COVID-19
អន្តរជាតិ
ឡាវ មាន​ករណី​ឆ្លង COVID-19 ១៤​ករណី​ថ្មី ដែលជា​ចំនួន​ប្រចាំថ្ងៃ​ច្រើន​បំផុត​
24, Nov 2020 , 1:29 pm        
រូបភាព
នារីឡាវពាក់ម៉ាស់នៅទីក្រុងវៀងច័ន្ទ។ រូបភាព៖ AFP
នារីឡាវពាក់ម៉ាស់នៅទីក្រុងវៀងច័ន្ទ។ រូបភាព៖ AFP
ដោយ:
​មនុស្ស​១៤​នាក់​នៅ​ឡាវ ត្រូវបាន​ធ្វើតេស្ត​វិជ្ជមាន COVID-19 ។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រី​ក្រសួងសុខាភិបាល​ឡាវ​នៅ​ថ្ងៃទី​២៣ វិច្ឆិកា​។ ចំនួន​ឆ្លង​១៤​ករណី​ថ្មី​នេះ ជា​ចំនួន​ឆ្លង​ច្រើន​បំផុត​ក្នុង​រយៈពេល​មួយថ្ងៃ​។



​ក្នុងចំណោម​អ្នក​ឆ្លង​១៤​នាក់ មាន​១៣​នាក់​ជា​ជនបរទេស ខណៈ​ម្នាក់​ជា​ជនជាតិ​ឡាវ​ដែល​ទើប​ធ្វើដំណើរ​មកពី​បរទេស​។ ករណី​ថ្មី​នេះ​រួមមាន​កុមារា​អាយុ​១២​ឆ្នាំ និង​ស្ត្រី​ចំនួន​៣​រូប​។ នេះ​បើ​យោងតាម​លោក​វេជ្ជបណ្ឌិត​Phouthone Muongpak អនុរដ្ឋមន្ត្រី​សុខាភិបាល និង​ជា​អនុប្រធាន​ក្រុមការងារ​បង្ការ និង​គ្រប់គ្រង​ជំងឺ​COVID-19​ឡាវ​។​
 
​ក្រោយ​ការធ្វើ​តេស្ត អ្នក​ឆ្លង​ថ្មី​ទាំង​១៤​នាក់​នោះ ត្រូវបាន​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក ដើម្បី​ធ្វើការ​ព្យាបាល និង​ឃ្លាំមើល​នៅ​មន្ទីរពេទ្យ Mittaphab ក្នុង​ទីក្រុង​វៀងចន្ទន៍​។ បើតាម​សារព័ត៌មាន​ឡាវ Vientiane Times លោក​វេជ្ជបណ្ឌិត Phouthone លើកឡើងថា អ្នក​ផ្ទុក​ជំងឺ​ទាំង​១៤​នាក់​ពុំ​បង្ហាញ​រោគសញ្ញា​អ្វី​ឡើយ​។​
 
​ករណី​ចំនួន​១៤​ថ្មី​នេះ ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង COVID-19 នៅ​ឡាវ​កើនឡើង​ដល់​៣៩​នាក់ ដែល​ក្នុងនោះ​២៤​នាក់​បានជា​សះស្បើយ និង​ពុំមាន​ករណី​ស្លាប់​ឡើយ​។ ក្រោយពេល​មាន​ករណី​ឆ្លង​ថ្មី​នេះ នាយករដ្ឋមន្ត្រី​ឡាវ​លោក ថង​លួ​ន ស៊ី​ស៊ូ​លី​ត​បាន​បើក​កិច្ចប្រជុំ​ជាបន្ទាន់ និង​បញ្ជា​ឲ្យ​ក្រុមការងារ COVID-19 របស់​ឡាវ​រឹតបន្តឹង​វិធានការ​ការពារ ជាពិសេស​លើ​ការត្រួតពិនិត្យ​ជើងហោះហើរ​។​
 
​គិត​ត្រឹម​ថ្ងៃទី​២៣ វិច្ឆិកា នៅ​តំបន់​អាស៊ីអាគ្នេយ៍ ឥណ្ឌូណេស៊ី ជា​ប្រទេស​ដែលមាន​ករណី​ឆ្លង COVID-19 ច្រើនជាងគេ ដោយមាន​៤៩៧,៦៦៨​ករណី ហ្វីលីពីន​មាន​៤១៨,៨១៨​ករណី​,  មី​យ៉ាន់​ម៉ា​មាន​៧៩,២៤៦​ករណី​, ម៉ាឡេស៊ី​មាន​៥៤,៧៧៥​ករណី​, សិង្ហ​បុរី​មាន​៥៨,១៦០​ករណី​, វៀតណាម​មាន​១,៣០៧​ករណី​, ថៃ​មាន​៣,៩២០​ករណី​, ព្រុយ​ណេ​មាន​១៤៨​ករណី​, កម្ពុ​ជាមាន​៣០៦​ករណី និង​ឡាវ​មាន​៣៩​ករណី​៕
 

Tag:
 ឡាវ​
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com