ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
តុលាការ​បារាំង​នឹង​បើកសវនាការ​សំណុំរឿង​«​បរិហាកេរ្តិ៍​» ដែល​សម្ដេច ហ៊ុន សែន ប្ដឹង​លោក សម រង្ស៊ី នៅ​ឆ្នាំ​២០២២
25, Nov 2020 , 10:20 am        
រូបភាព
​ភ្នំពេញ​៖ តុលាការ​បារាំង នឹង​ដំណើការ​សំណុំរឿង​«​បរិហាកេរ្តិ៍​» របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ដែល​ប្ដឹង​លោក សម រង្ស៊ី មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃទី​១ កញ្ញា ឆ្នាំ​២០២២​ខាងមុខ​។ ព័ត៌មាន​នេះ ត្រូវបាន​សម្ដេច ហ៊ុន សែន បង្ហើប​ប្រាប់​សា​ធារ​ជន នៅក្នុង​ជំនួប​សំណេះសំណាល​ជាមួយ​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​របស់​រដ្ឋាភិបាល នៅ​ព្រឹក​ថ្ងៃទី​២៥ វិច្ឆិកា​នេះ​។​



​សំណុំរឿង​«​បរិហាកេរ្តិ៍​»​នេះ ត្រូវបាន​មេធាវី​រដ្ឋាភិបាល ដាក់ពាក្យ​ប្ដឹង​លោក សម រង្ស៊ី កាលពី​ឆ្នាំ​២០១៩​មកម្ល៉េះ ក្រោយពី​មេដឹកនាំ​អតីត​បក្សប្រឆាំង​រូបនេះ បាន​ចោទ​រដ្ឋាភិបាល ថា សម្លាប់​លោក ហុក ឡង់ឌី អតីត​អគ្គស្នងការដ្ឋាន​នគរ​បាល កាលពី​ឆ្នាំ​២០០៨ រួមទាំង​មេ​សហជីព និង​អ្នកសិល្បៈ​ផ្សេងទៀត​ផងដែរ​។​

ចំពោះការតវ៉ាក្តីនេះ សម្ដេច ហ៊ុន សែន បានត្រៀមមេធាវីបរទេស៣រូបផងដែរ ដោយមេធាវី១នាក់ សម្ដេច ត្រូវចំណាយថវិកា៤០០អឺរ៉ូ (ប្រមាណ៤៧៦ដុល្លារ) ក្នុងមួយម៉ោង។ ដ្បិតដំណើរការក្តីនៅសល់ពេលវែងឆ្ងាយក្តី ប៉ុន្តែសម្ដេច ហ៊ុន សែន ហាក់ដូចជាមានជំនឿថា សម្ដេច នឹងអាចឈ្នះក្តីនេះ។ សម្ដេច ក៏បានរម្លឹកពីជោគជ័យប្ដឹងកាសែតបារាំងមួយ នៅតុលាការបារាំងកាលពីជាង២០ឆ្នាំមុនផងដែរ។
 
«ខ្ញុំធ្លាប់ឈ្នះក្តីលើកាសែតបារាំង Le Figaro ដោយឈ្នះក្តីបាន៥០០០០ហ្វ្រង់ កាលពីឆ្នាំ១៩៩៧។ តែគ្រាន់តែខ្ញុំចំណាយលើមេធាវីវិញអស់១២០០០០ហ្វ្រង់ »។ នេះជាការរម្លឹករបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ដែលបានបន្ថែមថា បើសម្ដេចឈ្នះក្តីលើលោក សម រង្ស៊ី នោះ គឺសម្ដេចទាសំណងតែ១អឺរ៉ូ (ជាង១ដុល្លារ)តែប៉ុណ្ណោះ។ 
 
ក្រោយលើកឡើងបែបនេះហើយ នាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏ឆ្លៀតរិះគន់លើដំណើការក្តីរបស់តុលាការបារាំងថា មានភាពយឺតយ៉ាវផងដែរ ។ នោះក៏ព្រោះតែសំណុំរឿងសម្ដេច ដែលប្ដឹងលោក សម រង្ស៊ី តាំងពីឆ្នាំ២០១៩ ប៉ុន្តែតុលាការបារាំងយកទៅដោះស្រាយនៅឆ្នាំ២០២២ទៅវិញ។ ត្រង់ចំណុចនេះប្រមុខរដ្ឋាភិបាលកម្ពុជា ឆ្លៀតផ្លែផ្កាទៀតថា តុលាការបារាំង ក៏ចេះយឺតយ៉ាវក្នុងដំណើរការក្តីដែរ ដូច្នេះមិនគួរណាបរទេសមកបង្ខំតុលាការខ្មែរ ឲ្យពន្លឿនដំណើរការក្តីជនជាប់ចោទតាមចិត្តខ្លួននោះទេ។
 
កាលពីថ្ងៃទី២ មិថុនា ឆ្នាំ២០១៩ លោក សម រង្ស៊ី បានសរសេរលើហ្វេសប៊ុកថា សម្ដេច ហ៊ុន សែន ជាអ្នកសម្លាប់លោក ហុក ឡង់ឌី តាមរយៈការដាក់គ្រាប់បែកឲ្យផ្ទុះក្នុងឧទ្ធម្ភាគចក្រ (Helicopter) នៅពេលដែលកំពុងតែហោះហើរលើខេត្តស្វាយរៀង កាលពីថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០០៨។ លោក សម រង្ស៊ី ថែមទាំងអះអាងថា សម្ដេច ហ៊ុន សែន បានសម្រេចចិត្តសម្លាប់លោក ហុក ឡង់ឌី ដោយសារតែអតីតស្នងការនគរបាលជាតិរូបនេះ បានដឹងរឿងអាក្រក់របស់សម្ដេច ហ៊ុន សែន ច្រើនពេក។ ជាពិសេសកាលណោះលោក ហុក ឡង់ឌី ត្រៀមលាតត្រដាងអំពីបញ្ជា ដែលគាត់បានទទួលពីសម្ដេច ហ៊ុន សែន ឲ្យសម្លាប់លោក ជា វិជ្ជា អតីតមេដឹកនាំសហជីពដ៏ខ្លាំងក្លាមួយរូប កាលពីឆ្នាំ ២០០៤ជាដើម៕
អត្ថបទទាក់ទង
 
 

Tag:
 ហ៊ុន សែន​
  សម រង្ស៊ី​
  បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com