អន្តរជាតិ
កូរ៉េខាងត្បូង​និង​ចិន ប្តេជ្ញា​សហការ​ជាមួយគ្នា​បន្ថែមទៀត​លើ​បញ្ហា​កូរ៉េខាងជើង និង​កូ​វីដ​-១៩
26, Nov 2020 , 9:59 pm        
រូបភាព
លោកវ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន (ខាងឆ្វេង) ជាមួយសមភាគីកូរ៉េខាងត្បូង លោកស្រី Kang Kyung-wha នាទីក្រុងសេអ៊ូល នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។ រូបភាព៖ EPA-EFE
លោកវ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន (ខាងឆ្វេង) ជាមួយសមភាគីកូរ៉េខាងត្បូង លោកស្រី Kang Kyung-wha នាទីក្រុងសេអ៊ូល នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។ រូបភាព៖ EPA-EFE
​ប្រមុខ​ការទូត​កូរ៉េខាងត្បូង លោកស្រី កាង ឃ្យុ​ង​វ៉ា និង​សម​ភាគី​ចិន លោក វ៉ាង យី នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា បាន​សន្យា​សហការ​ជាមួយគ្នា​បន្ថែមទៀត ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី ដើម្បី​ដោះស្រាយ​បញ្ហា​កូរ៉េខាងជើង និង​បញ្ហា​សកល​ដូចជា កូ​វីដ​-១៩ ជាដើម​។

 
​ប្រមុខ​ការទូត​ចិន លោក​វ៉ាង យី បាន​ទៅដល់​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា បន្ទាប់ពី​ចាកចេញ​ពី​ជប៉ុន​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក​វ៉ាង និង​សម​ភាគី​កូរ៉េខាងត្បូង លោកស្រី កាង ឃ្យុ​ង​វ៉ា បាន​ជជែក​គ្នា​លើ​បញ្ហា​ជាច្រើន ក្នុងនោះ​មានដូចជា​បញ្ហា​តំបន់ កូ​វីដ​-១៩ សេដ្ឋកិច្ច និង​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​។ 
 
​លោក វ៉ាង បាន​អះអាងថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក បង្ហាញ​ពី​សារៈសំខាន់​នៃ​ទំនាក់ទំនង​ទ្វេភាគី ក៏ដូចជា​សហប្រតិបត្តិ​ការ​រវាង​ប្រទេស​ទាំងពីរ ដែល​អាច​ចាត់ទុក​បានជា «​ដៃគូ​យុទ្ធសាស្ត្រ​» ក្នុងការ​ការពារ​ស្ថិរភាព និង​សន្តិភាព​នៅក្នុង​តំបន់​។ «​វិបត្តិ​កូ​វីដ​-១៩ មិនអាច​យកឈ្នះ​លើ​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​បានទេ​»​។ លោក​វ៉ាង បាន​បន្ត​បែបនេះ ដោយ​ពន្យល់​ទៀតថា ទំនាក់ទំនង​ទ្វេភាគី​កូរ៉េខាងត្បូង និង​ចិន អាច​យកឈ្នះ​លើ​កូ​វីដ​-១៩ ហើយ​បង្ហាញ​ពី​កម្លាំង និង​ថាមពល​បន្ថែមទៀត​។ 
 
​ជាការ​ឆ្លើយតប​នឹង​ប្រមុខ​ការទូត​ចិន លោកស្រី កាង បាន​សម្តែង​សេចក្តី​អរគុណ​ចំពោះ​ដំណើរ​ទស្សនកិច្ច ក្នុង​វិបត្តិ​កូ​វីដ​-១៩ ហើយ សង្ឃឹមថា ការផ្តោះប្តូរ​គំនិត ឬ​យោបល់​រវាង​ប្រទេស​ទាំងពីរ នឹង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត ជាពិសេស​បញ្ហា​កូរ៉េខាងជើង​, ជំងឺ​រាតត្បាត​សកល និង​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ជាដើម​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ 
 
​ក្នុងជំនួប​ដដែល​នេះ លោកស្រី​ប្រមុខ​ការទូត​កូរ៉េខាងត្បូង បាន​បន្តទៀតថា កូរ៉េខាងត្បូង ក៏​កំពុង​រកមើល​កិច្ចចរចា​បន្ថែម​ទៀតផង​ដែរ ដើម្បី​ធ្វើ​ឲ្យ​ឧបទ្វីប​កូរ៉េ​មាន​ស្ថិរភាព និង​អាច​កសាង​សន្តិភាព​បាន​រៀងរហូត​។ 
 
​ក្រៅពី​បញ្ហា​ខាងលើ ជំនួប​រវាង​រដ្ឋមន្ត្រី​ការបរទេស​ចិន និង​កូរ៉េខាងត្បូង​នេះ ក៏មាន​របៀបវារៈ​ស្តីពី​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ភីង ទៅ​កូរ៉េខាងត្បូង​ផងដែរ ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​ត្រីភាគី កូរ៉េខាងត្បូង ចិន និង​ជប៉ុន មុន​ដំណាច់ឆ្នាំ​២០២០​។ យ៉ាងណាមិញ លោក វ៉ាង បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថា ប្រធានាធិបតី​ចិន អាចធ្វើ​ទស្សនកិច្ច​ទៅ​កូរ៉េខាងត្បូង​បាន ទាល់តែ​ស្ថានភាព​កូ​វីដ​-១៩ ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​រដ្ឋាភិបាល​ទីក្រុង​សេ​អ៊ូ​ល​។ 
 
​សូមបញ្ជាក់ថា បន្ទាប់ពី​ជំនួប​ជាមួយ​ប្រមុខ​ការទូត​កូរ៉េខាងត្បូង លោក វ៉ាង ត្រូវមាន​ជំនួប​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូ​ន ចេ​អ៊ី​ន បន្តទៀត ដើម្បី​ជជែក​ឲ្យ​បាន​ស៊ីជម្រៅ​លើ​បញ្ហា​មួយចំនួន​៕

Tag:
 កូរ៉េខាងត្បូង​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com