ជាតិ
សង្គមជាតិ
ប្រទេសកាតាផ្តល់ថវិកាជាង១៣លានដុល្លារសម្រាប់ពង្រឹងវិស័យអប់រំនៅកម្ពុជា កុមារា និងកុមារីនៅខេត្តមណ្ឌលគីរី កំពុងតែធ្វើដំណើរទៅសាលារៀនដើម្បីសិក្សា រូបភាពពីសហការី កញ្ញា ញឹក ស្រីល័ក្ខ
× ភ្នំពេញ៖ រាជរដ្ឋាភិបាលកាតាបានផ្តល់ថវិកាជាង១៣លានដុល្លារឲ្យមកក្រសួងអប់រំ យុវជន និងកីឡា សម្រាប់គាំទ្រដល់កុមារ ដែលងាយបោះបង់ចោលការសិក្សា ដើម្បីឲ្យពួកគេអាចបន្តការរៀនសូត្រពេញមួយជីវិត។ ជំនួយថវិកានេះត្រូវបានលើកឡើងដោយអគ្គនាយកមូលនិធិសម្រាប់ការអភិវឌ្ឍនៃ ប្រទេសកាតាលោក Khalifa Bin Jassim AL-Kuwari នៅក្នុងកិច្ចប្រជុំតាមវីដេអូConference ចំពោះមុខលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗតាមតេឡេក្រាមថា ក្រសួងអប់រំ នឹងយកថវិកានេះទៅពង្រឹងវិស័យអប់រំ ដោយយកចិត្តទុកដាក់លើកុមារដែលនៅក្រៅសាលា និងងាយបោះបង់ការសិក្សា ឬមិនអាចបញ្ចប់ការសិក្សានៅកម្រិតបឋមសិក្សា ។ បើតាមលោក សុវាចា ថវិកានេះនឹងអនុវត្តស្របតាមគោលដៅអភិវឌ្ឍប្រកបដោយចរីភាព២០៣០ ដោយមិនទុកនរណាម្នាក់ចោលឡើយ។
«គោលបំណងនៃគម្រោងគឺបន្តជួយកុមារងាយបោះបង់ការសិក្សា ចូលរួមធានា ឱ្យបាននូវការអប់រំប្រកបដោយសមធម៌ គ្រប់ជ្រុងជ្រោយ ហើយចូលរួមលើកកម្ពស់ឱកាសការសិក្សារៀនសូត្រ ពេញមួយជីវិតសម្រាប់មនុស្សគ្រប់រូប»។ នេះជាការលើកឡើងរបស់លោក រស់ សុវាចា។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ បានលើកឡើងថា ថវិកាទាំងនោះនឹងរួមចំណែកសម្រាប់អនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ២០១៩-២០២៣ និងយុទ្ធសាស្ត្រកំណែទម្រង់ការគ្រប់គ្រងអប់រំ យុវជន និងកីឡាផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com