ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នករាយការណ៍របស់អង្គការសហប្រជាជាតិ ភ្ញាក់ផ្អើលខ្លាំងចំពោះការបើកសវនាការទ្រង់ទ្រាយធំលើក្រុមប្រឆាំង
26, Nov 2020 , 9:56 am        
រូបភាព
រូបក្នុងរង្វង់មូល គឺអ្នកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្ថិតក្នុងសន្និសីទកាសែត កាលពីខែមីនា ឆ្នាំ២០១៨ (រូបពីការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិប្រចាំកម្ពុជា) និងទិដ្ឋភាពប្រជាពលរដ្ឋ ស្ថិតនៅមុខតុលាការរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ខណៈតុលាការ បើកការជំនុំជម្រះក្តីលើក្រុមមនុស្ស ដែលពាក់ព័ន្ធនឹងអតីតគណបក្សសង្គ្រោះជាតិ (រូបដោយសហការី)
រូបក្នុងរង្វង់មូល គឺអ្នកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្ថិតក្នុងសន្និសីទកាសែត កាលពីខែមីនា ឆ្នាំ២០១៨ (រូបពីការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិប្រចាំកម្ពុជា) និងទិដ្ឋភាពប្រជាពលរដ្ឋ ស្ថិតនៅមុខតុលាការរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ខណៈតុលាការ បើកការជំនុំជម្រះក្តីលើក្រុមមនុស្ស ដែលពាក់ព័ន្ធនឹងអតីតគណបក្សសង្គ្រោះជាតិ (រូបដោយសហការី)
អ្នកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកឃ្លាំមើលបញ្ហាសិទ្ធិមនុស្សប្រចាំកម្ពុជា បង្ហាញការភ្ញាក់ផ្អើលផងនិងបង្ហាញក្តីកង្វល់យ៉ាងខ្លាំងផង អំពីការជំនុំជម្រះក្តីទ្រង់ទ្រាយធំ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ លើក្រុមមនុស្សដែលពាក់ព័ន្ធនឹងអតីតគណបក្សសង្គ្រោះជាតិ។ ក្តីកង្វល់របស់អ្នកស្រី បានបង្ហាញតាមរយៈសេចក្តីប្រកាសព័ត៌មាន ដែលចេញពីទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃទី២៦ ខែវិច្ឆិកាម្សិលមិញ។



អ្នកស្រី រ៉ូណា ស្មីត ទទួលបានព័ត៌មានថា យ៉ាងហោចណាស់ មានមនុស្ស១១៣នាក់ ដែលត្រូវបានកោះហៅឲ្យចូលរួមសវនាការ ក្រោមបទរួមគំនិតក្បត់ជាតិ និងបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកានេះ ខណៈមនុស្សជាច្រើននាក់ទៀត ត្រូវកោះហៅឲ្យចូលរួមសវនាការ នៅខែធ្នូ។

សេចក្តីប្រកាសព័ត៌មាន បានសរសេរពីប្រសាសន៍របស់អ្នកស្រីដូច្នេះថា៖«ការជំនុំជម្រះក្តីទ្រង់ទ្រាយធំទៅលើសកម្មជន [អតីត] គណបក្សសង្គ្រោះជាតិ ទំនងជាកើតចេញពីហេតុផលនយោបាយ ខ្វះមូលដ្ឋានច្បាប់ច្បាស់លាស់និងជាការរំលោភសិទ្ធិយ៉ាងធ្ងន់ធ្ងរលើសិទ្ធិនីតិវិធីត្រឹមត្រូវ ដែលបានបង្កើតឡើងយ៉ាងរឹងមាំដោយច្បាប់សិទ្ធិមនុស្សអន្តរជាតិ។ ដំណើរការក្តីរបស់តុលាការ ទំនងជាផ្នែកមួយនៃយុទ្ធសាស្រ្តបំភិតបំភ័យនិងបំបាក់មុខគូប្រជែងរបស់រដ្ឋាភិបាល»។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់់អំណាច បានសរសេរក្នុងបណ្តាញទំនាក់ទំនងតេឡេក្រាមទៅកាន់អ្នកកាសែតថា ស្ថានភាពសិទ្ធិមនុសនៅកម្ពុជា មិនល្អប្រសេីរ  គឺអាស្រ័យតែទៅលើអ្នកនិយាយប៉ុណ្ណោះ។ លោក លើកឡើងថា៖«ចង់ថាល្អ វាល្អ បេីចង់ថាអាក្រក់ វាអាក្រក់។ តែការពិត មានតែមួយទេ»។

តាមរយៈសំណេរក្នុងតេឡេក្រាម អ្នកនាំពាក្យគណបក្សកាន់អំណាច នៅតែសំដៅលើមេដឹកនាំក្រុមប្រឆាំង ថាជាក្រុមឧទ្ទាមក្រៅច្បាប់។ លោក សរសេរក្នុងន័យចំអកថា៖«ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ ទេាះចូល [កម្ពុជា] នៅពេលណាក៏ដោយ គឺខ្ញីពេលនេាះតែម្តង»។ 

ចំណែក ជនណាធ្វើសកម្មភាពបម្រើនយោបាយរបស់ក្រុមឧទ្ទាម ត្រូវលោក ចាត់ទុកថា ខុសច្បាប់។ លោក រម្លឹកថា រដ្ឋធម្មនុញ្ញ ចែងពីសិទ្ធិនយោបាយរបស់ប្រជាពលរដ្ឋ តែពុំបានអនុញ្ញាតឲ្យប្រជាពលរដ្ឋ គាំទ្រក្រុមឧទ្ទាមនិងគណបក្សខុសច្បាប់ទេ។ លោក បញ្ជាក់ថា៖«អ្នកចូលដៃជាមួយក្រុមឧទ្ទាមក្រៅច្បាប់ នឹងគ្មានអនាគតល្អទេ។ មធ្យោបាតែមួយគត់ ដើម្បីជៀសវាងផលវិបាកផ្សេងៗ មានតែកុំធ្វើតាមនិង [កុំ] ធ្វើសកម្មភាពបម្រើនយោបាយក្រុមមឧទ្ទាមក្រៅច្បាប់»។ 

សារព័ត៌មានថ្មីៗ មិនអាចសុំការឆ្លើយតបបន្ថែមពីលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានឡើយ ដោយសារតែលោក មិនលើកទូរស័ព្ទ។  

ក្នុងចំណោមមនុស្សជាង១០០នាក់នោះ ក៏មានថ្នាក់ដឹកនាំជាន់ខ្ពស់នៃអតីតគណបក្សប្រឆាំងផងដែរ ដូចជា លោក សម រង្ស៊ី អ្នកស្រី មួរ សុខហួរ លោក អេង ឆៃអ៊ាង លោក អ៊ុំ សំអាន លោក អ៊ូ ច័ន្ទឫទ្ធិ លោក តុ វ៉ាន់ចាន់ លោក ឡុង រី លោក ហូរ វ៉ាន់ និង លោក ម៉ែន សុថាវរិន្ទ្រ ជាដើម។ ប៉ុន្តែមេដឹកនាំជាន់ខ្ពស់នៃអតីតគណបក្សប្រឆាំងទាំងនោះ គ្មានអ្នកណាម្នាក់ បានទៅចូលរួមសវនាការនៅតុលាការរាជធានីភ្នំពេញឡើង ដ្បិតពួកគេ សុទ្ធតែស្ថិតនៅឯក្រៅប្រទេស។ 

ចំពោះអ្នកនៅក្នុងស្រុក មានមួយចំនួន បានស្ម័គ្រចិត្តទៅចូលរួមសវនាការ។ យ៉ាងណា គេ មិនទាន់ដឹងច្បាស់ឡើយថា អ្នកទៅចូលរួមសវនាការជាក់ស្តែង មានចំនួនប៉ុន្មាននាក់។ ជាមួយគ្នានេះ មានប្រជាពលរដ្ឋមួយចំនួន បានទៅមុខតុលាការរាជធានីភ្នំពេញ នៅព្រឹកថ្ងទី២៦ ខែវិច្ឆិកានេះ ដើម្បីលើកទឹកចិត្តអ្នកដែលស្ម័គ្រចិត្តចូលរួមសវនាការ ហើយក៏ដើម្បីឃ្លាំមើលដំណើរការជំនុំជម្រះដែរ។

អ្នកការពារក្តីឲ្យមនុស្សជាង១០០នាក់នោះ គឺលោកមេធាវី សំ សុគង់។ គណៈមេធាវីកម្ពុជា បានផ្តល់មេធាវី៦នាក់ ដើម្បីឲ្យជួយចូលរួមការពារក្តីឲ្យមនុស្សជាង១០០នាក់នោះ ដោយមិនយកថវិកា។ ប៉ុន្តែអតីតគណបក្សប្រឆាំង បានចេញសេចក្តីប្រកាសព័ត៌មានពីក្រៅប្រទេសមក ដោយបដិសេធមិនទទួលយកមេធាវីទាំងនោះ។ អតីតគណបក្សប្រឆាំង អះអាងថា មានលទ្ធភាពស្វែងរកមេធាវីដោយខ្លួនឯង។

អ្នកស្រី រ៉ូណា ស្មីត សង្កេតឃើញថា លំហប្រជាពលរដ្ឋនិងប្រជាធិបតេយ្យនៅកម្ពុជា បានបន្តធ្លាក់ចុះ ហើយមានសញ្ញាតិចតួច ដែលបង្ហាញពីការបង្រួបបង្រួមនិងការផ្សះផ្សារនយោបាយ។ អ្នកស្រី កត់សម្គាល់ទៀតថា ចាប់តាំងពីខែមិថុនា ឆ្នាំ១០១៩មក មានមនុស្សជាង១៥០នាក់ ដែលពាក់ព័ន្ធជាមួយអតីតគណបក្សប្រឆាំង ត្រូវចាប់ខ្លួន។

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ បានអំពាវនាវឲ្យអាជ្ញាធរកម្ពុជា បើកឲ្យមានលំហប្រជាពលរដ្ឋ លើកស្ទួយសេរីភាពមូលដ្ឋាន សិទ្ធិជួបជុំ សិទ្ធិបញ្ចេញមតិ និង សិទ្ធិទទួលបានការជំនុំជម្រះប្រកបដោយយុត្តិធម៌សម្រាប់មនុស្សគ្រប់រូប ដែលត្រូវបានធានាដោយបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិនិងច្បាប់កម្ពុជា៕

Tag:
 រ៉ូណា ស្មីត
© រក្សាសិទ្ធិដោយ thmeythmey.com