ជាតិ
​​​ន​យោ​បាយ​ជាតិ​
សំណុំរឿង​មនុស្ស​ជាង​១០០​នាក់​របស់​អតីត​បក្សប្រឆាំង ត្រូវ​បន្ត​សវនាការ នៅ​ដើមឆ្នាំ​២០២១
26, Nov 2020 , 2:36 pm        
រូបភាព
ស្រ្តីឈ្មោះ សេង ធារី ស្ថិតក្នុងចំណោមមនុស្សជាង១០០នាក់ ដែលត្រូវចោទពីបទរួមគំនិតក្បត់ [ជាតិ] និយាយជាមួយអ្នកកាសែតនៅមុខតុលាការរាជធានីភ្នំពេញ មុនចូលសវនាការ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ (រូបពីទំព័រហ្វេសប៊ុក Seng Mengbunrong )
ស្រ្តីឈ្មោះ សេង ធារី ស្ថិតក្នុងចំណោមមនុស្សជាង១០០នាក់ ដែលត្រូវចោទពីបទរួមគំនិតក្បត់ [ជាតិ] និយាយជាមួយអ្នកកាសែតនៅមុខតុលាការរាជធានីភ្នំពេញ មុនចូលសវនាការ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ (រូបពីទំព័រហ្វេសប៊ុក Seng Mengbunrong )
​តុលាការ​រាជធានី​ភ្នំពេញ បាន​បើកសវនាការ​តាម​ការគ្រោងទុក នៅ​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ដើម្បី​ជំនុំ​ជម្រះក្តី​លើ​មនុស្ស​ជាង​១០០​នាក់ ក្រោម​បទ​រួមគំនិត​ក្បត់ [​ជាតិ​] និង បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ដល់​ស​ន្តិ​សុខ​សង្គម​។ ប៉ុន្តែ សវនាការ​ពេញ​មួយ​ព្រឹក​នេះ មិនទាន់​ឈានដល់​ការសម្រេចសេចក្តី​ឡើយ​។



​លោក គុជ គឹម​ឡុង ព្រះរាជអាជ្ញារង​និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ក្រុមប្រឹក្សា​ជំនុំជម្រះ សម្រេច​ច្រ​បាច់​សំណុំរឿង​របស់​មនុស្ស​ជាង​១០០​នាក់​នោះ ជា​២សំណុំរឿង ដោយ​សំណំ​រឿង​ទី​១ នឹងត្រូវ​បន្ត​បើកសវនាការ នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២១ ហើយ​សំណុំរឿង​ទី​២ នឹងត្រូវ​បន្ត​បើកសវនាការ នៅ​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០២១​។ លោក អះអាងថា ក្នុងចំណោម​មនុស្ស​ជាង​១០០​នាក់ ដែល​ត្រូវ​កោះហៅ មាន​៣៤​នាក់ បាន​ចូលរួម​សវនាការ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា​នេះ​។  
 
​មនុស្ស​ជាង​១០០​នាក់​ខាងលើ ត្រូវ​ចោទ​ពីបទ​រួមគំនិត​ក្បត់ [​ជាតិ​] និង​បទ​ញុះញង់ គឺ​ដោយសារតែ​ពួកគេ បង្ហាញ​ការគាំទ្រ​និង​បំផុសបំផុល​បន្ត​ឲ្យ​មានការ​គាំទ្រ​គម្រោង​ធ្វើ​មាតុភូមិ​និវត្ត​របស់លោក សម រង្ស៊ី កាលពី​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ប៉ុន្តែ​លោក សម រង្ស៊ី ពុំ​បានធ្វើ​មាតុភូមិ​និវត្ត​តាម​ការគ្រោងទុក​នាពេល​នោះឡើយ​។ 
 
​លោក សម រង្ស៊ី រួមទាំង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​មួយ​ចំ​នួ​យ​ទៀត​របស់​អតីត​គណបក្សប្រឆាំង ដូចជា អ្នកស្រី មូរ សុខ​ហួរ និង លោក អេង ឆៃអ៊ាង ជាដើម ក៏​ស្ថិត​ក្នុងចំណោម​មនុស្ស​ជាង​១០០​នាក់ ដែល​ត្រូវ​តុលាការ​កោះហៅ កោ​ម​បទ​រួមគំនិត​ក្បត់ [​ជាតិ​] ដែរ​។ ពួកគេ ខក​ខាត មិនបាន​ចូលរួម​សវនាការ​ឡើយ ដ្បិត​មិនអាច​ចូលមក​កម្ពុជា​បាន​។​
 
​លោក សម រង្ស៊ី និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់លោក នៅជាប់​ពីបទ​ចោទ​មួយទៀត គឺ​បទ​ឧបឃាត ដែល​សំដៅ​ដល់​ការរៀបចំ​គម្រោង​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​៕ 
 

Tag:
 CNRP
  សកម្មជន​
  បទ​រួមគំនិត​ក្បត់ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com