ជាតិ
ព្រំដែន
វៀតណាម រើសំណង់ទាំងអស់ ចេញពីតំបន់មិនទាន់ឯកភាពក្នុងខេត្តកណ្តាលវិញហើយ
25, Nov 2020 , 7:39 pm        
រូបភាព
សកម្មភាពយោធាវៀតណាម រុះរើសំណង់ចេញពីតំបន់មិនទាន់ឯកភាពក្នុងខេត្តកណ្តាល នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ (រូបពីគណនីហ្វេសប៊ុកឈ្មោះ ប្រន សំ បូរ)
សកម្មភាពយោធាវៀតណាម រុះរើសំណង់ចេញពីតំបន់មិនទាន់ឯកភាពក្នុងខេត្តកណ្តាល នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ (រូបពីគណនីហ្វេសប៊ុកឈ្មោះ ប្រន សំ បូរ)
ក្រោយនាយករដ្ឋមន្រ្តីកម្ពុជានិងនាយករដ្ឋមន្រ្តីវៀតណាម ជជែកគ្នាពីយប់ ព្រឹកឡើង យោធាវៀតណាម ក៏ចាប់ផ្តើមរុះរើសំណង់ចេញវិញទាំងអស់ ដែលសង់លើតំបន់មិនទាន់ឯកភាព តាមបណ្តោយព្រំដែនក្នុងខេត្តកណ្តាល។



ទីបំផុត យោធាវៀតណាម បានរុះរើសំណង់ទាំងអស់ ចេញពីតំបន់មិនទាន់ឯកភាព នៅតាមបណ្តោយព្រំដែនខេត្តកណ្តាលវិញហើយ។ នេះបើតាមការអះអាងរបស់លោក គង់ សុភ័ណ្ឌ អភិបាលខេត្តកណ្តាល ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ។

លោក គង់ សុភ័ណ្ឌ លើកឡើងថា យោធាវៀតណាម ចំណាយពេលពីព្រឹករហូតដល់ល្ងាច នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្នុងការរុះរើសំណង់ទាំងអស់នោះ។ លោក បញ្ជាក់ថា៖«មកទល់នឹងម៉ោងនេះ ភាគីវៀតណាម បាននាំរុះរើ [សំណង់] ទាំងអស់នោះ អស់ទាំងស្រុងហើយ»។

លោក បន្តថា យោធាវៀតណាម រុះរើសំណង់ទាំងនោះ ដោយរីករាយ តាមការសន្យាកន្លងមក។ លោក បន្ថែមថា ក្នុងចំណោមសំណង់ទាំង២៦ទីតាំងនោះ ខ្លះទាប ខ្លះខ្ពស់ ដែលធ្វើពីឈើ និងដំបូល ប្រក់ស័ង្កសី។

លោកអភិបាលខេត្ត ចាត់ទុកការរុះរើសំណង់ពីសំណាក់ភាគីវៀតណាម ថាជាក្តីរីករាយរបស់រដ្ឋាភិបាល ស្ថាប័នពាក់ព័ន្ធ និង ប្រជាជនកម្ពុជាទាំងមូល ជាពិសេសប្រជាជនរស់នៅក្នុងខេត្តកណ្តាល ដែលជាប់ព្រំដែនវៀតណាម។ លោក ថ្លែងថា៖«សូមឲ្យបងប្អូនយើង ទទួលស្គាល់ចំពោះអ្វី ដែលយើងខិតខំប្រឹងប្រែងទាំងអស់គ្នា ក្នុងការតវ៉ា ក្នុងការចុះពិនិត្យមើល ក្នុងការទប់ស្កាត់ ក្នុងការឆ្កឹះឆ្កៀលថា រើឲ្យបានឆាប់ទៅ ជាដើម។ ឥឡូវ គាត់ សប្បាយចិត្តទាំងអស់គ្នា ដោយសារតែបានលទ្ធផលវិជ្ជមានតែម្តង»។

អ្នកស្រី កុយ ពិសី អនុប្រធានគណៈកម្មាធិការកិច្ចការព្រំដែន មិនទាន់ទទួលបានរបាយការណ៍ផ្លូវការពីការរុះរើសំណង់របស់វៀតណាមទេ។ ប៉ុន្តែ អ្នកស្រី ក៏បង្ហាញក្តីត្រេកអរដែរ  ក្រោយឃើញព័ត៌មានចុះផ្សាយពីការរុះរើសំណង់របស់វៀតណាម។

អ្នកស្រី មានប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗថា៖«ការរុះរើ [សំណង់] ចេញ ជាការត្រឹមត្រូវបំផុតហើយ ព្រោះតំបន់មួយចំនួន ដែលយើងមិនទាន់ឯកភាពក្នុងការធ្វើខណ្ឌសីមានិងការបោះបង្គោល ភាគីទាំង២ បានឯកភាពគ្នាថា នឹងមិនធ្វើអីឲ្យមានការផ្លាស់ប្តូរបរិស្ថាននៅតំបន់នោះទេ...»។

បើតាមអ្នកស្រី កុយ ពិសី នៅខេត្តផ្សេងទៀតរបស់កម្ពុជា ក៏វៀតណាម បានបោះតង់ដែរ តែមានតិចតួចប៉ុណ្ណោះ។ ម្យ៉ាងទៀត អ្នកស្រី ផ្តល់ព័ត៌មានថា តង់ ដែលវៀតណាម ធ្វើនៅខេត្តផ្សេងក្រៅពីខេត្តកណ្តាល គឺភាគច្រើន ស្ថិតលើតំបន់ឯកភាពគ្នារួចហើយរវាងកម្ពុជានិងវៀតណាម។ អ្នកស្រី និយាយថា មានតែខេត្តកណ្តាលទេ ដែលវៀតណាម ធ្វើសំណង់និងបោះតង់ច្រើនជាងគេ លើតំបន់មិនទាន់ឯកភាព។

មុនដំបូង យោធាវៀតណាម គ្រាន់តែបោះតង់ប៉ុណ្ណោះ នៅតាមជាយខេត្តកណ្តាល ដោយការបោះតង់នោះ គឺចាប់តាំងពីអំឡុងខែមីនា ឆ្នាំ២០២០មក។ ប៉ុន្តែ ឈានចូលដល់ខែសីហា ឆ្នាំ២០២០ យោធាវៀតណាម ក៏រុះរើតង់ទាំងនោះ ហើយបែរជាសាងសង់សំណង់រឹងទៅវិញ។

វៀតណាម បានសន្យាថា ពេលស្ថានភាពជំងឺកូវីដ-១៩ ធូរស្បើយ នឹងរុះរើតង់និងសំណង់ទាំងនោះចេញពីខេត្តកណ្តាល។ វៀតណាម មានហេតុផលថា ការបោះតង់និងការធ្វើសំណង់ទាំងនោះ ហើយដាក់កម្លាំងយោធាចាំការពារ គឺដើម្បីទប់ស្កាត់ការលួចឆ្លងដែនចូលទៅវៀណាម ដោយគ្មានការត្រួតពិនិត្យ ដែលជាហេតុអាចបង្កការរាលដាលនៃជំងឺកូវីដ-១៩។ មុននឹងវៀតណាម រុះរើវិញ តង់និងសំណង់ទាំងនោះ បានស្ថិតលើទឹកដីខេត្តកណ្តាលអស់រយៈពេលប្រមាណ៩ខែ និងឆ្លងកាត់ការទាមទារជាច្រើនលើកពីកម្ពុជា។

ការរុះរើតង់និងសំណង់ទាំងនោះ ធ្វើឡើយក្រោយតែ១ថ្ងៃប៉ុណ្ណោះនៃកិច្ចសន្ទនាគ្នារវាងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក ង្វៀន ស៊ួនហ្វុក នាយករដ្ឋមន្រ្តីវៀតណាម តាមការតភ្ជាប់ប្រព័ន្ធវីដេអូ។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា សរសេរថា ក្នុងកិច្ចសន្ទនាតាមប្រព័ន្ធវីដេអូ នៅយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នាយករដ្ឋមន្រ្តីទាំង២ បានប្តេជ្ញាចិត្តរួមគ្នាជាថ្មី ដើម្បីដោះស្រាយតំបន់មិនទាន់ឯកភាព តាមព្រំដែន ដែលនៅសេសសល់១៦ភាគរយទៀត។ 

តង់និងសំណង់ ដែលវៀតណាមសង់កន្លងមក គឺស្ថិតលើតំបន់មួយចំនួន ក្នុងចំណោមតំបន់មិនទាន់ឯកភាពទាំង១៦ភាគរយនោះឯង។

កម្ពុជានិងវៀតណាម បានធ្វើខណ្ឌសីមានិងបោះបង្គោលតាមព្រំដែនជាមួយគ្នា បាន៨៤ភាគរយហើយ។ ភាគីទាំង២ បានធ្វើផែនទីថ្មីមួយ ហៅថា ផែនទីលេខាព្រំដែនខ្នាត ១/២៥ ០០០ (១លើ២៥ ០០០) ដែលបង្ហាញពីការកំណត់ខណ្ឌសីមានិងការបោះបង្គោលព្រំដែន៨៤ភាគរយ៕

Tag:
 វៀតណាមរើតង់
© រក្សាសិទ្ធិដោយ thmeythmey.com