំលែកព័ត៌មានពិតដោយមានក្រមសីលធម៌ទៅដល់អ្នកនៅជុំវិញខ្លួន និងនៅតាមសហគមន៍ដែលខ្លួនរស់នៅ។ 



វគ្គបណ្តុះបណ្តាលនេះ គឺផ្នែកមួយនៃគម្រោង«ពង្រឹងសិទ្ធិអំណាចរបស់ស្រ្តីវ័យក្មេង ក្នុងការធ្វើសេចក្តីសម្រេចចិត្ត និងជំរុញការផ្តល់សេវាសាធារណៈ ឱ្យកាន់តែមានគណនេយ្យភាព» ដែលកំពុងអនុវត្តរួមគ្នា ដោយអង្គការអង្គការអាក់សិនអេតកម្ពុជា និងអង្គការតម្លាភាពកម្ពុជា ជាមួយអង្គការ និងស្ថាប័នដៃគូចំនួន៩ ទៀត។



គម្រោងនេះ គឺទទួលបានជំនួយហិរញ្ញវត្ថុ ពីសហភាពអឺរ៉ុប(EU) និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអែត (SIDA) ។ គម្រោងនេះមានឬយៈពេល៣ឆ្នាំ ដោយចាប់ផ្តើមចាប់ឆ្នាំ២០២០ ដល់ឆ្នាំ២០២៣។ កំពង់ធំជាខេត្តគោលដៅដំបូងនៃវគ្គបណ្តុះបណ្តាលសារព័ត៌មាន មុនបន្តទៅកាន់បណ្តាខេត្តផ្សេងៗទៀត រួមមាន ឧត្តរមានជ័យ កំពត ពោធិ៍សាត់ និងកោះកុង៕

Tag:
 បណ្តុះបណ្តាលសារព័ត៌មាន
© រក្សាសិទ្ធិដោយ thmeythmey.com