អន្តរជាតិ
អូស្ត្រាលី បញ្ចប់ការងារទាហានយ៉ាងតិច១០នាក់ដែលពាក់ព័ន្ធឧក្រិដ្ឋនកម្មនៅអាហ្វហ្កានីស្ថាន ទាហានអូស្ត្រាលី។ រូបភាព៖ ក្រសួងការពារជាតិអូស្ត្រាលី
× ក្រសួងការពារជាតិអូស្ត្រាលី នៅថ្ងៃទី២៦ វិច្ឆិកានេះ បានចេញបញ្ជាបណ្តេញចេញពីការងារទៅកងកម្លាំងពិសេសយ៉ាងហោចណាស់១០នាក់ ដែលជាប់ពាក់ព័ន្ធសំណុំរឿងក្នុងរបាយការណ៍ស្តីពីការសម្លាប់មនុស្សដោយខុសច្បាប់នៅអាហ្វហ្កានីស្ថាន។
របាយការណ៍ស៊ើបអង្កេតរបស់ក្រសួងការពារជាតិអូស្ត្រាលីថ្ងៃទី១៩ ខែវិច្ឆិកា បង្ហាញថា ទ័ពពិសេសអូស្ត្រាលី១៩នាក់ជាប់សង្ស័យពាក់ព័ន្ធក្នុងការសង្ស័យសម្លាប់មនុស្សដោយខុសច្បាប់ចំនួន៣៩នាក់ដែលក្នុងនោះរួមមានជនស៊ីវិល និងអ្នកទោសនៅអាហ្វហ្គានីស្ថាន។ របាយការណ៍ខាងលើនេះចំណាយពេល៤ឆ្នាំក្នុងការស៊ើបអង្កេត។
«ក្រសួងការពារជាតិ អាចបញ្ជាក់ថា ខ្លួនបានចាប់ផ្តើមកិច្ចការរដ្ឋបាល ទល់នឹងកងកម្លាំងអូស្ត្រាលី ដោយអនុលោមតាមច្បាប់ និងគោលនយោបាយការពារជាតិ»។ នេះជាការថ្លែងរបស់អ្នកនាំពាក្យក្រសួងការពារជាតិទៅកាន់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអូស្ត្រាលី ABC ។
ទាហានប្រមាណ១០រូបខាងលើនេះ មិនស្ថិតក្នុងចំណោមទាហាន១៩រូបឡើយ តែជាអ្នកជួយ ឬជាសាក្សីនៅពេលហេតុការណ៍កើតឡើង។ ក្រសួងការពារជាតិបន្ថែមថា ទាហានដែលកំពុងប្រឈមនឹងការបណ្តេញចេញនេះ មកពីកងពលធំទី២ ដែលត្រូវបានរំសាយ។ ទាហានជាច្រើនរូបទៀត នឹងទទួលការព្រមានជាផ្លូវការ ខណៈអគ្គមេបញ្ជាការកងទ័ពអូស្ត្រាលី ឧត្តមសេនីយ៍ Angus Campbell ក៏ធ្លាប់បានលើកឡើងពីការដកហូតមេដាយពីទាហានដែលជាប់ពាក់ព័ន្ធក្នុងហេតុការណ៍នេះផងដែរ។
យោងតាមគោលការណ៍ឯកជនភាព ទាហានដែលទទួលបានបញ្ជាបណ្តេញចេញនោះ នឹងមិនត្រូវបង្ហាញអត្តសញ្ញាណឡើយ។ ក្រសួងការពារជាតិអូស្ត្រាលី អះអាងថា ទាហានដែលទទួលបានបញ្ជាខាងលើ មានរយៈពេល១៤ថ្ងៃក្នុងការឆ្លើយតប។ ក្រសួងការពារជាតិ សង្កត់ធ្ងន់ថា ខ្លួននឹងតាមដាននីតិវិធីរដ្ឋបាល និងតុលាការឲ្យបានហ្មត់ចត់។
ជាសរុប កងកម្លាំងពិសេសសអូស្ត្រាលីចំនួន២៥នាក់ជាប់សង្ស័យក្នុងហេតុការណ៍ចំនួន២៣ ដែលនាំឲ្យអាប់អោនដល់កងទ័ព និងអូស្ត្រាលី ហើយក៏អាចជាអំពើខុសច្បាប់មនុស្សធម៌អន្តរជាតិដែរ។ ការសង្ស័យនោះរួមមាន ការបង្ខំឲ្យទាហានថ្មីបាញ់សម្លាប់អ្នកទោសដែលជាផ្នែកមួយនៃការហ្វឹកហាត់ ការសម្លាប់កុមារ ការឆែកឆេរផ្ទះសម្បែង និងការសម្លាប់អ្នកទោសដែលគ្មានកន្លែងអង្គុយលើឧទ្ធម្ភាគចក្រ។
ប្រមុខកងទ័ពអូស្ត្រាលីអះអាង ទាហានចំនួន១៩ ក្នុងចំណោម២៥នាក់ នឹងត្រូវបញ្ជូនទៅកាត់ទោសដោយរាជអាជ្ញាពិសេស។ ក្រោយអំពើភេរវកម្មថ្ងៃទី១១ កញ្ញា ឆ្នាំ២០០១ អូស្ត្រាលីបានបញ្ជូនកងទ័ព២ម៉ឺន៦ពាន់នាក់ទៅអាហ្វហ្កានីស្ថាន ដើម្បីចូលរួមជាមួយក្រុមសម្ព័ន្ធមិត្តប្រឆាំងនឹងក្រុមភេរវកម្មតាលីបង់ និងអាល់កៃដា៕
Tag:
អូស្ត្រាលី
អាហ្វហ្កានីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com