ជាតិ
អាមេរិក​ផ្ដល់ជំនួយ​៦០​ម៉ឺន​ដុល្លារ​ទៀត សម្រាប់​ជួយ​ពលរដ្ឋ​កម្ពុជា ដែល​រងគ្រោះ​ទឹកជំនន់​
24, Nov 2020 , 3:51 pm        
រូបភាព
​ភ្នំពេញ​៖ រដ្ឋាភិបាល​អាមេរិក ផ្ដល់​ថវិកា​៦០​ម៉ឺន​ដុល្លារ​ទៀត សម្រាប់​ជួយ​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​កម្ពុជា ដែល​រងគ្រោះ​ទឹកជំនន់​។ អាមេរិក​នឹង​ផ្ដល់​ទឹកប្រាក់​ទាំងនេះ តាមរយៈ​ទីភ្នាក់ងារ​ជំនួយ​អាមេរិក (USAID)​។ នេះ​បើតាម​សេចក្តីប្រកាស​រួម​របស់​ទីភ្នាក់ងារ​ជំនួយ អាមេរិក (USAID) និង​អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក (WFP)​។​


USAID នឹង​ផ្ដល់​ទឹកប្រាក់​៦០​ម៉ឺន​ដុល្លារ​នេះ ទៅ​អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក (WFP) ក្នុង​ការជួយ​ពលរដ្ឋ​កម្ពុជា ៣, ៧២៥ គ្រួសារ ដែល​រង​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់ ដើម្បី​ឲ្យ​គេ​ទិញ​ស្បៀងអាហារ​ផ្គត់ផ្គង់​ជីវភាព​។​
 
​តាមរយៈ​សេចក្តីប្រកាស​រួម​នេះ បាន​ស្រង់​សម្តី​លោក​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា W. Patrick Murphy ដូច្នេះ​ថា​៖ «​យើង​មានការ​អាណិត ដោយមាន​ប្រជាជន​កម្ពុជា​ដែល​ងាយ​រងគ្រោះ​ជាច្រើន មានការ​ខ្វះខាត ដោយសារតែ​គ្រោះទឹកជំនន់ នៅ​ឆ្នាំនេះ​។ សហរដ្ឋអាមេរិក នឹង​ផ្តល់ជំនួយ​សង្គ្រោះ​ជា​បន្ថែម ក្នុង​ស្មារតី​សាមគ្គីភាព​ជាមួយ​សហគម​ន៍​ដែល​រងគ្រោះ​ដោយ​គ្រោះទឹកជំនន់​ទាំងនេះ​»​។​
 
​ជំនួយ​៦០​ម៉ឺន​ដុល្លារ​នេះ គឺ​បន្ថែម​ទៅលើ​ទឹកប្រាក់ ១០​ម៉ឺន​ដុល្លា ដែល​ទីភ្នាក់ងារ USAID បានផ្តល់​ឲ្យ​អង្គការ WFP​លើកដំបូង បន្ទាប់ពី​មាន​គ្រោះទឹកជំនន់​ភ្លាម សម្រាប់​ជួយ​ក្នុងការ​ចែកចាយ​ស្បៀង​ជាបន្ទាន់ ដល់​ពលរដ្ឋ ២,៥៦០​គ្រួសារ  នៅក្នុង​តំបន់​ដែល​រងគ្រោះ​ខ្លាំងជាងគេ ក្នុង​ខេត្តពោធិសាត់​។  
 
​លោកស្រី Claire Conan  តំណាង​នៃ​អង្គការ WFP បាន​មានប្រសាសន៍ថា​៖ «​យើង​សូម​អរគុណ​ដល់ទី​ភ្នាក់ងារ USAID ចំពោះ​ជំនួយ​បន្ថែម​នេះ សម្រាប់​គ្រួសារ​ខ្សត់ខ្សោយ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​។ ជំនួយ​នេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ស្តារ​ស្ថានភាព​របស់គេ ពិសេស​ដោយ​ពួកគេ​ជាច្រើន​ក៏​រងគ្រោះ​ផងដែរ​ដោយសារ​បញ្ហា​ជំងឺ​រាតត្បាត​ជា​សាកល​។ អង្គការ WFP នឹង​ធ្វើការ​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល និង​ដៃគូ នៅក្នុង​ដំណាក់កាល​ថ្មី​នេះ នៃ​ការឆ្លើយតប​នឹង​គ្រោះទឹកជំនន់​»​។​
 
​ក្រៅពីនេះ ជំនួយ​របស់​ទីភ្នាក់ងារ USAID និង​អង្គការ WFP បាន​ជួយ​ពង្រឹង​ប្រព័ន្ធ​ព័ត៌មាន​លើ​ការគ្រប់គ្រង​គ្រោះមហន្តរាយ​ថ្នាក់ជាតិ របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​កម្ពុជា​។ ជាពិសេស​ជួយ​ឲ្យ​គណៈកម្មាធិការ​នេះ អាច​តាមដាន​ហានិភ័យ និង​ផលប៉ះពាល់ នៅពេល​មាន​គ្រោះទឹកជំនន់ ហើយ​អាច​គៀងគរ​ធនធាន​បាន​ឆាប់រហ័ស សម្រាប់​ឆ្លើយតប នៅតាម​តំបន់​ដែល​រង​ផលប៉ះពាល់​។ 
 
​ចាប់តាំងពី​ឆ្នាំ ២០០០ មក ទីភ្នាក់ងារ USAID បានផ្តល់​ថវិកា​ចំនួន​ជិត ១៣ លាន​ដុល្លារ ដែលជា​ជំនួយ​សម្រាប់​កាត់បន្ថយ​ហានិភ័យ ,​ការត្រៀម​បម្រុង និង​សម្រាប់​ការឆ្លើយតប​នឹង​គ្រោះមហន្តរាយ​នៅ​កម្ពុជា​។ នៅក្នុង​ឆ្នាំ ២០២០ នេះ សហរដ្ឋអាមេរិក ក៏បាន​រំលឹក​ខួប​លើក​ទី ៧០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត រវាង​ប្រទេស​ទាំងពីរ​ទៀតផង​។​
 
 
 

Tag:
 ទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com