Barcelona, Juventus, Chelsea និង Sevilla ទទួលបានកៅអីឡើងទៅកាន់វគ្គ១/៨ផ្តាច់ព្រ័ត្រ ពានរង្វាន់ UEFA Champions league ដោយស្វ័យប្រវត្តិ ក្រោយរកបានពិន្ទុនាំមុខដាច់ក្នុងពូល បើទោះការប្រកួតនៅសល់ពីរលើកទៀត។
Barcelona ទទួលបាន១២ពិន្ទុពេញពីការប្រកួត៤លើកក្នុងពូល G បន្ទាប់ពីឈ្នះ Dynamo Kyiv ៤-០ នៅរាត្រីថ្ងៃទី២៤ ខែវិច្ឆិកា។ ៤គ្រាប់របស់ក្រុមរហស្សនាមអ្នកមានបុណ្យសម្រេចបានដោយខ្សែប្រយុទ្ធ Martin Braithwaite ២គ្រាប់ Sergino Dest និង Antoine Griezmann ម្នាក់មួយគ្រាប់។
ដោយសារក្នុងមួយពូលតម្រូវឲ្យមានតែពីរក្រុមទៅវគ្គបន្ត ដូច្នេះក្រុមលោក Ronald Koeman ដែលមានពិន្ទុនាំមុខដាច់ក្នុងពូលទទួលបានកៅអីដោយស្វ័ប្រវត្តិ។ ក្នុងពូល G នេះដែរ Juventus ក៏មានពិន្ទុគ្រប់គ្រាន់ដើម្បីចាប់ដៃជាមួយ Barca ទៅកាន់វគ្គ១៦ក្រុមចុងក្រោយផងដែរ។
ក្រុមសេះបង្កង់ទទួលបានចំណាត់ថ្នាក់ទី២ ពូល G ដោយរកបាន៩ពិន្ទុ ក្រោយឈ្នះការប្រកួតលើកទី៤លើក្រុម Ferencvaros ក្នុងលទ្ធផល ២-១។ Cristiano Ronaldo និង Alvaro Morata រកបានម្នាក់១គ្រាប់ឲ្យក្រុមយក្សអ៊ីតាលី ឯ Myrto Uzuni ជាអ្នកសម្រេចទីឲ្យក្រុមរបស់ហុងគ្រី។
Dynamo Kyiv និង Ferencvaros ដែលមិនអាចឈានទៅវគ្គបន្ត ប៉ុន្តែពួកគេនៅសល់ឱកាសប្រជែងយកលេខ៣ដើម្បីទទួលបានកៅអីលេង Europa League បន្តទៀត សម្រាប់ការប្រកួត២លើកដែលនៅសល់។ ក្រុមទាំងពីររកបាន១ពិន្ទុដូចគ្នាពីការប្រកួត៤លើក។
ដោយឡែកក្នុងពូល E ឯណោះវិញ ក៏រកបានពីរក្រុមទៅកាន់វគ្គ១/៨ផ្តាច់ព្រ័ត្រផងដែរក្រោយឆ្លងកាត់ការប្រកួត៤លើករៀងខ្លួន។ Chelsea និង Sevilla រកបាន១០ពិន្ទុដូចគ្នា ស្របពេល FC Krasnodar និង Rennes ដែលរកបាន១ពិន្ទុម្នាក់នៅសល់ឱកាសដណ្តើមកៅអី Europa Leaue។
Chelsea បានយកឈ្នះ Rennes ២-១ ក្នុងជំនួបលើកទី៤យប់មិញនេះ ខណៈ Sevilla ឈ្នះ FC Krasnodar ២-១ ដូចគ្នា។ ក្រុមរហ្សនាមតោខៀវឈរកំពូលតារាងពូល E ដ្បិតមានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងក្រុមអេស្ប៉ាញ Sevilla។
លទ្ធផលការប្រកួតដទៃទៀតសម្រាប់ពូល H ក្រុម Manchester United ឈ្នះ Istanbul Basaksehir ៤-១ ឯ Paris Saint-Germain ឈ្នះ RasenBallsport Leipzig ១-០។ Man Utd ឈរលេខ១មាន៩ពិន្ទុ តាមពីក្រោយដោយ PSG មាន៦ពិន្ទុ ស្មើ Leipzig ដែលនៅលេខ៣ Basaksehir នៅបាតតារាងមាន៣ពិន្ទុ ពីការប្រកួត៤លើក។
សម្រាប់ពូល F វិញ Borussia Dortmund ឈ្នះ Club Brugge ក្នុងលទ្ធផល ៣-០ ខណៈ Lazio ឈ្នះ Zenit St. Petersburg ៣-១។ ក្រោយការប្រកួត៤លើក Dortmund រកបាន៩ពិន្ទុឈរកំពូលតារាង តាមពីក្រោយដោយ Lazio មាន៨ពិន្ទុ ឯ Club Brugge ឈរលេខ៣មាន៤ពិន្ទុ ហើយ Zenit រកបាន១ពិន្ទុ នៅបាតតារាង៕