COVID-19
ជាតិ
បរទេស ដែល​ចូលគាល់​ព្រះមហាក្សត្រ​ឬ​ជួប​មេដឹកនាំ​កម្ពុជា តម្រូវ​ឲ្យ​រក​មេរោគ​កូ​វីដ​សិន​
24, Nov 2020 , 2:08 pm        
រូបភាព
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដឹកនាំកិច្ចប្រជុំនៃគណៈកម្មការអន្តរក្រសួងដើម្បី ប្រយុទ្ធនឹងជំងឺកូវីដ-១៩ កាលពីខែមីនា ឆ្នាំ២០២០ (រូបពីក្រសួងព័ត៌មាន)
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដឹកនាំកិច្ចប្រជុំនៃគណៈកម្មការអន្តរក្រសួងដើម្បី ប្រយុទ្ធនឹងជំងឺកូវីដ-១៩ កាលពីខែមីនា ឆ្នាំ២០២០ (រូបពីក្រសួងព័ត៌មាន)
​គណៈប្រតិភូ​បរទេស នឹងត្រូវ​បាន​យក​សំណាក ទៅធ្វើ​តេស្ត​រក​វីរុស​កូ​វីដ​-១៩ យ៉ាង​ឆាប់រហ័ស ពេលមកដល់​កម្ពុជា មុនពេល​ចូលគាល់​ព្រះមហាក្សត្រ ព្រះមហាក្សត្រី ឬ​មុន​ចូលជួប​មេដឹកនាំ​កំពូលៗ​របស់​កម្ពុជា ដូចជា ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និង នាយករដ្ឋមន្ត្រី ជាដើម​។ នេះ​បើតាម​សេចក្តីណែនាំ​របស់លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ដែល​ចេញ​នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០​។



​លោក ម៉ម ប៊ុនហេង បញ្ជាក់ថា​៖«​បើ​ជំនួប​នៅពេល​ព្រឹក ត្រូវធ្វើ​តេស្ត​រក​វីរុស​កូ​វីដ​-១៩ នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា នៅពេល​យប់ មុនពេល​ចូលគាល់ [​ព្រះមហាក្សត្រ​ឬ​ព្រះមហាក្សត្រី​] ឬ​មុនពេល​ចូលជួប [​មេដឹកនាំ​កម្ពុជា​]​។ បើ​ជំនួប​នៅពេល​រសៀល ត្រូវធ្វើ​តេស្ត​រក​វីរុស​កូ​វីដ​-១៩ នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា នៅពេល​ព្រឹក មុន​ចូលគាល់ [​ព្រះមហាក្សត្រ​ឬ​ព្រះមហាក្សត្រី​] ឬ​មុនចូលជួប [​មេដឹកនាំ​កម្ពុជា​]»​។  
 
​លើសពីនេះ លោក ម៉ម ប៉ុន​ហេង លើកឡើងថា គណៈប្រតិភូ​បរទេស ត្រូវមាន​វិញ្ញាបនបត្រ ដែល​បញ្ជាក់ថា គ្មាន​ជំងឺ​កូ​វីដ​-១៩ និង​មិនមាន​រោគសញ្ញា​អំពី​ជំងឺ​កូ​វីដ​-១៩ មុនពេល​ចេញដំណើរ មក​កម្ពុជា​។ វិញ្ញាបនបត្រ​នេះ គឺ​ចេញ​និង​បញ្ជាក់​ដោយ​រដ្ឋាភិបាលរ​បស់​គណៈប្រតិភូ​បរទេស​នោះ​។ 
 
​រដ្ឋមន្ត្រី​សុខាភិបាល​កម្ពុជា ប្រាប់​គណៈប្រតិភូ​បរទេស ឲ្យ​ចៀសវាង​ការជួបជុំ​ក្នុង​ពិធី​ណា ដែល​ប្រមូលផ្តុំ​មនុស្ស​ច្រើន មុន​ជំនួប​កើតឡើង​។ លោក បន្តថា បើ​សមាជិក​គណៈប្រតិភូ​ណា​ម្នាក់ មាន​រោគសញ្ញា​ផ្តាសាយ នឹងមិន​អនុញ្ញាត​ឲ្យ​ចូលគាល់​ឬ​ជួប​សវនាការ​នោះទេ​។ លោក បន្ថែមថា ជំនួប អាច​នឹង​លុបចោល​ភ្លាម បើ​មានការ​ជូនដំណឹង​រប​ស់​មន្ទីរពិសោធន៍​ពី​លទ្ធផល​តេស្ត​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ឬ​មានការ​សង្ស័យ​ណាមួយ​ពី​ជំងឺ​កូ​វីដ​-១៩​។  
 
​លោក ណែនាំ​ថា កិច្ចសន្ទនា​ក្នុងជំនួប មិនគួរ​លើសពី​៤៥​នាទី​ឡើយ ហើយ​ត្រូវ​ពាក់​ម៉ាស់​ជាប់​ជានិច្ច រួមទាំង​ត្រូវ​រក្សា​គម្លាត​ពីគ្នា​យ៉ាងតិច​១​ម៉ែត្រ​កន្លះ​។ សូម្បីតែ​ការទទួល​ទាន​អាហារសម្រន់​ឬ​ភេសជ្ជៈ​រយៈពេល​ខ្លី ក្នុងអំឡុងពេល​ជួប​សវនាការ ក៏​លោក មិន​ចង់​ឲ្យ​មាន​ដែរ ព្រោះ​ដើម្បី​ចៀសវាង​ការ​បង្ហើប​ម៉ាស​។ 
 
​លោក​រដ្ឋមន្ត្រី នៅ​ណែនាំ​ទៀតថា គួរតែរៀបចំ​កន្លែង​ជំនួប ដែលមាន​ទំហំ​ធំ​ទូលាយ ហើយ​មាន​ប្រព័ន្ធ​រំហូរ​ខ្យល់​ចេញចូល​ល្អ​។ លោក យល់ថា សមាសភាព​គណៈប្រតិភូ​បរទេស មិនគួរ​មាន​ចំនួន​ច្រើនពេក​ទេ នៅក្នុង​ជំនួប​។​
 
​លោក ផ្តល់យោបល់​បន្ថែមថា មុន​និង​ក្រោយ​នៃ​ជំនួប គឺ​ត្រូវ​បាញ់ថ្នាំ​សម្លាប់​មេរោគ នៅ​កន្លែង​ជួប​សវនាការ​នោះ ហើយ​ត្រូវធ្វើ​បដិសណ្ឋារកិច្ច​ដោយ​លើកដៃ​សំពះ ជំនួស​ការ​ចាប់ដៃគ្នា​។ លោក នៅមាន​យោបល់​ទៀតថា ត្រូវ​បំពាក់​ម៉ាស៊ីន​វាស់​កម្តៅ​ស្វ័យប្រវត្តិ​ឬ​ទែ​ម៉ូ​មែត្រ​វាស់​កម្តៅ​ដោយ​ដៃ និង​ដាក់​អាល់កុល​ឬ​ជែ​ល​លាងដៃ នៅ​គ្រប់​ច្រកចេញចូល​នៃ​កន្លែង​ជំនួប​។ 
 
​លោក មានប្រសាសន៍​ក្នុង​សេចក្តីណែនាំ​របស់លោក​ថា គណៈប្រតិភូ​បរទេស អាច​ថតរូប​អនុ​វស្សា​វ​រី​យ៍ ដោយ​ពាក់​ម៉ាស ឬ​ដោយ​មិន​ពាក់​ម៉ាស់ តាម​ព្រះ​រាជានុញ្ញាត​របស់​ព្រះមហាក្សត្រ ព្រះមហាក្សត្រី ឬ​តាម​ការអនុញ្ញាត​របស់​ថ្នាក់ដឹកនាំ​កម្ពុជា ប៉ុន្តែ​ត្រូវ​រក្សា​រយៈពេល​យ៉ាងខ្លី​បំផុត និង​ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព ក្នុងពេល​ថត​។​
 
​រដ្ឋមន្ត្រី​សុខាភិបាល ចេញ​សេចក្តីណែនាំ​នេះ បន្ទាប់ពី​កម្ពុជា បាន​ជួប​ព្រឹត្តិការណ៍​៣​វិច្ឆិកា​។ ព្រឹត្តិការណ៍​៣​វិច្ឆិកា គឺ​សំដៅ​ដល់​ដំណើរ​ទស្សនកិច្ច​របស់លោក Péter Szijjártó រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី និង​គណៈប្រតិភូ​របស់​លោក នៅ​កម្ពុជា កាលពី​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២០​។ ពេល​ចេញពី​កម្ពុជា ទៅដល់​ថៃ រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី ត្រូវ​រកឃើញថា ផ្ទុក​ជំងឺ​កូ​វីដ​-១៩ នៅ​ថ្ងៃទី​៤ ខែវិច្ឆិកា​។ 
 
​ភាគី​កម្ពុជា រាប់ទាំង​តំណាងរាស្ត្រ នាយករដ្ឋមន្ត្រី  និង រដ្ឋមន្ត្រី​មួយចំនួន រួមទាំង​មនុស្ស​៣-៤​ពាន់​នាក់​ទៀត ដែល​បាន​ជួប​ប្រាស្រ័យ​ទាក់ទង​ដោយ​ផ្ទាល់​និងដោយ​ប្រយោល​ជាមួយ​គណៈប្រតិភូ​ហុង​គ្រី ត្រូវបានធ្វើ​តេស្តរ​កវី​រុស​កូ​វីដ​-១៩ និង​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​។ ក្នុងចំណោម​អ្នក​ទាំងនោះ មាន​មនុស្ស​៤​នាក់ ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​៣​វិច្ឆិកា ត្រូវបាន​រកឃើញថា មាន​ជំងឺ​កូ​វីដ​-១៩​។​
 
​អ្នក​ទាំង​៤​នោះ មាន​ជនជាតិខ្មែរ​៣​នាក់ គឺ អង្គរក្ស តំណាងរាស្ត្រ និង មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម ហើយ​ម្នាក់ទៀត គឺ​ឯកអគ្គរដ្ឋទូត​ហុង​គ្រី​ប្រចាំ​កម្ពុជា​។ ប៉ុន្តែ ក្រសួងសុខាភិបាល ប្រកាសថា តំណាងរាស្ត្រ​រូបនោះ បានជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩​វិញ​ហើយ​។ 
 
​កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា ប្រមុខ​រដ្ឋាភិបាល ប្រកាស​បិទ​បញ្ច់ប​ព្រឹត្តិការណ៍​៣​វិច្ឆិកា​នេះ ក្រោយ​ជឿជាក់ថា មិនមាន​អ្នកណា​ផ្សេង​មាន​ជំងឺ​កូ​វីដ​-១៩ ក្រៅតែពី​មនុស្ស​ទាំង​៤​នាក់​ខាងលើ​។​

​គិត​ត្រឹម​ថ្ងៃទី​២៤ ខែវិច្ឆិកា កម្ពុជា រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ចំនួន​៣០៦​នាក់ ដោយ​ក្នុងនោះ មាន​២៩៦​នាក់ បានជា​សះស្បើយ​វិញ​៕ 
 
 
 

Tag:
 COVID-19
  គណៈប្រតិភូ​បរទេស
© រក្សាសិទ្ធិដោយ thmeythmey.com