COVID-19
អន្តរជាតិ
ថៃ ទទួលភ្ញៀវ​ទេស​ចរប​រទេស​ជាង​១​ពាន់​នាក់​ក្នុង​ខែតុលា ក្រោយ​បន្ធូរ​វិធានការ​កូ​វីដ​-១៩
26, Nov 2020 , 10:59 pm        
រូបភាព
ប្រភព៖ AFP
ប្រភព៖ AFP
ដោយ:
​ប្រទេស​ថៃ ទទួលភ្ញៀវ​ទេស​ចរប​រទេស​១២០១​នាក់​ក្នុង​ខែតុលា ដែលជា​ចំនួន​ច្រើន​គួរសម ចាប់តាំងពី​ដាក់​បម្រាម​ជើងហោះហើរ​ទ​ប់​ស្កាត់​ការឆ្លង​រាលដាល​កូ​វីដ​-១៩​ក្នុង​ខែមេសា​មក​។ ការ​ងើប​ឡើងវិញ​នេះ គឺ​ក្រោយ​ប្រទេស​នេះ​ចាប់ផ្ដើម​បើកទទួល​ជា​បណ្តើរៗ​ភ្ញៀវទេសចរ​បរទេស​មួយចំនួន ដើម្បី​ជួយ​ស្រោចស្រង់​សេដ្ឋកិច្ច​របស់ខ្លួន​ដែល​ពឹងផ្អែក​មួយផ្នែកធំ​លើ​វិស័យ​ទេសចរណ៍​។ 

 
​សេដ្ឋកិច្ច​ថៃ ដែល​ធំ​លំដាប់ថ្នាក់​លេខ​២​នៅ​តំបន់​អាស៊ីអាគ្នេយ៍ បាន​ធ្លាក់ចុះ ៦,៤​ភាគរយ​ក្នុង​ត្រីមាស​ទី បើ​ធៀប​នឹង​ឆ្នាំមុន ក្រោយ​ត្រីមាស​ទី​២​ធ្លាក់ចុះ​រហូតដល់ ១២,២​ភាគរយ​។ សន្ទុះ​ឡើងវិញ​នៃ​សេដ្ឋកិច្ច​ថៃ​ក្នុង​ត្រីមាស​ទី​៣ គឺ​បណ្ដាលមកពី​ការ​រឹតត្បិត​កូ​វីដ​-១៩ ត្រូវបាន​បន្ធូរបន្ថយ​។ យ៉ាងណាមិញ អវត្តមាន​របស់​ភ្ញៀវទេសចរ នៅតែ​បង្អាក់​ល្បឿន​នៃ​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​។ 
 
​ភ្ញៀវទេសចរ​បរទេស​ទាំង ១២០១ នាក់ ក្នុង​ខែតុលា​នេះ គឺជា​ចំនួន​តិចតួច​ប៉ុណ្ណោះ បើ​ធៀប​នឹង​ខែ​ដូចគ្នា​កាលពី​ឆ្នាំ​២០១៩ ដែលមាន​រហូតដល់ ៣,០៧​លាន​នាក់​។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ទិន្នន័យ​របស់​ក្រសួងទេសចរណ៍​ថៃ បង្ហាញថា អ្នកទេសចរ​បរទេស​ទាំងនេះ គឹ​មានដូចជា ៤៧១​នាក់​មកពី​ចិន​, ២៣១​នាក់ មកពី​ប្រទេសជិតខាង​កម្ពុជា​, ១៧៨​មកពី​បណ្ដា​ប្រទេស​មជ្ឈិមបូព៌ា និង​១១៦​នាក់​មកពី​អឺរ៉ុប​។ អ្នក​ទាំងអស់នេះ ធ្វើដំណើរ​ដោយ​ប្រើប្រាស់​ទិដ្ឋាការ​ពិសេស ៩០​ថ្ងៃ ដែល​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​២​សប្ដាហ៍​។ 
 
 
​រដ្ឋាភិបាល​ថៃ ក៏​គ្រោង​បើក​កិច្ចពិភាក្សា​ឡើងវិញ​ជាមួយ​ចិន​ជុំវិញ​ការបើក​ជើងហោះហើរ​ជាថ្មី ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ដែល​រដ្ឋាភិបាល​ព្យាករ​ថា​នឹង​ធ្លាក់ចុះ​៦​ភាគរយ​ក្នុងឆ្នាំនេះ​។ តែ​កិច្ចចរចា​លើក​មុន​មិនសូវមាន​ផ្លែផ្កា ហើយ​ត្រូវ​បោះបង់ចោល​ក្នុង​ខែសីហា ក្រោយ​ករណី​ឆ្លង​ក្នុង​តំបន់​អាស៊ី​បន្ត​ហក់​ឡើង​។ 
 
 
​តាមពិតទៅ ការ​រឹតត្បិត​លើ​ការចូល​ទៅកាន់​ប្រទេស​ថៃ បាន​ជួយ​ឲ្យ​ប្រទេស​នេះ​ទប់ស្កាត់​ករណី​ឆ្លង​កូ​វីដ​-១៩​ក្រោម ៤០០០​ករណី​។  គិត​ត្រឹម​ថ្ងៃទី​២៦ ខែវិច្ឆិកា មនុស្ស​៣៧៨៨​នាក់ ជាសះស្បើយ ខណៈ​៦០​នាក់​ស្លាប់​។ 
 
​យ៉ាងណាមិញ ពី​ខែមករា​ដល់​ខែតុលា ឆ្នាំ​២០២០ ចំនួន​ភ្ញៀវទេសចរ​បរទេស​ក្នុងប្រទេស​ថៃ ធ្លាក់ចុះ​ពី​៧៩,៥​ភាគរយ មក​ត្រឹម ៦,៦៩​លាន​នាក់ ក្នុងនោះ​ពី​ខែមេសា​ដល់ក​ញ្ញា ថៃ​គ្មាន​ទទួលភ្ញៀវ​ទេសចរ​បរ​ទេស​សូម្បីតែ​ម្នា​ក់សោះ​។ 
 
​ទីភ្នាក់ងារ​រៀបចំ​ផែនការ​រដ្ឋ​របស់​ថៃ បាន​ព្យាករ​ចំនួន​ទេសចរ​បរទេស ៦,៧​លាន​នាក់​ក្នុងឆ្នាំនេះ​។ កាលពី​ឆ្នាំ​២០១៩ ថៃ​ទទួលភ្ញៀវ​ទេសចរ​បរ​ទេស​រហូតដល់ ៣៩,៩​លាន​នាក់ ដែល​ចាយលុយ​ជាង​៦៣​ពាន់​លាន​ដុល្លារ ឬ​ស្មើ ១១,៣​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP)៕ 
 
 

Tag:
 ថៃ​
  កូ​វីដ​-១៩
  ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com