ជាតិ
លោក ងិន ឆាយ ពន្យល់​ពី​មូល​ហេតុដែល​តម្លៃ​ស្រូវវស្សា​ធ្លាក់​ថ្លៃ នៅ​ឆ្នាំនេះ​
26, Nov 2020 , 9:29 pm        
រូបភាព
លោក ងិន ឆាយ អគ្គនាយកនៃនាយកដ្ឋានកសិកម្មនាសន្និសីទសារព័ត៌មាននៅថ្ងៃទី ២៦ វិច្ឆិកា ២០២០
លោក ងិន ឆាយ អគ្គនាយកនៃនាយកដ្ឋានកសិកម្មនាសន្និសីទសារព័ត៌មាននៅថ្ងៃទី ២៦ វិច្ឆិកា ២០២០
ដោយ:
មាន​កត្តា​សំខាន់ៗ ៥​យ៉ាង​ដែល​ធ្វើ​ឲ្យ​តម្លៃ​ស្រូវវស្សា​ក្នុង​ឆ្នាំ​២០២០​នេះ ធ្លាក់ចុះ​តម្លៃ​។ ក្នុងនោះ​មាន​កត្តា​ផ្គត់ផ្គង់ កត្តា​តម្រូវការ កត្តា​ទីផ្សារ កត្តា​អាកាសធាតុ និង​កត្តា​គុណភាព​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក ងិន ឆាយ អគ្គនាយក​នៃ​នាយកដ្ឋាន​កសិកម្ម នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​«​កិច្ច​អន្ដរាគមន៍ ឆ្លើយតប​នឹង​ការស្ដារ​ឡើងវិញ​បន្ទាប់ពី​គ្រោះមហន្ដរាយ​ទឹកជំនន់ ក្នុង​ផលិតកម្ម​កសិកម្ម​» នៅ​ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

 
​លោក ងិន ឆាយ បាន​ពន្យល់ថា​៖«​ធម្មតា​ពេល​ប្រមូល​ផល​តម្លៃ​ស្រូវ​មានការ​ធ្លាក់ចុះ​បន្តិច​ជា​រៀងរាល់ឆ្នាំ​។ រីឯ​ចំពោះ​អាកាសធាតុ ដោយសារ​មាន​ទឹកជំនន់​ស្រូវ​មួយចំនួន​បាន​លិច​ទឹក និង​មិនមាន​លទ្ធភាព​បញ្ចេញ​ទឹក ទើប​ធ្វើ​ឲ្យ​ស្រូវ​ខូចគុណភាព​។ គួបផ្សំ​ឆ្នាំនេះ​មានការ​ខ្វះខាត​នូវ​ម៉ាស៊ីន​ច្រូតស្រូវ ទើប​ស្រូវ​ក្នុង​ស្រែ​ទុំ​ជ្រុល ដូច្នេះ​គុណភាព និង​តម្លៃ​ក៏​ធ្លាក់ចុះ​តាម​ហ្នឹង​ដែរ​»​។ 
 
​សម្រាប់​តម្លៃ​ស្រូវ​ទូទៅ ស្រូវ​លេខ​មួយ​មានតម្លៃ ១ ០០០​រៀល​ទៅ ១០២០​រៀល ហើយ​បើ​ស្រូវ​ដែល​ធ្លាក់​គុណភាព​មានតម្លៃ ៨០០​រៀល​ទៅ ៩០០​រៀល​ក្នុង​មួយ​គីឡូ ទៅតាម​តំបន់​នីមួយៗ​។ នេះ​បើតាម​លោក ងិន ឆាយ​។​
 
​លោក​ក៏បាន​ស្នើ​ដល់​រោង​ម៉ាស៊ីនកិនស្រូវ​ទាំងអស់​ជួយ​ទិញស្រូវ​ពី​កសិករ ដែល​បាន​ប្រមូល​ផល​អំឡុង វិបត្តិ​គ្រោះមហន្តរាយ​នេះ​។ «​ទឹកជំនន់​ធ្វើ​ឲ្យ​គុណភាព​ស្រូវ​ធ្លាក់ចុះ ហើយ​តម្លៃ​ក៏​ធ្លាក់​ថ្លៃ​ពិសេស​ស្រូវ​ផ្ការំដួល តែ​វា​មិនសូវ​ចម្លែក​ទេ​ដែល​ដល់​រដូវ​ប្រមូល​ផល​ស្រូវ​តម្លៃ​ស្រូវ​ធ្លាក់ចុះ​។ ប៉ុន្តែ​អំឡុង​ពេលនេះ រោង​ម៉ាស៊ីន​គួរ​ជួយ​ទិញស្រូវ​ពី​កសិករ​ទៅតាម​លទ្ធភាព និង​មិនគួរ​ទំលាក់​ថ្លៃ​ស្រូវ​ពេក​នោះទេ​»​។ លោក​អគ្គនាយកដ្ឋាន​ក​សិ​កម្ម​បានលើកឡើង​បែបនេះ​។​
 
​ក្នុង​ឆ្នាំ​២០២០​នេះ កម្ពុជា​បាន​ជួប​គ្រោះធម្មជាតិ​ចំនួន​ពីរលើក បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណាំ​ស្រូវ​ប្រមាណ​ជាង ៣១៤​ពាន់​ហិកតា​។ ដោយ​គ្រោះរាំងស្ងួត បាន​ប៉ះពាល់​ដំណាំ​ស្រូវ​ចំនួន ១៣៥​ពាន់​ហិកតា និង​គ្រោះទឹកជំនន់​បាន​ប៉ះពាល់​ស្រូវ​ប្រមាណ ៣០៤​ពាន់​ហិកតា​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក ងិន ឆាយ 
 
​លោក ងិន ឆាយ បាន​បញ្ជាក់ថា នៅ​ដើមរដូវ​វស្សា​កម្ពុជា​បាន​ជួប​មហន្តរាយ​គ្រោះរាំងស្ងួត បាន​ប៉ះពាល់​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ស្រូវ​ប្រមាណ ១៣៥​ពាន់​ហិកតា ធ្វើ​ឲ្យ​ខូចខាត​ដំណាំ​ស្រូវ​ចំនួន ១៤​ពាន់​ហិកតា និង​បាន​ស្ដារឡើងវិញ​ក្នុង​បរិមាណ ៦​ពាន់​ហិកតា​។ ដោយឡែក​នៅ​ចុងរដូវ​វស្សា គ្រោះមហន្តរាយ​ទឹកជំនន់​ក៏​កើតមាន និង​មាន​ទ្រង់ទ្រាយ​ធំ​ជា​គ្រោះមហន្តរាយ​លើកទីមួយ​។ គ្រោះ​ទឹក​ជំ​ន់​បានធ្វើ​ឲ្យ​ប៉ះពាល់​ដំណាំ​ស្រូវវស្សា​ជាង ៣០៤​ពាន់​ហិកតា បានធ្វើ​ឲ្យ​ខូច​ខាង​ដំណាំ​ស្រូវ​ប្រមាណ​ជាង ១២៥​ពាន់​ហិកតា និង​បាន​ស្ដារឡើងវិញ​ប្រមាណ​ជិត ២០​ពាន់​ហិកតា គិត​ត្រឹម​ថ្ងៃទី ២៦ ខែវិច្ឆិកា​។ នេះ​ជាការ​បញ្ជាក់​របស់លោក ងិន ឆាយ​៕

Tag:
 កសិកម្ម​
 ​ស្រូវ​
 ​ជំនន់​
 ​រាំងស្ងួត
© រក្សាសិទ្ធិដោយ thmeythmey.com