សង្គមអន្តរជាតិ​
អន្តរជាតិ
ចិន​ថា ខ្លួន​នឹង​ឆ្លើយតប​ឲ្យ​បាន​សក្តិសម​បំផុត​នឹង​ទស្សនកិច្ច​មន្ត្រី​អាមេរិក​នៅ​តៃវ៉ាន់​
24, Nov 2020 , 2:39 pm        
រូបភាព
លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន។ រូបភាព៖ ក្រសួងការបរទេសចិន
លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន។ រូបភាព៖ ក្រសួងការបរទេសចិន
​ចិន នឹង​ឆ្លើយតប​ឲ្យ​សាក​សម​បំផុត និង​ស្របច្បាប់ លើ​ទស្សនកិច្ច​របស់​មន្ត្រី​អាមេរិក​នៅ​តៃវ៉ាន់​។ នេះ​បើតាម​ការបញ្ជាក់​ថា​រប​ស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា​។ បើតាម​ប្រភព​ដែល​ស្និទ្ធ​នឹង​ព្រឹត្តិការណ៍​នេះ មន្ត្រី​អាមេរិក​នោះ ជា​ឧ​ត្ត​មនា​វី​ទោ Michael Studeman ដែលជា​មេបញ្ជាការ​កងកម្លាំង​ចារកិច្ច​របស់​យោធា​អាមេរិក​ប្រចាំ​នៅ​តំបន់​ឥណ្ឌូ​-​បា​ស៊ី​ហ្វិ​ក​។

 
​តៃវ៉ាន់ នៅ​ថ្ងៃទី​២២ វិច្ឆិកា បានប្រកាស​ទទួល​ស្វាគមន៍ មន្ត្រី​អាមេរិក​ម្នាក់ ដែល​មិនបាន​បញ្ចេញ​ព័ត៌មាន​លម្អិត​ជុំវិញ​ដំណើរ​ទស្សនកិច្ច​នេះឡើយ ដោយ​ផ្អែកលើ​ទំនុកចិត្ត​ទៅវិញទៅមក​។ មន្ត្រី​តៃវ៉ាន់​ដែល​ស្និទ្ធ​នឹង​ព្រឹត្តិការណ៍​នេះ បាន​បញ្ជាក់ថា នេះ​ជា​ដំណើរ​ទស្សនកិច្ច​របស់​ឧ​ត្ត​មនា​វី​ទោ Michael Studeman ដែលជា​មេបញ្ជាការ​កងកម្លាំង​ចារកិច្ច​របស់​យោធា​អាមេរិក​ប្រចាំ​នៅ​តំបន់​ឥណ្ឌូ​-​បា​ស៊ី​ហ្វិ​ក​។ 
 
​ចិន ព្រមាន​ឆ្លើយតប​នឹង​ការផ្លាស់ប្ដូរ​ទំនាក់ទំនង​យោធា​រវាង​អាមេរិក និង​តៃវ៉ាន់​បែបនេះ​។ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំ​ថ្ងៃទី​២៣ ខែវិច្ឆិកា អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Zhao Lijian និយាយថា​៖ « ចិន​ជំទាស់​ជាដាច់ខាត​គ្រប់​ទម្រង់​នៃ​ការផ្លាស់ប្តូរ​មន្ត្រី និង​យោធា​រវាង​អាមេរិក និង​តៃវ៉ាន់​»​។ បើតាម​ការអះអាង​រប​ស់​អ្នកនាំពាក្យ​រូបនេះ ចិន​នឹង​បន្ត​គោលជំហរ​បែបនេះ និង​ទទូច​ឲ្យ​អាមេរិក​គោរព​គោលការណ៍ «​ចិន​តែមួយ​» និង​សេចក្តីថ្លែងការណ៍​រួម​ចំនួន​៣ រវាង​ចិន និង​អាមេរិក​។ 
 
​ទន្ទឹមគ្នានេះ លោក Zhao បាន​បន្តទៀតថា រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង នឹង​ឆ្លើយតប​ឲ្យ​បាន​សក្តិសម​បំផុត និង​ស្របច្បាប់ បើសិន​បើ​មាន​ការវិវឌ្ឍ​លើ​ពីនេះ​។ 
 
​កន្លងទៅ មន្ត្រីជាន់ខ្ពស់​អាមេរិក ដូចជា​រដ្ឋមន្ត្រី​សុខាភិបាល​អាមេរិក លោក Alex Azar និង​អនុរដ្ឋលេខាធិការ​នៃ​ក្រសួងការបរទេស​អាមេរិក លោក Keith Krach ក៏បាន​ធ្វើ​ទស្សនកិច្ច​មក​តៃវ៉ាន់​ដែរ​។ មិនតែប៉ុណ្ណោះ អាមេរិក ក៏បានផ្តល់​ភ្លើង​បៃតង ក្នុង​ការលក់​អាវុធ​ដល់​តៃវ៉ាន់​ជាច្រើន​ពាន់​លាន​ដុល្លារ​ផងដែរ​។ 
 
​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រីជាន់ខ្ពស់​អាមេរិក លោក Alex និង​លោក Keith យន្តហោះ​ចម្បាំង​ចិន​ជាច្រើន​គ្រឿង បាន​ហោះចូល​ដែនអាកាស​តៃវ៉ាន់​ជាច្រើនលើក ដែល​បង្ក​ឲ្យ​តៃវ៉ាន់​ត្រៀមខ្លួន និង​អាចឈាន​ទៅដល់​ការប៉ះទង្គិច​គ្នា​ថែមទៀត​៕

Tag:
 ចិន​
  អាមេរិក​
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com