ជាតិ
សង្គមជាតិ
របាយការណ៍​TI៖ ពលរដ្ឋ​កម្ពុជា​៧៩​ភាគរយ យល់ថា រដ្ឋាភិបាល​មាន​ចំណាត់​ការល្អ​ប្រឆាំង​អំពើពុករលួយ​
24, Nov 2020 , 5:29 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ពលរដ្ឋ​កម្ពុជា​ភាគច្រើន ហាក់​ពេញ​ចិត្តនឹង​ចំណាត់ការ​របស់​រដ្ឋាភិបាល​ខ្លួន​ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​។ នេះ​បើតាម​របាយការណ៍​មួយ​ដែល​ចុះផ្សាយ​ដោយ​អង្គការ​តម្លាភាព​អន្តរជាតិ (TI) នៅ​ថ្ងៃទី ២៤ ខែវិច្ឆិកា​។ ក្នុង​ទ្វីបអាស៊ី កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​៥ ជា​ប្រទេស​ដែលមាន​ពលរដ្ឋ​ពេញចិត្ត​នឹង​សកម្មភាព​របស់​រដ្ឋាភិបាល​ពាក់ព័ន្ធ​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​។​

 
​របាយការណ៍​ស្តីពី​ការវាស់វែង​អំពើពុករលួយ​សកល (Global Corruption Barometer) ឆ្នាំ​២០២០ សម្រាប់​ទ្វីបអាស៊ី បាន​រកឃើញថា ពលរដ្ឋ​កម្ពុជា​ប្រមាណ ៧៩ ភាគរយ យល់ឃើញថា រដ្ឋាភិបាល​មាន​ចំណាត់​ការល្អ​ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើ​រលួយ ខណៈ​១៨​ភាគរយ​ទៀត យល់ឃើញថា មិនល្អ​។ 
 
​បើ​ធៀប​នឹង​ប្រទេស​១៦​ផ្សេងទៀត​ក្នុង​តំបន់​អាស៊ី​ដែលមាន​ឈ្មោះ​ក្នុង​របាយការណ៍​នេះ មី​យ៉ាន់​ម៉ា មាន​ពលរដ្ឋ​រហូតដល់ ៩៣​ភាគរយ ដែល​ពេញចិត្ត​វិធានការ​រដ្ឋាភិបាល​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ ហើយ​វា​ជា​តួលេខ​ខ្ពស់បំផុត​។ ដោយឡែក ពលរដ្ឋ​ជប៉ុន​តែ​២៤​ភាគរយ​ប៉ុណ្ណោះ ពេញចិត្ត​ចំណាត់ការ​រដ្ឋាភិបាល​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ ដែល​វា​ជា​អត្រា​ទាប​បំផុត​ក្នុង​តំបន់​។ 
 
​ឈរ​នៅលើ​កម្ពុជា គឺមាន មី​យ៉ាន់​ម៉ា បង់​ក្លា​ដែ​ស​, ហ្វីលីពីន និង ចិន ដែលមាន​ពលរដ្ឋ​យល់ឃើញថា រដ្ឋាភិបាល​មាន​ចំណាត់​ការល្អ​ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើ​រលួយ​។ នេះ​យោងតាម​របាយការណ៍​ដ​ដែល​។ 
 


​នៅ​កម្ពុជា ការស្ទង់មតិ បាន​ធ្វើឡើង​ចន្លោះ​ពី​ខែមិថុនា និង​ខែកក្កដា ឆ្នាំ​២០២០ ដែលមាន​អ្នកចូលរួម​ផ្ដល់​បទ​សម្ភាស​តាម​ទូរ​សព្ទ​១០០០​នាក់ ហើយ​មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើងទៅ​។ លទ្ធផល​ក្នុង​របាយការណ៍​ឆ្នាំ​២០២០​នេះ បង្ហាញ​ទៀតថា ការយល់ឃើញ​របស់​ព​ល​រដ្ឋ​កម្ពុជា​ពាក់ព័ន្ធ​អំពើពុករលួយ​មាន​ភាពប្រសើរឡើង បើ​ធៀប​នឹង​របាយការណ៍​កាលពី​ឆ្នាំ​២០១៦​។ 
 
​ជាក់ស្តែង កាលពី​ឆ្នាំ​២០១៦ ពលរដ្ឋ​កម្ពុជា​ត្រឹមតែ​២៨​ភាគរយ យល់ឃើញថា អំពើពុករលួយ​មានការ​ថយចុះ ខណៈ​ប្រមាណ​៦៦​ភាគរយ យល់ឃើញថា អំពើពុករលួយ​នៅតែមាន និង​បន្ត​កើនឡើង​ដដែល​។ ចំណែក នៅ​ឆ្នាំ​២០២០​វិញ លទ្ធផល​បង្ហាញថា ពលរដ្ឋ​៥៥​ភាគរយ យល់ឃើញថា អំពើពុករលួយ​នៅ​កម្ពុជា​ថមថយ ខណៈ​៤១​ភាគរយ​ផ្សេងទៀត យលឃើញថា អំពើពុករលួយ​នៅតែមាន និង​បន្ត​កើនឡើង​ដដែល​។ 
 
​ទោះជា​ការយល់ឃើញ​ជារួម​របស់​ពលរដ្ឋ​លើ​ទិដ្ឋភាព​អំពើពុករលួយ​នៅ​កម្ពុជា មាន​ភាពប្រសើរឡើង​ក្តី លទ្ធផល​នៃ​ការស្ទង់មតិ​នេះ រកឃើញថា ស្ថាប័ន​តុលាការ នរគ​បាល និង​រដ្ឋាភិបាល នៅតែ​ស្ថាប័ន ដែល​ពលរដ្ឋ​ជឿថា មាន​អំពើពុករលួយ​ជាងគេ​។ ជា​ឧទាហរណ៍ ៨៨​ភាគរយ​នៃ​អ្នកផ្ដល់​បទ​សម្ភាស គិតថា អំពើពុករលួយ មាននៅ​ក្នុងចំណោម​មន្ត្រីប៉ូលិស​, ៧២​ភាគរយ យល់ថា​មាន​អំពើពុករលួយ​ក្នុងចំណោម​មន្ត្រី​រដ្ឋាភិបាល ហើយ ៧២​ភាគរយ គិតថា​មាន​អំពើពុករលួយ​ក្នុង​វិស័យ​តុលាការ​។​
 
​ក្នុង​សន្និសីទ​ព័ត៌មាន​តាម​ប្រព័ន្ធ​វីដេអូ លោក ប៊ិច ពិសី នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា គូសបញ្ជាក់ថា​៖«​អំពើពុករលួយ​នៅតែ​បន្ត​យាយី ដល់​នីតិរដ្ឋ ការទទួលបាន​យុត្តិធម៌ និង​ជា​ឧបសគ្គ​ចម្បង​ក្នុង​ការធ្វើ​អាជីវកម្ម​នៅ​កម្ពុជា​»​។ 
 
​ត្រង់ចំណុច​នេះ លោក​សង្កត់ធ្ងន់ថា អំឡុង​ពេលដែល​កម្ពុជា​កំពុង​ប្រឈម​វិបត្តិ​ផ្ទួនៗ ដែល​កើតចេញ​ផលប៉ះពាល់​អវិជ្ជមាន​ប​ង្ក​ដោយ​កូ​វីដ​-១៩ ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA និង​ការដាំ​ក្បាល​ចុះ​នៃ​សេដ្ឋកិច្ច ការកាត់បន្ថយ​អំពើពុករលួយ​ក្នុង​វិស័យ​សាធារណៈ គឺ​ចាំបាច់​បំផុត​ដើម្បី​ឲ្យ​កម្ពុជា​អាច​បង្កើន​ប្រសិទ្ធភាព​នៃ​ការផ្ដល់សេវា​កម្មដ​ល់ព​ល​រដ្ឋ វិស័យ​ឯកជន និង​រក្សា​ស្ថិរភាព​សេដ្ឋកិច្ច និង​ការទទួលបាន​យុត្តិធម៌​សង្គម​។ 
 
​សូមបញ្ជាក់ថា របាយការណ៍​ស្តីពី​ការវាស់វែង​អំពើពុករលួយ​សកល របស់​អង្គការ​តម្លាភាព​អន្តរជាតិ គឺជា​ការសិក្សា​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​ស្ថិតិ ដោយ​ស្ទង់​មតិ​សាធារណជន​ដើម្បី​ឆ្លុះបញ្ចាំង​អំពើ​ទស្សនៈ និង​បទពិសោធ​របស់​ពលរ​ដ្ឋ​នៅ​ទូទាំង​ពិភពលោក​ទាក់ទិន​អំពើពុករលួយ​។ 
 
​ចំណែក របាយការណ៍​ស្តីពី​ការវាស់វែង​អំពើពុករលួយ​សក​លស​ម្រា​ប់​ទ្វីបអាស៊ី​ឆ្នាំ​២០២០​នេះ បាន​សិក្សា​ស្ទង់​មតិ​ជាមួយ​ពលរដ្ឋ​ប្រមាណ ២​ម៉ឺន​នាក់ នៅ​បណ្ដា​ប្រទេស​១៧ ចាប់ពី​ខែមីនា ឆ្នាំ​២០១៩ ដល់​ខែកញ្ញា​ឆ្នាំ​២០២០​។ 
 
​និយាយ​ពី​ទិដ្ឋភាព​រួម​ក្នុង​តំបន់​អាស៊ី ពលរដ្ឋ​ប្រមាណ​៣៨​ភាគរយ យល់ឃើញថា អំពើពុករលួយ​មានការ​កើនឡើង​ក្នុងពេល​១​ឆ្នាំ​ចុងក្រោយ ខណៈ​៣​ភាគ៤​នៃ​ដែល​អ្នកចូលរួម​ផ្ដល់​បទ​សម្ភាស នៅតែ​ជឿថា អំពើពុករលួយ​ក្នុង​ជួរ​រដ្ឋាភិបាល ជា​បញ្ហា​ធំ​មួយ​សម្រាប់​ប្រទេស​ពួកគេ​។ ហើយ​មាន​មនុស្ស​ម្នាក់​ក្នុងចំណោម​៥​នាក់ ឆ្លើយថា​បាន​សូកប៉ាន់​ដើម្បី​ទទួលបាន​សេវាសាធារណៈ​កាលពី​ឆ្នាំមុន ឬ​ស្មើ ៨៣៦​លាន​នាក់​ក្នុងប្រទេស​ទាំង​១៧ នៅ​តំបន់​អាស៊ី​៕ 
 
 

Tag:
 TI
  កម្ពុជា​
  GCB
© រក្សាសិទ្ធិដោយ thmeythmey.com