ជាតិ
នាយករដ្ឋមន្ត្រី ហ៊ុន សែន៖ មានមេធាវី និងNGOខ្លះ ញុះញង់ពលរដ្ឋឲ្យធ្វើបាតុកម្ម
× ភ្នំពេញ៖ សម្ដេច ហ៊ុន សែន អះអាងថា ពលរដ្ឋដែលនាំគ្នាបាតុកម្មកន្លងមក ដោយសារមានក្រុមមេធាវី និងអង្គការក្រៅរដ្ឋាភិបាលខ្លះ ដើរញុះញង់ឲ្យពួកគេឡើងតវ៉ា។ នាយករដ្ឋមន្ត្រី ថ្លែងបែបនេះ នៅក្នុងពិធីសំណេះសំណាលជាមួយក្រុមមេធាវីរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៥ វិច្ឆិកានេះ។
សម្ដេច ហ៊ុន សែន អះអាងថា ខ្លួនមិនសប្បាយចិត្តឡើយ នៅពេលដែលសង្គមស៊ីវិល និងមេធាវី ធ្វើសកម្មភាពញុះញង់ពលរដ្ឋឲ្យដើរតវ៉ាបែបនេះ។ ប្រមុខរដ្ឋាភិបាល ដែលបានដឹងព័ត៌មាននេះ បាននិយាយថា សម្ដេចលើកទឹកចិត្តឲ្យសង្គមស៊ីវិល និងមេធាវី ផ្ដល់ជំនួយផ្លូវច្បាប់ និងការពារក្តីជូនពលរដ្ឋក្រីក្រ ប៉ុន្តែមិនលើកទឹកចិត្តឲ្យដើររុញពលរដ្ឋធ្វើបាតុកម្មឡើយ។
ថ្លែងចំពោះមុខមេធាវីរដ្ឋាភិបាល នាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយដូច្នេះថា៖«មានអង្គការមួយចំនួន និងមេធាវីខ្លះ ក៏ឆ្លៀតឱកាសរុញឲ្យបាតុកម្មផ្ទុះឡើយ មិនមែនយើងជារដ្ឋាភិបាលមិនដឹងរឿងនោះទេ»។
បើតាមសម្ដេច ហ៊ុន សែន មានករណីបាតុកម្មតវ៉ារបស់ពលរដ្ឋនៅខេត្តព្រះសីហនុ កោះកុង និងក្រចេះជាដើម សុទ្ធតែកើតចេញពីការញុះញង់។ ដូច្នេះសម្ដេច ក៏ស្នើឲ្យក្រុមអង្គការ និងមេធាវីទាំងនោះ បញ្ឈប់សកម្មភាពខ្លួននេះដែរ៕
Tag:
ហ៊ុន សែន
NGO
បាតុកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com