កីឡាអន្តរជាតិ
អន្តរជាតិ
Pele រំលែក​ទុក្ខ Maradona៖ «​ខ្ញុំ​សង្ឃឹមថា យើង​នឹង​លេង​បាល់ទាត់​ជាមួយគ្នា​នៅ​ឋានសួគ៌​»
26, Nov 2020 , 10:26 am        
រូបភាព
​វីរបុរស​អា​ហ្ស​ង់​ទីន Diego Maradona បានទទួល​មរណភាព​នៅ​អាយុ​៦០​ឆ្នាំ ដោយសារ​គាំងបេះដូង​នៅ​យប់​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០​។ ស្តេច​បាល់ទាត់​ប្រ​ស៊ី​ល Pele បាន​ចូលរួម​រំលែក​ទុក្ខ ដោយ​ប្រើពាក្យ​មួយ​ឃ្លា​ចុងក្រោយ​ចំពោះ​ការបាត់បង់​មិត្ត​ដ៏​អស្ចារ្យ​របស់ខ្លួន​ថា «​ខ្ញុំ​សង្ឃឹមថា​ថ្ងៃមួយ​យើង​នឹង​លេង​បាល់ទាត់​ជាមួយគ្នា​នៅ​ឋានសួគ៌​»​។​



អត្ថបទទាក់ទង
 
 ​ការស្លាប់​របស់លោក Maradona កើតឡើង​តែ​២០​ថ្ងៃក្រោយ​ប៉ុណ្ណោះ បន្ទាប់ពី​លោក​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ Ipensa ក្នុង​រដ្ឋធានី Buenos Aires ដោយ​ទទួល​ការវះកាត់​ឈាម​ក្នុង​ខួរក្បាល​។ ប៉ុន្តែ​ជា​អកុសល លោក​ត្រូវបាន​ប្រកា​សថាបាន​លាចាក​លោក​ហើយ​ដោយសារ​គាំងបេះដូង​នៅឯ​គេហដ្ឋាន​របស់លោក​។​
   
​ក្រោយ​ទទួលដំណឹង​ដ៏​ក្រៀមក្រំ លោក Pele ដែល​ទើប​ឈានដល់​វ័យ​៨០​ឆ្នាំ​កាលពី​ខែ​មុន​បានបង្ហាញ​ការសោកស្តាយ​យ៉ាងខ្លាំង ដ្បិត​លោក​ត្រូវ​បាត់បង់​តារា​បាត់​ទាត់​លំដាប់​ពិភពលោក​ដែល​លោក​ចាត់ទុកជា​មិត្ត​ដ៏​អស្ចារ្យ​។​
  
 
​វីរបុរស​ប្រេ​ស​ស៊ី​ល​រូបនេះ បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម Twitter ផ្ទាល់​របស់លោក​ដើម្បី​ជាការ​គោរព​ដល់ Maradona ថា​៖«​ខ្ញុំ​បាន​បាត់បង់​មិត្ត​ដ៏​អស្ចារ្យ​ម្នាក់ ហើយ​ពិភពលោក​ក៏បាន​បាត់បង់​កំពូល​កីឡាករ​ម្នាក់​ដែរ​។ ខ្ញុំ​មានរឿង​ជាច្រើន​ដែល​ត្រូវ​និយាយ ប៉ុន្តែ​សម្រាប់​ពេលនេះ​សូម​ព្រះ​ផ្តល់​កម្លាំង​ដល់​សមាជិកគ្រួសារ​រប​ស់គា​ត់ [Maradona]​។ ថ្ងៃ​ណាមួយ ខ្ញុំ​សង្ឃឹមថា​យើង​នឹង​លេង​បាល់ទាត់​ជាមួយគ្នា​នៅ​ឋានសួគ៌​»​។​
 
Pele និង Maradona ត្រូវបាន​គេ​ចាត់ទុកថា​ជា​កីឡាករ​បាល់ទាត់​ឆ្នើម​ក្នុង​ប្រវត្តិសាស្ត្រ ខណៈ​អ្នក​ទាំងពីរ​ក៏មាន​ប្រវត្តិ​ពី​កុមារ​ភាពស្រដៀងគ្នា​ដែរ​។ នៅ​ឆ្នាំ ២០០០ អ្នក​ទាំងពីរ​ក៏ត្រូវ​បាន FIFA តែងតាំង​ជា​សហ​កីឡាករ​ឆ្នើម​ប្រចាំ​ង​សតវត្សរ៍​ទៀតផង​៕

Tag:
 Diego Maradona
  Pele
© រក្សាសិទ្ធិដោយ thmeythmey.com