FIFA៖ កាតា នឹងធ្វើ​ម្ចាស់ផ្ទះ​ពាន​ថ្មី Arab Cup ស្រដៀង World Cup នៅ​ឆ្នាំ​២០២១
កីឡាអន្តរជាតិ
អន្តរជាតិ
FIFA៖ កាតា នឹងធ្វើ​ម្ចាស់ផ្ទះ​ពាន​ថ្មី Arab Cup ស្រដៀង World Cup នៅ​ឆ្នាំ​២០២១
25, Nov 2020 , 11:29 pm        
រូបភាព
​កាតា​នឹង​រៀបចំ​ការប្រកួត​ពានរ​ង្វាន់ Arab Cup ក្នុង​ក្របខណ្ឌ​ប្រទេស​អារ៉ាប់ នៅ​ខែធ្នូ ឆ្នាំ ២០២១ ដែល​នឹងមាន​ក្រុម​ចំនួន ២២ មកពី​ជុំវិញ​តំបន់​ចូលរួម​។ បើតាម​ការបញ្ជា​ក់រប​ស់​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) ព្រឹត្តិការណ៍​ថ្មី​នេះ មានការ​រៀបចំ​ស្រដៀង​នឹង​ការប្រកួត​បាល់ទាត់ World Cup​។​



​ស្ថាប័ន​គ្រប់គ្រង​កីឡាបាល់ទាត់​ពិភពលោក​បានប្រកាស​នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា​ថា ប្រទេស និង​តំបន់​ដែល​ចូលរួម​ប្រជែង​ពាន Arab Cup ទាំង​២២​មានដូចជា អាល់​ហ្សេ​រី បា​រ៉ែ​ន កូ​ម័​រ ជី​ប៊ូ​ទី អេ​ហ្ស៊ី​ប អ៊ីរ៉ាក់ ហ្សកដានី កូ​វែ​ត លី​បង់ លី​ប៊ី ម៉ូ​រីតា​នី ម៉ា​រ៉ុ​ក អូ​ម៉​ង់ ប៉ា​ឡេ​ស្ទី​ន កាតា អេ​មី​រ៉ា​ត​អារ៉ាប់​រួម អា​រ៉ា​ប៊ី​សា​អូឌីត សូ​ម៉ាលី ស៊ូដង់ ស៊ី​រី ទុយ​នី​ស៊ី និង​យេ​ម៉ែន​។​
 
​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក Gianni Infantino ប្រធាន FIFA បានលើកឡើង​នៅក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​កីឡដ្ឋាន Lusail ដែលជា​កីឡដ្ឋាន​មួយ​ក្នុងចំណោម​កីឡដ្ឋាន​ទាំង​៨​របស់​កាតា​សម្រាប់​ត្រៀម​ការប្រកួត World Cup ឆ្នាំ​២០២២ ថា តាមរយៈ​ព្រឹត្តិការណ៍ Arab Cup នឹង​ទាក់ទាញ​ពី​ទស្ស​និ​កា​ជន​លើសពី ៤៥០ លាន​នាក់​មកពី​ទូទាំង​តំបន់​នេះ​មិន​ខាន​។​
 
​កាលពី​ចន្លោះ​ឆ្នាំ​១៩៦៣ និង​២០១២ ប្រទេស​ក្នុង​តំបន់​អារ៉ាប់​ធ្លាប់មាន​ការប្រកួត​ពាន Arab Nations Cup ម្តង​រួចមកហើយ ជាមួយនឹង​ការប្រកួត​ដែលមាន​ចំនួន​៩​ប្រទេស​ចូលរួម​។ ប៉ុន្តែ​ដោយសារ​ការដឹកនាំ​ស្ថិតនៅក្នុង​ស្ថាន​ភាពមិន​ទៀងទាត់ ការប្រកួតប្រជែង​ក៏​លែង​ដំណើរការ​។​
 
​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កាតា (QFA) លោក Sheikh Hamad Bin Khalifa Bin Ahmed Al Thani អះអាងថា Arab Cup នឹង​ក្លាយជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ និង​ជាការ​សាកល្បង​ចុងក្រោយ​សម្រាប់​ការរៀបចំ ដែលមាន​រយៈពេល​តែមួយ​ឆ្នាំ មុន​កាតា​ដឹកនាំ​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​ពិភពលោក​ជា​លើកដំបូង​នៅ​ឆ្នាំ ២០២២៕

Tag:
 FIFA
  Arab Cup
  World Cup កាតា
© រក្សាសិទ្ធិដោយ thmeythmey.com