COVID-19
អន្តរជាតិ
ចិន​៖ អាជ្ញាធរ​ក្រុង​ធាន​ជីន អះអាងថា មាន​អ្នក​ឆ្លង​កូ​វីដ​-១៩ ពី​ក្បាលជ្រូក​នាំចូល​
25, Nov 2020 , 3:46 pm        
រូបភាព
មន្រ្តីសុខាភិបាលចិន យកសំណាកពីប្រជាជនចិន ដើម្បីតេស្តរកកូរ៉ូណាវីរុស។ រូបភាព៖ Xinhua
មន្រ្តីសុខាភិបាលចិន យកសំណាកពីប្រជាជនចិន ដើម្បីតេស្តរកកូរ៉ូណាវីរុស។ រូបភាព៖ Xinhua
​អាជ្ញាធរ​ក្រុង​ធាន​ជីន (Tianjin) ប្រទេស​ចិន នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា អះអាងថា ករណី​កូ​វីដ​-១៩ ចំនួន​ពីរ​ករណី បាន​ឆ្លង​មកពី​វីរុស​មកពី​ក្បាលជ្រូក​ដែល​នាំចូល​ពី​ទ្វីបអាមេរិក​ខាងជើង​។

 
​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ លោក Zhang Ying មន្ត្រី​នៃ​មជ្ឈមណ្ឌល​ទប់ស្កាត់ និង​គ្រប់គ្រង​ជំងឺឆ្លង​ក្រុង​ធាន​ជីន បាន​អះអាងថា អាជ្ញាធរ​មិន បានធ្វើ​តេស្ត​លើ​ក្បាលជ្រូក​ក្លាសេ​ឡើយ ក្នុងពេល​នាំចូល​ដំបូង​។ ប៉ុន្តែ​នៅពេល​អាជ្ញាធរ​បានធ្វើ​តេស្ត​នៅ​កន្លែង​ជញ្ជូន​ក្បាលជ្រូក​ចេញពី​ឃ្លាំង​ក្លាសេ ក៏បាន​រកឃើញថា មាន​កូ​វីដ​-១៩ ។ ក្បាលជ្រូក​ទាំងនេះ ត្រូវបាន​នាំចូល​ពី​ទ្វីបអាមេរិក​ខាងជើង​។​
 
​សំណាក​មាន​លទ្ធផល​វិជ្ជមាន​នេះ គឺ​ដូចគ្នា​នឹង​សំណាក់​ករណី​ផ្ទុក​កូ​វីដ​-១៩ ចំនួន​ពីរ​ករណី ដែល​បាន​កើតឡើង​នៅក្នុង​ទីក្រុង​ធាន​ជីន​កន្លងមក​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។ 
 
​ថ្មីៗ​នេះ អាជ្ញាធរ​ចិន ប្រកាសថា នឹងធ្វើ​តេស្ត​នៅ​ឃ្លាំង​ក្លាសេ និង​បុគ្គលិក នៅ​កន្លែង​មួយចំនួន បន្ទាប់ពី​មាន​ករណី​ឆ្លង​កើត​ឡើងលើ​បុគ្គលិក​ម្នាក់​ធ្វើការ​នៅក្នុង​ឃ្លាំង​ក្លាសេ​សាច់ជ្រូក​ដែល​នាំចូល​មកពី​អាល្លឺម៉ង់​។ ទាក់ទិន​នឹង​បញ្ហា​នេះ អាជ្ញាធរ​ចិន​នៅតែ​អះអាងថា ខ្លួន​នៅតែ​បន្ត​រកឃើញ​កូ​រ៉ូ​ណាវី​រុស​នៅក្នុង​សាច់​នាំចូល និង​កញ្ចប់​ទំនិញ​។ 
 
​គិត​មក​ត្រឹម​ថ្ងៃនេះ ចិន មាន​ករណី​ឆ្លង​កូ​វីដ​-១៩ សរុប​ចំនួន ៨៦៤៦៩​ករណី និង​អ្នក​ស្លាប់មាន​ចំនួន ៤៦៣៤​នាក់​។ ចំណែក​អ្នកជា​សះស្បើយ​មាន​ចំនួន ៨១៥៣០​ករណី​៕ 

Tag:
 ចិន​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com